ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅប្រេស៊ីលហក់ឡើងមកលំដាប់ទី៣លើពិភពលោក

104
ចែករម្លែក

ចំនួនអ្នកស្លាប់នៅប្រេស៊ីលដោយសារកូវីដ១៩បានកើនលើសប្រទេសអ៊ីតាលី ដោយឡើងមកឈរលេខ ៣ នៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ទី៤មិថុនា ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមាន “វ៉ាក់សាំងប្រជាជន” ដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។

តួលេខដ៏ក្រៀមក្រំពីប្រទេសប្រេស៊ីលគូសបញ្ជាក់ពីចំនួនជីវិតមនុស្សដែលវីរុសបានឆក់យកនៅទ្វីបអាម៉េរិកឡាទីនដែលជាចំណុចផ្ទុះថ្មីបំផុតនៃកូវីដ១៩ ខណៈអឺរ៉ុបកំពុងស្វះស្វែងស្តារឡើងវិញពីការជាប់គាំងរួមទាំងវិធានការជំរុញសេដ្ឋកិច្ចថ្មី ៦០០ ពាន់លានអឺរ៉ូ (៦៧៤ ពាន់លានដុល្លារ) ដែលប្រកាសដោយធនាគារកណ្តាលអឺរ៉ុប។

ប៉ុន្តែខាងផ្នែកវេជ្ជសាស្រ្តវិញ ចក្ខុវិស័យនៅតែមិនច្បាស់លាស់។

សូម្បីពេលដែលក្រុមអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកកំពុងប្រណាំងប្រជែងគ្នាអភិវឌ្ឍនិងសាកល្បងវ៉ាក់សាំង ព័ត៌មានថ្មីៗអំពីវីរុស ដែលជួនកាលមានភាពផ្ទុយគ្នាស្រឡះ នៅតែបន្តលេចចេញឡើង។

ក្នុងករណីចុងក្រោយនេះ ទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានដកស្រង់នូវការសិក្សាមួយដែលបានលើកឡើងពីការបារម្ភអំពីសុវត្ថិភាពថ្នាំ Hydroxychloroquine ជាថ្នាំដែលប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ កោតសរសើរនិងចាត់ទុកជាការព្យាបាលសម្រាប់កូវីដ១៩ បន្ទាប់ពីអ្នកនិពន្ធការសិក្សានេះនិយាយថាពួកគេលែងមានទំនុកចិត្តលើទិន្នន័យគោល ដែលបានផ្តល់ឱ្យដោយក្រុមហ៊ុនវិភាគសុខភាពមួយ ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ។

ឯកសារនេះបាននាំឱ្យអង្គការសុខភាពពិភពលោកពន្យារពេលសាកព្យាបាលដោយប្រើថ្នាំនេះ ហើយការដកថយរបស់អង្គការបានបន្ថែមកម្តៅលើការជជែកវែកញែកខាងនយោបាយស្តីពីវិធីដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រេស៊ីលមានអ្នកស្លាប់ជាង ៣៤.០០០ នាក់ និងឆ្លងកូវីដជាង ៦១៥.០០០ នាក់៕ ដោយ៖ កញ្ញាដាលីស

ប្រេស៊ីលកត់ត្រាអ្នកស្លាប់ជាង ៣៤.០០០ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ