ប្រទះឃើញ​ហ្វូ​ស៊ី​ល​ល្មូ​ន​សមុទ្រ​ផុត​ពូជ ichthyosaur ងាប់​ទាំង​កូន​ក្នុង​ផ្ទៃ​កាលពី​រាប់រយ លាន​ឆ្នាំមុន​

139
ចែករម្លែក

សត្វ​ល្មូ​ន​សមុទ្រ​ផុត​ពូជ​មួយ​ក្បាល ដែល​បាន​ងាប់​ទាំង​កូន​នៅក្នុង​ផ្ទៃ​របស់​វា​កាលពី ២៤៦ លាន​ឆ្នាំមុន ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កំណត់ថា​ជា​អម្បូរ​ថ្មី​។
​ ​
​គ្រោងឆ្អឹង​ហ្វូ​ស៊ី​ល​សត្វ​ល្មូ​ន​សមុទ្រ​ផើម​កូន​បី​ក្នុង​ផ្ទៃ ichthyosaur ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ ដាក់ឈ្មោះ​ឱ្យ​ថា ម៉ា​ទីណា (Martina) នេះ​ត្រូវបាន​ប្រទះឃើញ​នៅ​ជើងភ្នំ​តូច​មួយ​ក្នុង​រដ្ឋ​នី​វែ​ដា (Nevada) សហរដ្ឋ​អាម៉េរិក​។

​ម៉ា​ទីណា គឺជា​អម្បូរ​សត្វ​ល្មូ​ន ichthyosaur ដែល​គេ​មិន​ធ្លាប់​រកឃើញ​នៅ​កន្លែង​ផ្សេង ហើយ​ត្រូវ បាន​គេ​ដាក់ឈ្មោះ​វិទ្យាសាស្ត្រ​ថា Cymbospondylus duelferi​។ ដោយមាន​ប្រវែង​ត្រឹមតែ ៣,៦ ម៉ែត្រ វា​តូច​ជា​ល្មូ​ន​សមុទ្រ​ផ្សេងទៀត​ឆ្ងាយ​ណាស់ ដែល​ខ្លះ​អាចមាន​ប្រវែង​រហូតដល់​ទៅ ១៨ ម៉ែត្រ​ឯណោះ​។​

​ថ្វីបើ​វា​មាន​មាឌតូច​ជាងគេ​ឆ្ងាយ​ក្ដី តែ​ធ្មេញ​របស់​វា​ពិត​ជាធំ និង​វែង​ជាង ល្មូ​ន​សមុទ្រ​ដែលមាន ទំហំ​ប្រហែល​នេះ​គួរឱ្យភ្ញាក់ផ្អើល​។ មាន​មាន​ធ្មេញ​ប្រវែង​ប្រហែល ២,៥៤ សង់ទីម៉ែត្រ ល្មូ​ន​ញី​នេះ​អាច​ខាំ​ហែក​ស៊ី​ចំណី​បាន​យ៉ាង​ងាយ​ដូចជា មឹក ឬ​ត្រី​ជាដើម​នៅក្នុង​សមុទ្រ​ដែល ពីមុន​ធ្លាប់​គ្របដណ្ដប់​លើ​តំបន់​ដែលជា​រដ្ឋ​នី​វែ​ដា សព្វថ្ងៃ​។

​លោក​សាស្ត្រាចារ្យ ម៉ា​ទីន ស៊ែ​ន​ដឺ (Martin Sander) ដែល​មកពី​សាកលវិទ្យាល័យ​ក្រុង​បូ​ន (University of Bonn) ប្រទេស​អាល្លឺម៉ង់ និង​ក្រុម​របស់គាត់​បាន​រកឃើញ​ហ្វូ​ស៊ី​ល​នេះ​នៅ ក្នុង​ការធ្វើ​កំណាយ​មួយរយៈ​ពេល​ពីរ​សប្ដាហ៍​នៅ​ជួរ​ភ្នំ Augusta Mountains ចម្ងាយ​ប្រមាណ ២៤១ គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​រ៉េ​ណូ (Reno) នៅ​ខែតុលា ឆ្នាំ​២០១១​។

​ហើយ​ទើបតែ​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​លោក​អាច​កំណត់​អម្បូរ​របស់​វា​បាន ហើយ ថា​វា​ពិតជា​អស្ចារ្យ​ណាស់​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ