យុទ្ធនាការ​ជិះ​កង់​នយោបាយ នៅ​កោះកុង បង្ហាញតាម​ទម្រង់ មាន់​មិន​រងាវ មេឃនៅតែ​ភ្លឺ​!

171
ចែករម្លែក

​កាលពី​ថ្ងៃទី​៣ មិថុនា ២០២០ អាជ្ញាធរ​ខេត្តកោះកុង បាន​ហាមឃាត់​សកម្មជន​មួយក្រុម មាន​គ្នា ១៧​នាក់ ដឹកនាំ​ដោយ​លោក រ៉ុង ឈុន មិន​ឲ្យ​ជិះ​កង់​។ ក្រុម​នេះ មានបំណង​ជិះ​កង់​ពី​ខេត្តកោះកុង មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិនៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​បំណង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល សង្គ្រោះ​កោះកុង​ក្រៅ ដោយ​ដាក់​ជា​តំបន់ការពារធម្មជាតិ​។​

​ការឃាត់ខ្លួន​ក្រុម​អ្នកជិះ​កង់ នៅ​អធិការដ្ឋាន​នគរបាលស្រុក​កោះកុង​នេះ ត្រូវបាន​អាជ្ញាធរខេត្តកោះកុង បញ្ជាក់ថា មិនមែន​ជាការ​បំបិទ​សិទ្ធិ រំលោភសិទ្ធិ បុគ្គល​នោះទេ គឺ​ដើម្បី​ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និងដើម្បី​ចូលរួម​ការពារ​ការឆ្លង​រាលដាល និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ។​

​រីឯ​ក្រសួងបរិស្ថាន បានចាត់ទុក​សកម្មភាព របស់​ក្រុម​អ្នកជិះ​កង់​នេះ ជាការ​ចេញមក​សម្តែងធ្វើជា​អ្នកការពារ​បរិស្ថាន ហើយ​នេះគ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល នយោបាយ​ទុច្ចរិត ដែល​ស្ថិតក្រោម​ការរៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​ក្រសួងបរិស្ថាន បាន​លើកឡើងថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការ​ទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​យកចិត្ត​ទុកដាក់​ខ្ពស់ លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយបាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ បានធ្វើ​ការសិក្សា ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេងៗ ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មក​ម៉្លេះ ដើម្បី ដាក់​តំបន់​នេះ ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះសម្បូរ​ដោយសក្តា​នុ ពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត ដែលត្រូវការពារ និង​អភិរក្ស​។

​នៅក្នុង​គម្រោង​ផែនការ ក្រសួងបរិស្ថាន រំពឹងថា នឹង​អាច​ប្រកាស​តំបន់កោះកុង​ក្រៅ​នេះ ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» អំឡុង​ឆ្នាំ​២០២១ ខាងមុខនេះ ក្រោយ​ការបញ្ចប់​ការសិក្សា​រួចរាល់​។​

​ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែច្បាស់ ហើយ​ខិតខំ រៀនធ្វើការ​រួមគ្នា ប្រកបដោយ​ភាពស្មោះត្រង់ ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក រ៉ុង ឈុន ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ​ដ៏​ស្មោះស្ម័គ្រ គ្មាន​ងាករេ​នឹងលោក សម រង្ស៊ី តាមរយៈ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​។ ក្រៅពី​លោក រ៉ុង ឈុន នៅក្នុង​ក្រុម​អ្នកជិះ​កង់​នយោបាយនៅ​ខេត្តកោះកុង​នោះ ក៏មាន​យុវជន ជា​សកម្មជន​អតីតអង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ បាន​លុបឈ្មោះ​ចេញពី​បញ្ជី​អង្គការ មិនមែន​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ជាការ​ពិត ការស្រឡាញ់​បរិស្ថាន និង​ការការពារ​បរិស្ថាន ធនធានធម្មជាតិ គឺជា​កាតព្វកិច្ច​របស់ប្រជាពលរដ្ឋ​យើង​គ្រប់រូប ពិសេស​ក្រសួង​ស្ថាប័ន​សា​មីនិង អាជ្ញាធរ​ដែនដី ដែល​ត្រូវ​ដើរតួសំខាន់ ក្នុង​កិច្ចការពារ​សម្បត្តិ​ធម្មជាតិ​នេះ​។​

​ក៏ប៉ុន្តែ​សូម​ឲ្យ​បំណង​ការពារ​បរិស្ថាន​នេះ គួរតែ​ធ្វើឡើងដោយ​ភាព​ស្មោះត្រង់ ជាមួយ​អាជ្ញាធរពាក់ព័ន្ធ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ​។ មិនមែន​បង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម ដើម្បី​កេងចំណេញ​នយោបាយ​នោះទេ​។​

​គេ​នៅ​ចាំបាន​ថា អំឡុង​ឆ្នាំ ២០១៣-២០១៧ ក្រុម​សកម្មជន​បរិស្ថាន​រប​ស់ អង្គការ​មាតា​ធម្មជាតិ ដឹកនាំ​ដោយ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ Alejandro GonZalez Davidson ហៅ អា​ឡិច បានធ្វើសកម្មភាពនៅក្នុង​ខេត្តកោះកុង ពិសេស​នៅ តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង​។​

​ក៏ប៉ុន្តែ​ដោយសារតែ​សកម្មភាព​របស់​ក្រុម​អង្គការ​នេះ ហាក់ដូចជា​មិន​ត្រឹមតែ​បុព្វហេតុ ការពារ​បរិស្ថាន​ប៉ុណ្ណោះ​នោះទេ តែ​ពួកគេ​បាន​បង្ក​ការរារាំង និង​រំខានដល់​ការអភិវឌ្ឍ ដូចជា​ការ​បូម​ខ្សាច់​សមុទ្រ ជាដើម​នោះ ក៏​នាំ​ឲ្យ​រាជរដ្ឋាភិបាល សម្រេច​បណ្តេញ​បុរស​អេ​ស្ប៉ា​ញ អា​ឡិច ដែល​ចេះ​និយាយ​ខ្មែរ​យ៉ាង​ស្ទាត់ ចេញពី​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ និង​ដាក់ក្នុង​បញ្ជីខ្មៅ ហាមឃាត់​មិន​ឲ្យ​ចូលមក​កម្ពុជា​។​

​ដូច្នេះ​បើសិនជា​យុវជន​មួយក្រុម​តូច និង​លោក រ៉ុង ឈុន ពិតជា​មាន​បេះដូង​ស្រឡាញ់​បរិស្ថាន ធនធានធម្មជាតិ ពិតប្រាកដ​មែន គួរតែ​ពួកគេ ស្វែងរក​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រសួងបរិស្ថាន ដូច​ករណី​លោក បេន ដា​វីត​សុន និង​ក្រុមគ្រួសារ ដែល​បានធ្វើសកម្មភាព​ការពារ​ធនធានធម្មជាតិ និង​ព្រៃឈើ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ​។ លោក បេន មិន​ត្រឹមតែ​ទទួលបាន​នូវ​ការគាំទ្រ​ផ្នែក​ច្បាប់ និង​ស្មារតីពី​រាជ​រដ្ឋា​ភិបាល ក្រសួងបរិស្ថាន​ប៉ុណ្ណោះ តែ​ក្រសួងបរិស្ថាន ក៏បានផ្តល់​ថវិកា និង​សម្ភារដល់​កិច្ចប្រឹងប្រែង​ការពារ​ធនធានធម្មជាតិ​ទាំងនោះ ថែម​ទៀតផង​។

​សហគមន៍​ការពារ​បរិស្ថាន​មួយចំនួន​ផ្សេងទៀត ដូចជានៅ​តំបន់​ព្រៃ​ឡង់ ក៏​ក្រសួង បរិស្ថាន ផ្តល់​កិច្ចសហការ និង​ជួយឧបត្ថម្ភ​គាំទ្រ ដើម្បី​បុព្វហេតុ​ការពារបរិស្ថាន ព្រៃឈើ សត្វព្រៃ និង​ធនធានធម្មជាតិ​នេះ​ផងដែរ​។ ប៉ុន្តែ​សំខាន់បំផុត សហគមន៍​ការពារ​បរិស្ថាន និង​ធនធាន ធម្មជាតិ​ទាំងនោះ ត្រូវតែ​សហការដោយស្មោះត្រង់ និង​មិនមាន​របៀបវារៈ​នយោបាយនៅ​ពីក្រោយ​ឡើយ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ