ស្ថិតិ​, ស្ថាបនិក​, ស្ថាពរ​, ស្ថិរ​, ករណី​, កម្សាន្ត​, កសិណ​, កល្យាណ​, កករ​, ខ្ជីខ្ជា​, ខ្ជះខ្ជាយ

152
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ស្ថិតិ ( ន​. ) (​ឋិតិ​) ការ​ឋិត​នៅ​, ទីតាំង​; ទីតាំង​នៃ​ចិត្ត​, ការរស់នៅ​, ជីវិត​; សភាព​; សេចក្ដី​ឋិតថេរ​; ច្បាប់​; សណ្ដាប់​, ទំនៀម​, ទម្លាប់​; ចំនួន​ដែល​កត់ត្រា​, បញ្ជី ។ ស្ថិតិកាល ដូចគ្នា​នឹង ឋិតិកាល ។ ស្ថិតិភាព ដូចគ្នា​នឹង ឋិតិភាព ។ ស្ថិតិភេទ ការ​ល្មើសច្បាប់ ។ ស្ថិតិលេខកៈ (–​ខៈកៈ​) អ្នក​សរ សេរ​បញ្ជី​, អ្នក​ចុះបញ្ជី (​បើ​ស្ត្រី​ជា ស្ថិតិលេខិកា​) ។ ស្ថិតិលេខា ការសរសេរ​បញ្ជី​, ការចុះបញ្ជី ។

ស្ថាបនិក​–​ប៉ៈ​– ( ន​. ) (​ឋា​ប​និក​) អ្នកតាក់តែង​, អ្នក​តែងតាំង​; អ្នក​សង់​, អ្នក​សាងសង់​ឬ​អ្នក​ចាត់ ការសាងសង់​; បើ​ស្ត្រី​ជា ស្ថាបនិកា ។

ស្ថាពរ ( គុ​. ) មាំមួន​, មាំទាំ​; ខ្ជាប់ខ្ជួន​; រឹងប៉ឹង​; ឋិតថេរ​, ដែល​ទុកជាបានការ​ស្រេច​ឥត​រើរុះ : របស់​ស្ថាពរ ។​ល​។

ស្ថិរ –​រ៉ៈ ( គុ​. ) (​ថិ​រ​) ដែល​ឋិត​នៅបាន​យូរ​, ឋិតថេរ​, មាំមួន​, មាំទាំ​; ខ្ជាប់​ខ្លួន​; រឹងប៉ឹង ។ ស្ថិរកម្ម ការ​ឋិតថេរ ។ ស្ថិរចិត្ត ចិត្ត​ខ្ជាប់ខ្ជួន​; ចិត្ត​រឹងប៉ឹង ។ ស្ថិរប្រាជ្ញា ប្រាជ្ញា​ខ្ជាប់​ខ្លួន ។ ស្ថិរភាព ភាព​ឋិតថេរ ។​ល​។

ករណី កៈ​រ៉ៈ​– ( ន​. ) រឿង​; ហេតុ​; អំពើ​; ដំណើរ​; ហេតុ ឬ ការណ៍​ដែល​កើតមាន ឡើង : ករណីនេះ​ខ្ញុំ​ត្រូវតែ​ធ្វើ​; កើតមាន​ករណី​ប្លែក​; ចុះ​មាន​ករណី​អ្វី​ហ្នឹង​?

កម្សាន្ត កំ​សាន ( កិ​. ) សម្រាក​ចិត្ត​, ធ្វើ​ឲ្យ​ក្សាន្តចិត្ត​, លំហើយ​ចិត្ត​, ធ្វើ​ចិត្ត​ឲ្យ​ស្រាក ស្រាន្ត​, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផ្សេងៗ : ដើរលេង​កម្សាន្ត​ចិត្ត (​ម​. ព​. ក្សាន្ត​) ។

កសិណ កៈ​-​សិន បា​. ( គុ​. ) “​ទាំងអស់​” ។ ន​. ប្រភេទ​នៃ​សមថកម្មដ្ឋាន ដែល​កំណត់​យក​ព័ណ៌​សម្បុរ​ជា​អារម្មណ៍ ជា​គ្រឿង​ដឹក​មកកាន់​ចិត្ត ។ រូបតាង​ជា​សំអាង : កសិណសាក្សី​, យើង​នឹង​យកពាក្យ​នេះ​ជា​កសិណ​មិន​បានទេ ។

កល្យាណ កល់​-​យ៉ាន បា​. ( គុ​. ) ល្អ​, ដែលមាន​លំអ ។ កល្យាណកម្ម (​កល់​-​យ៉ាណៈ​-​ក័​ម​) ន​. អំពើ​ល្អ​, កុសលកម្ម ។ ព​. ផ្ទ​. លាមកកម្ម ។ កល្យាណការី (​កល់​-​យ៉ា ណៈ​កា​រ៉ី​) ជន​អ្នក​ធ្វើអំពើ​ល្អ​, អ្នកធ្វើការ​កុសល ។ ស្ត្រី​ជា កល្យាណការិនី ។ កល្យាណមិត្ត (​កល់​-​យ៉ាណៈ​មិ​ត​) មិត្ត​ល្អ​, មិត្ត​ត្រឹមត្រូវ​ដែល​បុគ្គល​គួរ​សេពគប់ គួរ​រាប់រក​យកជាគ្នា ។ ព​. ផ្ទ​. បាបមិត្ត ។

កករ ក៏​-​ក ( ន​. ) ផង់​ឬ​កំទេច​ល្អិត ដែល​នៅក្នុង​សភាវៈ​រាវ មានទឹក​, សុរា​, ប្រេង​ជាដើម : កករ​ប្រេង ។ កករ​ចិត្ត ចិត្ត​សៅហ្មង​ហាក់ដូចជា​មានកករ ។ ប្រើ​ដូចជា គុ​. ក៏បាន : ចិត្ត​កករ​ល្អក់ ។

ខ្ជីខ្ជា ( កិ​. វិ​. ) ពាក្យ​សម្រាប់​ចម្រើន​ពាក្យ ធ្វើ​, ពាក្យ​និយាយ​ឲ្យ​វិសេស​ឡើង : ធ្វើ​ខ្ជីខ្ជា​, និយាយ ខ្ជីខ្ជា គឺ​ធ្វើការ ឬ​និយាយ​អ្វី​មិន​ម៉ត់ចត់ ។ ជួនកាល​មានប្រើ​ជា គុណសព្ទ ដែរ ដូច​ពាក្យ​ថា “​អ្នកឯង​នេះ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់​” ។

ខ្ជះខ្ជាយ ( កិ​. វិ​. ) ឥត​សណ្ដាប់ធ្នាប់​, រាត់រាយ​ដូច​គេ​ជះ​ចោល : ចាយវាយ​ប្រាក់កាស​ខ្ជះខ្ជាយ​, ចេះតែ​ស៊ីចាយ​ខ្ជះខ្ជាយ​ឥតបើគិត ។ ម​. ព​. កញ្ជះកញ្ជាយ ផង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ