យុទ្ធ​នារីបដិវត្តន៍​

194
ចែករម្លែក
នូ ផេង នៅខាងមុខ​ផ្ទះ​របស់គាត់ ស្ថិតនៅក្នុង​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ​: សោម ប៊ុនថន​/​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ នូ ម៉េ​ត​។ ខ្ញុំ​បាន​បែក​ពី​ឪពុកម្តាយ​របស់ខ្ញុំ​តាំងពី​១៩៧៣ នៅពេលដែល​ប្រធានភូមិ​បានមក​ជ្រើសរើស និង​កត់​ឈ្មោះ​ខ្ញុំ​ឲ្យ​ទៅ​រៀន​ខាង​តម្បាញ​ជាមួយ​បដិវត្តន៍​ខ្មែរក្រហម​នៅ​មន្ទីរ​ឈើ​ជ្រុំ ស្ថិតនៅ​ខាងជើង​ផ្ទះ​របស់ខ្ញុំ ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ ខ្ញុំ​មិនបាន​រៀន​ខាង​តម្បាញ​ដូចដែល​មេភូមិ​មក​ប្រាប់​ឡើយ គឺ​ខ្ញុំ​ត្រូវបាន​បញ្ចូល​ទៅខាង​យោធា​វិញ ដោយសារ​ប្រទេស​កំពុងមាន​សង្គ្រាម​។ ខ្ញុំ​មាន​អាយុ​២១​ឆ្នាំ​នៅពេលនោះ​។ ខ្ញុំ​និង​ក្មេងស្រីៗ​ដែលមាន​វ័យ​ស្របាល​គ្នា បាន​ចូល​ហាត់​ក្បួន​យុទ្ធសាស្ត្រ​យោធា នៅ​កងអនុសេនាធំ​៣២០ តំបន់​៣២ ឬ អង្គភាព​នារី​តំបន់​៣២ ដឹកនាំ​ដោយ​យាយ ហាន​។ អង្គភាព​យោធា​នៅពេលនោះ ត្រូវបាន​បែងចែក​ជា​ពីរ​គឺ អង្គភាព​នារី និង​អង្គ​ភាពបុរស ដែល​ត្រូវ​ហ្វឹកហាត់ និង​ស្នាក់នៅ​ដាច់ដោយឡែក​ពីគ្នា​។


​នៅក្នុង​អង្គភាព​របស់ខ្ញុំ​មាន​សមាជិក​នារី​ប្រមាណ​ជាង​១០០​នាក់​។ សមាជិក​នារី​មួយចំនួន​មានឈ្មោះ ម៉េ​ត ដូច​ខ្ញុំ​ដែរ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ប្រធាន​កង​ហៅ​ច្រឡំ​ឈ្មោះ​គ្នា​ទៀត ខ្ញុំ​ក៏បាន​ប្តូរ​ពី​ឈ្មោះ ម៉េ​ត មក​ដាក់ថា ផេង រហូតមក​។ ដំបូង​ខ្ញុំ​មិនទាន់បាន​ឡើងទៅ​វាយ​តទល់​ជាមួយ​កងទ័ព​របស់ លន់ នល់ នៅ​សមរភូមិ​ទេ គឺ​អង្គភាព​យោធា​បញ្ជូន​តែ​យុទ្ធ​នារី​ដែលមាន​វ័យ​ច្រើនជាង​ខ្ញុំ និង​ធ្លាប់​ហ្វឹកហាត់​មុន​ខ្ញុំ​ទៅ​វាយ​នៅ​សមរភូមិ​។ ចំណែក​ខ្ញុំ​គឺ​នៅ​ដាំបាយ​នៅ​សមរភូមិ​ក្រោយ ហើយ​នៅពេល​យប់ ខ្ញុំ​ត្រូវ​រែក​បាយ​ដែល​ដាំ​រួច​យកទៅ​ឲ្យ​យុទ្ធ​នារី​ត្រៀមប្រយុទ្ធ​នៅតាម​លេណដ្ឋាន​នៅ​សមរភូមិ​មុខ ស្ថិតនៅ​ខាងជើង​ខេត្តកំពង់ស្ពឺ​។​នៅ​អំឡុង​ពេលនោះ យុទ្ធ​នារី និង​យុទ្ធជន​របស់​ខ្មែរក្រហម​ត្រូវ​ឡើងទៅ​វាយ​តទល់​ជាមួយ​កងទ័ព​របស់ លន់ នល់​នៅ​សមរភូមិ​ទាំងអស់គ្នា​។ ក្រោយមក​សមរភូមិ​បាន​រំកិល​មកដល់​អ្នកតា​ធំ​ស្ថិតនៅ​ខាងជើង​ទី​រួម​ខេត្តកំពង់ស្ពឺ (​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ច្បារមន​) ប៉ុន្តែ​នៅ​ទីនោះ​ក៏មាន​យោធា​ខ្មែរក្រហម​ស្លាប់​ច្រើន​ដែរ ដូច្នេះហើយ​ខ្មែរក្រហម​ក៏បាន​ហៅ​ទីកន្លែង​នោះ​ថា «​បឹង​យុទ្ធជន​»​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ នៅ​ថ្ងៃទី​១៧ ខែមេសា នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​មក​រៀបចំ និង​បោសសម្អាត​ផ្សារ​នៅក្នុង​ក្រុង​ច្បារមន​។ នៅពេលដែល​ខ្មែរក្រហម​ចាប់ផ្តើម​កសាង​សេដ្ឋកិច្ច​និង​ប្រទេសជាតិ​ឡើងវិញ ខ្ញុំ និង​យុទ្ធ​នារី ព្រមទាំង​យុទ្ធ​មួយចំនួន នៅក្នុង​កងអនុសេនាធំ​៣២០ តំបន់​៣២ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ព្រៃ​បេង និង ចម្ការ​ធំ នៅ «​បឹង​យុទ្ធជន​» វិញ​។


​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៩៧៧ អង្គភាព​យោធា​របស់ខ្ញុំ​ត្រូវបាន​រំសាយ ហើយ​សមាជិក​មួយចំនួន​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅធ្វើ​ការ​នៅតាម​សហករណ៍ ចំណែក​ខ្ញុំ​ត្រូវ​ទៅធ្វើ​ការ​នៅ​មន្ទីរ​នៅ​បាត​ដឹង ឬ ហៅថា​មន្ទីរ​រោងចក្រ​ស្ករស ស្ថិតនៅ​ខាងកើត​ចំណត​រថភ្លើង​។ ដំបូង​ទីតាំង​រោងចក្រ​ស្ករស​នេះ​គឺជា​វាល និង​ព្រៃរបោះ ដូច្នេះ​យើង​ត្រូវ​កាប់ឆ្ការ​សម្អាត និង​សាងសង់​មន្ទីរ​នេះ​ដោយ​ខ្លួនឯង​។ មន្ទីរ​នេះ​មាន​អតីត​យុទ្ធ​នារី​ខ្មែរក្រហម​ប្រមាណ​២៥០​នាក់ និង​យុទ្ធជន​ខ្មែរក្រហម​ប្រមាណ​២៥០​នាក់ មកពី​តំបន់​៣២ នៅ​ធ្វើការ​រួមគ្នា និង​មាន​ប្រធាន​គ្រប់គ្រង​ម្នាក់​ឈ្មោះ ជី​ម គឺជា​មេ​បញ្ជា​យោធា​ខ្មែរក្រហម​។ នៅ​សម័យ​នោះ ខ្មែរក្រហម​ហៅ​កន្លែង​ខ្ញុំ​ធ្វើការ​ថា រោងចក្រ​ស្ករស ប៉ុន្តែ​មិនមែន​យក​ស្ករអំពៅ​មក​ចម្រាញ់​ទេ គឺ​យើង​ប្រមូល​ស្ករត្នោត​ដែល​ប្រជាជន​ធ្វើ​បានមក​ចម្រាញ់​ធ្វើ​ស្ករស​ជំនួស​វិញ​។ មន្ទីរ​របស់ខ្ញុំ​ក៏មាន​អ្នកជំនាញ​ខាង​រោងចក្រ​និង​អ្នកបច្ចេកទេស​ខាង​ផលិត​ស្ករស​នៅ​ធ្វើការ​ដែរ រីឯ​អ្នក​មិនមាន​ជំនាញ​បច្ចេក​គឺ​ជួយ​លើក​ស្ករ​ចាក់​ចូលទៅក្នុង​អាង​រម្ងាស់ និង​ជួយ​ធ្វើការ​នៅតាម​ផ្នែក​ផ្សេងៗ​ទៀត​។


​នៅពេល​ចម្រាញ់​ដំបូង​ស្ករ​ចេញមក​មិនបាន​ល្អ​ឡើយ គឺ​ស្ករ​នោះ​មាន​ពណ៌​ក្រហម​។ មន្ទីរ​របស់ខ្ញុំ​ចម្រាញ់​ស្ករស​បានជា​រៀងរាល់ថ្ងៃ បន្ទាប់មក​យើង​ត្រូវ​ច្រកចូល​បាវ​រក្សាទុក​។ នៅ​រយៈពេល​មួយ​សប្តាហ៍​ម្តង ឡាន​បានមក​ដឹក​ស្ករស​ប្រមាណ ១០ ទៅ ២០ តោន ចេញពី​រោងចក្រ​របស់ខ្ញុំ​យកទៅ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​ឡាន​ដឹក​យកទៅ​ទីណា​ឡើយ​។
​នៅ​ទីនោះ​ខ្ញុំ​ត្រូវធ្វើ​ការងារ​ពី​ពេល​គឺ ពេលព្រឹក ចាប់ផ្តើម​ធ្វើការ​ពី​ម៉ោង ៧ ដល់ ម៉ោង ១១ ចំណែក​ពេល​រសៀល ចាប់ផ្តើម​ធ្វើការ​ពី​ម៉ោង​១ ដល់ ម៉ោង​៤​។ ប៉ុន្តែ​នៅពេលដែល​ខ្មែរក្រហម​ត្រូវការ​ស្ករស​បន្ទាន់ ខ្ញុំ​ត្រូវ​ការងារ​ទាំងយប់​ដោយ​មិន​គិតពី​ពេលវេលា​ឡើយ​។ ចំណែក​របប​អាហារ​នៅ​អង្គភាព​របស់ខ្ញុំ​មាន​ហូប​រាល់ថ្ងៃ ប៉ុន្តែ​ម្ហូប​ដែល​ចុងភៅ​ចម្អិន​ញឹកញាប់​ជាងគេ គឺ​មានតែ​ព្រលិត ដៃ​កំប្លោក ស្លរ​ជាមួយ​កូន​ត្រី​តូចៗ​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​និង​សមាជិក​នៅ​រោងចក្រ​ស្ករស​ទាំងអស់ ត្រូវបាន​បែងចែក​ក្រុម​ដាំ​បន្លែបង្កា​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ដល់​អង្គភាព​បន្ថែមទៀត​។ ទោះបីយ៉ាងណា​រោង​បាយ​របស់​ក្រុម​យុទ្ធ​នារី និង​យុទ្ធជន ត្រូវបាន​បែងចែក​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​។ ចំណែក​ការរស់នៅ​ក៏​យើង​ស្នាក់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដែល​សង់​ជា​ជួរ​នៅក្នុង​បរិវេណ​រោងចក្រ​ស្ករស​។ នៅ​រោងចក្រ​របស់ខ្ញុំ​ពេលនោះ ពុំមាន​កៅស៊ូ​ក្រាល​ហាល​ស្ករស​ឲ្យ​ស្ងួត​បន្ទាប់ពី​ចម្រាញ់​ទេ ដូ​ចេះ្ន​ខ្ញុំ​និង​សមាជិក​កង​ត្រូវបានចាត់តាំង​ឲ្យ​ក្រង​កន្ទេលស្លឹកត្នោត​សម្រាប់​ហាល​ស្ករស​ជំនួស​វិញ​។​ក្រៅពី​ធ្វើការ​នៅ​រោងចក្រ​ស្ករស ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ជួយ​ធ្វើស្រែ​ប្រជាជន នៅពេល​ខាង​សហករណ៍​ខ្វះខាត​កម្លាំង និង​បានស្នើ​មក​ប្រធាន​រោងចក្រ​របស់ខ្ញុំ​។​

ផ្ទះ​របស់ នូ ផេង ស្ថិតនៅក្នុង​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ខ្ញុំ​មិនដែល​បាន​ទៅលេង​ឪពុកម្តាយ​នៅ​ស្រុក​ភ្នំស្រួច​ទេ ចាប់តាំងពី​ពេលដែល​ខ្ញុំ​ចូលធ្វើ​យោធា និង​ធ្វើការ​នៅ​រោងចក្រ​ស្ករស​បាត់ដឹង ព្រោះ​ខ្ញុំ​មិន​ស្គាល់ផ្លូវ​ទៅផ្ទះ​។ រហូតដល់​កងទ័ព​វៀត​ណា​វាយ​ចូលមក​នៅ​ដើមឆ្នាំ​១៩៧៩ សមាជិក​នៅក្នុង​រោងចក្រ​ស្ករស​បាន​រត់​បែកខ្ញែក​គ្នា​។ សមាជិក​ខ្លះ​បាន​រត់​ត្រឡប់​ទៅ​នៅផ្ទះ​វិញ​។ សមាជិក​ខ្លះ​ស្ម័គ្រចិត្ត​ទៅ​នៅ​ជាមួយ​យោធា​។ ចំណែក​ខ្ញុំ​បានសម្រេច​ចិត្ត​នៅ​រោងចក្រ​ស្ករសរ​ដដែល ដែល​ដឹកនាំ​ដោយ ជី​ម​។ ជី​ម បាន​ដឹកនាំ​សមាជិក​ទាំងអស់​ដែល​នៅ​សេសសល់​រត់​ចូលក្នុង​ព្រៃ ដើម្បី​គេចចេញ​ពី​កងទ័ព​វៀតណាម​។​


ខ្ញុំ​មិនបាន​ដឹងថា ជី​ម នាំ​ខ្ញុំ​ទៅ​នៅទីណា​ខ្លះ​ទេ ព្រោះ​ខ្ញុំ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់​។ ខ្ញុំ​នៅចាំ​បាន​ថា ខ្ញុំ​ទៅ​នៅ​ភ្នំ​ពាម និង​ចំណត​រថភ្លើង​ក្រាំង​ស្គារ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ដំបូង​ខ្ញុំ​មាន​អង្ករ​នៅក្នុង​ទៃ​វែងៗ​ដែល​ស្ពាយ និង​ក្រវាត់​ជាប់​នឹង​ខ្លួន​ម្នា​ក់មួយ​ទៃ សម្រាប់​ដាំបាយហូប​។ ប៉ុន្តែ​នៅពេលដែល​យើង​ហូប​អស់​អង្ករ​ទាំងនេះ​អស់ ខ្ញុំ​និង​សមាជិក​កង​បាននាំគ្នា​ទៅ​លួច​ដក​ដំឡូងជ្វា​តាម​ចម្ការ ដែល​ប្រជាជន​ដាំ​នៅក្បែរៗ​ភូមិ​យកមក​ស្ងោរ​ហូប ជាមួយ​ងៀត​គោ​ដែល​នៅ​សេសសល់​។ ថ្ងៃ​ខ្លះ​ពេល​រក​អាហារ​ពុំបាន ខ្ញុំ​ផឹកទឹក​តែប៉ុណ្ណោះ​។


​នៅពេលនោះ​កង​របស់ខ្ញុំ​ក៏មាន​កាំភ្លើង​នៅជាប់​ខ្លួន​ដែរ ប៉ុន្តែ​មិនមាន​គ្រាប់រំសេវ​ច្រើន​ទេ​។​ដូច្នេះ​នៅពេល​យើង​ជួប​កងទ័ព​វៀតណាម​ម្តងៗ​។​យើង​ក៏​បាញ់​២​ទៅ​៣​គ្រាប់​ដើម្បី​ទប់ទល់ បន្ទាប់មក​យើង​បាន​ដក​កម្លាំង​មក​ក្រោយ ចំណែក​កងទ័ព​វៀតណាម​បាន​ឡើងមក​មុខ​បន្តទៀត​។​
​ពេល​ចេញពី​ឃុំ​ក្រាំង​ស្គារ​មក ខ្ញុំ​លែង​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ទៀតហើយ​។ ខ្ញុំ​បាន​ដើរ​ដោយ​ថ្មើរជើង​រហូតដល់​ព្រំដែន​ថៃ​នៅ​ខែមេសា ឆ្នាំ​១៩៨០​។ ខ្ញុំ​បានមក​នៅ​មន្ទីរ​ច​-២ នៅ​ខាងជើង​ច្រក​ថ្មដា ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​នៅ​ខាង​ផ្នែក​ដឹកជញ្ជូន​នៅក្នុង​កងពល​លេខ​៣៦ ដឹកនាំ​ដោយ យាយ​រឿន​។ ពេលនោះ​ខ្ញុំ​បាន​ជញ្ជូន​អង្ករ និង​គ្រាប់​ពី​មន្ទីរ​ច​-១ ទៅ​ផ្តល់​ឲ្យ​យោធា​ខ្មែរក្រហម​នៅ​សមរភូមិ​មុខ នៅ​ស្ទឹង​មេទឹក​។ ផ្នែក​ដឹកជញ្ជូន​ពេលនោះ​មិនមាន​រថយន្ត​ឡើយ គឺ​ខ្ញុំ​ដាក់​អាហារ សម្លៀកបំពាក់ និង គ្រាប់ នៅក្នុង​សម្ពាយ រួច​ស្ពាយ​យកទៅ​ឲ្យ​យោធា​ខ្មែរក្រហម​នៅ​សមរភូមិ​មុខ​។ ដោយសារ​សម្ពាយ​មាន​ទម្ងន់​ធ្ងន់ ដូច្នេះ​ខ្ញុំ​ដើរ​រយៈពេល​មួយ​ម៉ោង​ត្រូវ​ឈប់សម្រាក​ម្តង​។ ប៉ុន្តែ​នៅពេល​សង្កេតឃើញថា​មាន​កងទ័ព​វៀតណាម​ឆ្លងកាត់​កន្លែង​ខ្ញុំ​ដើរ​ញឹកញាប់ គឺ​ខ្ញុំ​ត្រូវ​បន្តដំណើរ​ទៅមុខ​ដោយ​មិន​ហ៊ាន​ឈប់សម្រាក​ឡើយ​។​


ខ្ញុំ​បាន​ដើរ​ជាមួយ​ក្រុម​តូចៗ ហើយ​នៅពេល​ទៅដល់​កន្លែង​ដែលមាន​ទឹក​គឺ​ខ្ញុំ​ត្រូវ​ឈប់​ដាំបាយហូប និង​ងូតទឹក ដោយមាន​ក្រុម​ប្រុសៗ​ដើរល្បាត​ជុំវិញ​ដើម្បី​ការពារ​។ ខ្ញុំ​និង​ក្រុម​ដឹកជញ្ជូន​មិន​ហ៊ាន​និយាយ​គ្នា​ដោយ​សំឡេង​ខ្លាំងៗ និង​ស្រែក​ឡូឡា​ឡើយ ព្រោះ​ខ្លាច​កងទ័ព​វៀតណាម​ស្តាប់ឮ​។​ចំណែក​អាហារ​នៅពេលនោះ​មានតែ​ត្រីខកំប៉ុង​ដែល​ខាង​អង្គភាព​បើក​ឲ្យ​ប៉ុណ្ណោះ​។ ដូច្នេះ​យើង​ត្រូវ​បេះ​បន្លែ​ឬ​ស្លឹកឈើ​ព្រៃ​ដែល​យើង​ស្គាល់​មក​ស្ល​ហូប​បន្ថែមទៀត​។ ក្រៅពី​ដឹកជញ្ជូន​ទៅ​ស្ទឹង​មេទឹក ខ្ញុំ​ត្រូវ​ជញ្ជូន​ស្បៀង​ទៅ​សមរភូមិ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ទៅ​សមរភូមិ​ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ទៀត​។ ខ្ញុំ​ត្រូវ​ចំណាយពេល​មួយខែ​ដើម្បី​ជញ្ជូន​ស្បៀង​ទៅ​សមរភូមិ​នីមួយៗ ទើប​ត្រឡប់មក​អង្គភាព​របស់ខ្ញុំ​នៅ​មន្ទីរ ច​-២ វិញ​។


​នៅ​ឆ្នាំ​១៩៨៨ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ដែលជា​អតីត​យោធា​ខ្មែរក្រហម​នៅ​ខាង​ភូមិភាគ​ពាយ័ព្យ​នៅ​ម្តុំ​កញ្ចែ​ក្នុង​ទឹកដី​ថៃ ស្ថិត​នៅជាប់​ព្រំដែន​ជាមួយ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ បន្ទាប់ពី​រៀបការ​រួច ខ្ញុំ​ក៏​ឈប់​ពី​កង​ដឹកជញ្ជូន រួចហើយ​ទៅ​ស្នាក់នៅ​ជំរំ​ក្នុង​ទឹកដី​ថៃ​។ នៅពេល​មេដឹកនាំ​ខ្មែរក្រហម​ចូលរួម​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ទសវត្សរ៍​៩០ ខ្ញុំ​បាន​ចេញពី​ដី​ថៃ​មក​នៅ​ខាង​អូរ​រំចេក​វិញ​។ ប៉ុន្តែ​ខ្ញុំ​រស់នៅ​អូរ​រំចេក​បាន​រយៈពេល​បួន​ឆ្នាំ​ប៉ុណ្ណោះ ក៏​កងទ័ព​រាជរដ្ឋាភិបាល​កម្ពុជា​វាយ​ចូលមក ហើយ​ខ្ញុំ​ក៏​ភៀសខ្លួនរ​ត់ទៅ​រស់នៅក្នុង​ជំរំ​អូរ​ល្ហុង ឬ​ភាសា​ថៃ​ហៅថា ជំរំ​ខាង​ភ្លូ ក្នុង​ទឹកដី​ថៃ​ម្តងទៀត​។ រយៈពេល​មួយឆ្នាំ​ក្រោយមក​បន្ទាប់ពី​មាន​ការចរចា​ត្រូវរ៉ូវ​គ្នា​រវាង​កម្លាំង​ខ្មែរក្រហម និង​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ក៏បាន​ចេញពី​ដី​ថៃ​មក​រស់នៅ​ឃុំ​ក្រពើ​ពីរ​រហូតមក​។ ពេលមកដល់​ដំបូង កន្លែង​ដែល​ខ្ញុំ​រស់នៅ​ហ៊ុំព័ទ្ធ​ដោយ​ព្រៃឈើ និង​មើលមិនឃើញ​ពន្លឺព្រះអាទិត្យ​ឡើយ​។ ខ្ញុំ​បាន​រាន​ព្រៃ​ដើម្បី​សង់ផ្ទះ​ស្នាក់នៅ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដើរ​ឆ្ងាយ​ពី​ផ្ទះ​ដែរ​ព្រោះ​មាន​ជ្រូកព្រៃ ឈ្លូស និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត​នៅ​ជុំវិញ​ផ្ទះ​។ ក្រោយមក​ខ្ញុំ​បាន​រាន​ព្រៃ​បាន​ដី​ទំហំ​បី​ហិកតា​ដី​ធ្វើស្រែ និង​ចម្ការ​។ ប៉ុន្តែ​មកដល់​សព្វថ្ងៃ​ខ្ញុំ​បាន​ចែក​ដី​មួយចំនួន​ឲ្យ​កូន​របស់ខ្ញុំ​ដាំដំឡូង និង​ពោត​ហើយ​។ ខ្ញុំ​បាន​ទៅលេង​ស្រុកកំណើត​នៅ​ភ្នំស្រួច​បាន​បី​ដង បន្ទាប់ពី​សមាហរណកម្ម ប៉ុន្តែ​ដោយសារ​គ្មាន​ប្រាក់​ខ្ញុំ​ក៏​មិនបាន​ទៅលេង​ស្រុក​ទៀត​។ ចំណែក​បងប្អូន​របស់​ខ្ញុំ​ដែល​រស់នៅ​ស្រុកកំណើត​ក៏​មិនដែល​បាន​មកលេង​ខ្ញុំ​ដែរ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ