កត្តាច្រើនយ៉ាងបង្កឲ្យផលនេសាទតាមបែបធម្មជាតិបន្តធ្លាក់ចុះ

135
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ក្លិនចំហួលដី នៃដំណក់ទឹកភ្លៀងកក់ខែឆ្នាំ២០២០ លាយ​ឡំជាមួយក្លិនលាមកសត្វទា និងក្លិនសាកសពសំបកពសត្វលៀស និងខ្ចៅ នៅតាមមាត់បឹងធំ ដែលបានផ្តល់អត្ថប្រយោជន៍ជាត្រីយ៉ាងច្រើនសម្បើមក្នុងមួយឆ្នាំៗ សម្រាប់ប្រជាពលរដ្ឋ ស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកកងមាស ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីក្រុងកំពង់ចាម។

កំពុងអង្គុយបាចទឹកភ្លៀងចេញពីក្នុងទូកដែលមានបណ្តោយ ៧ ម៉ែត្រ និងទទឹង ជាងកន្លះម៉ែត្រ លោក ម៉ៅ សាន់ នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម បាននិយាយថា «កាលពីយប់មិញ ភ្លៀងធ្លាក់ខ្ញុំក៏បានខកខានមិនបានទៅនេសាទ… នៅតាមចន្លោះឧបករណ៍នេសាទរបាំងព្រួលជាស្បៃមុងជាច្រើនស្អេកស្កះ» ។

បុរសជាអ្នកនេសាទសប្បុរស្រអែមអាយុ ៣៣ ឆ្នាំរូបនេះ និយាយទៀតថា ប្រសិនបើគ្មានបញ្ហាឧបសគ្គរំខានពីអាកាសធាតុភ្លៀងខ្យល់ លោកបានចំណាយពេលចេញទៅនេសាទដោយរាយមងចំនួន ១០ ត្បូង ឬដៃ ដែលមួយត្បូងៗប្រវែងចាប់ពី ២៥ ទៅ ៣០ ម៉ែត្រ និងក្រឡាចាប់ពី ៦,៥០ ទៅ ៧ផឹង ចាប់ពីម៉ោងប្រមាណ ២ រសៀលពេញមួយយប់ ដល់ម៉ោង ៦ភ្លឺ ជាមធ្យមចាប់បានប្រភេទត្រីថ្ពិន និងត្រីស្លាតភាគច្រើនពី បី ទៅ បួន គីឡូក្រាម។ ផ្ទុយកាលពីលោកនៅអាយុ ១៥ ឆ្នាំ គឺឧបករណ៍នេសាទដូចគ្នា និងចំណាយពេលនេសាទស្មើគ្នា ប៉ុន្តែគាត់និយាយថាគាត់អាចចាប់ត្រីពី ១០ ទៅ ២០ គីឡូក្រាម។

អ្នកនេសាទរូបនេះ ត្អូញត្អែរថា ការចាប់ត្រីបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលមានវត្តមានសៃយ៉ឺន ដែលមានរបាំងព្រួលក្រឡាញឹក និងចម្ងាយឆ្ងាយៗ ដែលគាត់ពុំធ្លាប់ជួបប្រទះកាលពីមុនមក។ គាត់និយាយថា នេះជាឧបករណ៍ចាប់ត្រីខុសច្បាប់ដែលលោកបានដឹងតាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរ និងការចុះមកបង្រ្កាបដុតបំផ្លាញចោលពីខាងមន្រ្តីជលផល និងអាជ្ញាធរច្រើនលើកដែរ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ លោកបាននិយាយថា ក្រោយពីការបង្រ្កាបរបស់អាជ្ញាធរមិនយូរប៉ុន្មាន លោកឃើញឧបករណ៍នេសាទខុសច្បាប់នោះត្រូវបានគេយកមកដាក់វិញជាធម្មតា។

ទោះបីជាយ៉ាងណា មិនមែនមានតែលោក ម៉ៅ សាន់ នោះទេ ដែលជួបប្រទះការលំបាកក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួននោះ។ អ្នកនេសាទជាច្រើននាក់នៅខេត្តកំពង់ចាម ក៏ដូចជាអ្នកនេសាទនៅទូទាំងប្រទេសកម្ពុជាក៏រងផលប៉ះពាល់ដោយសារផលត្រីថយចុះ ជាពិសេសដោយសារអ្នកនេសាទមួយចំនួនបានប្រើឧបករណ៍នេសាទខុសច្បាប់នេះឯង។

លោក ហួរ ធូ អ្នកនេសាទរស់នៅភូមិក្តីបឹងម្នាក់ទៀតបានរៀបរាប់ថា ការនេសាទឆ្នាំនេះកាន់តែយាប់យ៉ឺនខ្លាំងជាងកាលពីឆ្នាំមុន ពោលគឺមិនគ្រាន់តែខ្សត់ត្រីទេ ប៉ុន្តែ ត្រីដែលចាប់បានមានទំហំតូចៗទៀតផង។ លោក ហួរ ធូ និយាយថា ទោះបីជាទឹកទន្លេមេគង្គឆ្នាំ២០២០នេះឡើងធំជាងរាល់ឆ្នាំមែនក្តី ទឹកទន្លេនេះបានឡើងហូរចូលតាមព្រែកនានាមកក្នុងបឹងធំនេះពេញបានប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ ហើយវាក៏ស្រក និងហូរចេញទៅក្នុងទន្លេនេះវិញអស់ ខុសពីទឹកទន្លេមេគង្គបណ្តាឆ្នាំកន្លងទៅដែលបានលិចត្រាំក្នុងបឹងមួយនេះ យ៉ាងហោចក៏បានប្រហែល២ខែ ឬក៏ជាងប្រាំបីសប្តាហ៍ដែរ។

បុរសអាយុ ៣០ ឆ្នាំបាននិយាយថា ទឹកទន្លេឡើងលឿន ស្រកលឿនយ៉ាងនេះបានប៉ះពាល់ដល់ជម្រកពងកូន និងការបង្កកំណើតមិនអាចឳ្យធំធាត់របស់កូនត្រីបានឡើយ។ លោក ហួរ ធូ ត្អូញត្អែរថាបញ្ហាត្រីមិនអាចធំធាត់ និងម៉្យាងកំពុងតែខ្សត់ស្រាប់នេះ គឺដោយ​សារតែឧបករណ៍នេសាទល្មើសច្បាប់សៃយ៉ឺន លបស្បៃដែលភ្ជាប់ដោយព្រួលជាក្រឡាញឹកពោល គឺមួយមាត់ៗមានប្រវែងចាប់ពី ៣.០០០ ទៅ ៤.០០០ម៉ែត្រ ស្ទើរកាត់ទទឹងបឹង ឃ្លាតគ្នាប្រហែលចម្ងាយ ១០ ម៉ែត្រមួយនោះ គឺនឹងធ្វើឳ្យគ្រួសាររបស់លោកទំនងមិនអាចចាប់ត្រីមកសងបំណុលជាការប្រាក់មួយខែចំនួន ៣០០ ដុល្លារ ដែលបានខ្ចីគេសម្រាប់ជីកស្រះចិញ្ចឹមត្រីខាងក្រោយផ្ទះ និងទិញឧបករណ៍នេសាទទាំងនេះបានទេ។

លោក ហួរ ធូ បាននិយាយបន្តថា ជាក់ស្តែងចាប់ពីរដូវបើកនេសាទការចាប់ត្រីដោយប្រើប្រាស់ឈ្នាងរុញជញ្ជាត់តាមចន្លោះដៃស្បៃមុង និងសម្រះ គឺបានធ្លាក់ចុះជាងកាលពីឆ្នាំមុន២០១៩ប្រមាណជាង ៥០ភាគរយ មួយយប់បានកូនត្រីលាយ កំពឹសសរុបប្រហែល ១០ គីឡូក្រាម។ ដោយសារផលត្រីធ្លាក់ចុះគ្រួសារលោក ក៏ដូចគ្រួសារអ្នកដទៃជាច្រើនផ្សេងទៀតក្នុងឃុំវិហារធំ បាននាំគ្នាងាកមកប្រើឧបករណ៍ឈ្នាងជញ្ជាត់លៀស និងខ្ចៅ ដើម្បីលក់ដើម្បីចិញ្ជឹមគ្រួសារវិញម្តង។

លោក ហួរ ធូ បាននិយាយដោយអស់សង្ឃឹមថា៖ «ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយបានលេចចេញព្រឹត្តការណ៍ការរាតត្បាតជំងឺឆ្លងឈ្មោះ កូវីដ.១៩ បណ្តាលឳ្យគ្រួសារខ្ញុំ និងគ្រួសារអ្នករាវលៀស និងខ្ចៅ មិនសូវមានអ្នកមកទទួលទិញ ធុងប៉េត្រូ តម្លៃ ១០.០០០ រៀល ធ្វើឳ្យជីវភាពក្នុងគ្រួសារកាន់តែលំបាកមួយកម្រិតទៀត»។


លោក សូត្រ ប៉ោ ប្រធានសហគមន៍នេសាទឃុំវិហារធំបាននិយាយថា ផលត្រីក្នុងបឹងធំពិតជាបានថយចុះជាបន្តបន្ទាប់មែន ដោយសារការប្រើប្រាស់ឧបករណ៍ខុសច្បាប់កើនឡើង គឺសៃយ៉ឺនជាលបល្បៃប្រវែងរាប់ពាន់ម៉ែត្ររាយឆ្លងបឹងដ៏ធំមួយនេះ ពីត្រើយម្ខាងដល់ត្រើយម្ខាង ឧបករណ៍ឆក់មានក្តៅ មានត្រជាក់ ជាពិសេស គឺឧបករណ៍មិនស្របច្បាប់ដែលពេញនិយមនាសម័យនេះមាន អ៊ួនត្រជាក់ គឺមានបង្កប់ប្រដាក់ឆក់ជាប់នឹងអ៊ួន យ៉ាំងកាវ និងការប្រើប្រាស់ថ្នាំពុល។ ឧបករណ៍អ៊ួនត្រជាក់ និងថ្នាំពុលនេះ ក្រៅពីធ្វើឳ្យហិនហោចត្រី គឺបានផ្តាច់ពូជសត្វគ្រុំក្នុងបឹងធំ និងក៏ធ្វើឳ្យថយចុះទិន្នផលសត្វលៀស និងខ្ចៅទៀតផង។

ប្រធានសហគមន៍នេសាទវ័យ ៦២ ឆ្នាំរូបនេះបាននិយាយទៀតថា នៅឃុំវិហារធំមានគ្រួសារជាអ្នកនេសាទប្រមាណជាង ១០០ គ្រួសារ គឺក្នុងនោះមានការនេសាទខ្នាតធំប្រើប្រាស់ឧបករណ៍លបស្បៃវែងៗរាប់ពាន់ម៉ែត្រ និងយ៉ាំងកាវប្រហែល ២០ គ្រួសារ នេសាទមធ្យមប្រហែល ៥០គ្រួសារ ប្រើឧបករណ៍លបស្បៃខ្លីៗប្រវែងក្រោម ៥០ម៉ែត្រ និងនេសាទខ្នាតតូច ប្រើប្រាស់ឧបករណ៍មង និងសន្ទូចប្រហែល ៦០គ្រួសារ។ ភូមិដែលប្រកបរបរនេសាទជាអចិន្រ្តៃយ៍មានភូមិប្រាសាទ និងភូមិក្តីបឹង។

លោកបានបន្តថា មួយវិញទៀតសកម្មភាពកាប់ទន្រ្ទានព្រៃលិចទឹកជាដែននេសាទ តាមជុំវិញមាត់បឹងដើម្បីដីធ្វើកសិកម្ម ស្រែប្រាំង និងដាំដំណាំផ្សេងអស់រាប់ពាន់ហិកតានោះ ក៏ជាដើមចមរួមចំណែកធ្វើទិន្នផលត្រីថយចុះដែរ។ ដោយសាររាល់ការបង្រ្កាបទាំងបទល្មើសកាប់ទន្ទ្រានយកដី និងបទល្មើសនេសាទកន្លងមកហាក់មិនទទួលបានលទ្ធផល គឺបានជួបឧបសគ្គ បង្រ្កាបបានមួយថ្ងៃឃើញវិលត្រឡប់មកវិញធ្វើសកម្មភាពដដែល មិនមានការពិន័យ ឬដាក់ទោសទាន់ដល់អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ជលផលពោល គឺមិនបានរលូន។ បញ្ហានេះប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួន ដល់អ្នកចូលរួមសហការបង្រ្កាប និងម៉្យាងដោយសម័យបច្ចុប្បន្ន ប្រព័ន្ធទំនាក់ទំនងសម្បូរបែបទូរស័ព្ទច្រើន គឺការផ្តល់ព័ត៌មានរាយការណ៍ពីសកម្មភាពបទល្មើស ទៅកាន់កម្លាំងមានសមត្ថកិច្ចមានការប្រឈម។

យោងតាមច្បាប់ស្តីពីជលផលមាត្រា ៧២ បានចែងថា បទល្មើសជលផលជាបទល្មើសព្រហ្មទណ្ឌ ដែលមានចរិតដោយឡែកដូចមានចែងក្នុងច្បាប់នេះ។ មន្រ្តីរដ្ឋបាលជលផលមានសមត្ថកិច្ចជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតរាល់បទល្មើសជលផល និងចងក្រងសំណុំរឿងប្តឹងទៅតុលាការមានសមត្ថកិច្ច។ ការស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ជាសមត្ថកិច្ចរបស់រដ្ឋបាលជលផល។ ប្រតិបត្តការរបស់មន្រ្តីរដ្ឋបាលជលផលដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ។

លោក ជួង ស្រ៊ីន មេឃុំវិហារធំបានលើកឡើងថា ឆ្នាំ២០២០នេះដោយសាររបបទឹកទន្លេមេគង្គឡើងលឿន ស្រកចុះលឿន និងគួបផ្សំបញ្ហាអាកាសធាតុក្តៅខ្លាំងផង បានធ្វើឳ្យផ្ទៃទឹកជាដែននេសាទបឹងធំសម្រាប់ខាងស្រុកកំពង់សៀមរីងគោកបាត់បង់ជាង ៥០ ភាគរយ នៃផ្ទៃសរុបចំនួន ៣.០៣១ ហិកតា ។ លោកមេឃុំនិយាយថា កត្តានេះបានធ្វើឳ្យបទល្មើសស្បៃមុង ឆក់ ជាដើម បានថយចុះបន្តិច ប៉ុន្តែបទល្មើសនេះបានកើនឡើងកាលពីទឹកបឹងនេះនៅមានផ្ទៃធំ។

លោកមេឃុំ ជួង ស្រ៊ីន បានលើកឡើងទៀតថា កាលពីដើមឆ្នាំនេះទឹកសម្បូរនៅជម្រៅត្រឹមទ្រូងទៅ ត្រឹមក ហើយមនុស្ស គឺអ្នកប្រព្រឹត្តបទល្មើសលបស្បៃមានច្រើនជាងគេ បន្ទាប់មកបទល្មើសឆក់។ យើងធ្លាប់បានកំណត់អត្តសញ្ញាណបទល្មើសឆក់នៅភូមិក្តីបឹង និងភូមិប្រាសទសរុបចូលគ្នាប្រហែលជាង ១០នាក់។ ដោយឡែកបទល្មើសលបស្បៃខ្នាតធំ និងមធ្យោបាយទូកកាណូតដែលមានល្បឿនលឿនៗ ប្រហែលអូប័រ គឺភាគច្រើនមកពីត្រើយម្ខាង ខាងកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ។ បទល្មើសនេះបានកើតឡើងរាល់ម៉ោង ប៉ុន្តែខាងយើងបានផ្តល់ព័ត៌មានជាប្រចាំទៅខាងមន្រ្តីជំនាញជលផល តែមិនសូវឃើញចុះមកបង្រ្កាប។

លោកបានបន្ថែមថា ខាងយើងថ្នាក់ឃុំ គាំទ្រលើផែនការបង្រ្កាបបទល្មើសនេសាទរបស់ថ្នាក់ស្រុក និងខេត្ត គឺមិនជូនដំណឹងដល់ថ្នាក់ឃុំមុនការចុះបង្រ្កាប ដើម្បីជៀសវាងបែកការដល់ជនប្រព្រឹត្តល្មើសច្បាប់នេសាទ។ បញ្ហានេះបានកាត់បន្ថយការប្រឈមពីការជេរប្រទិច ពីសំណាក់ខាងភាគីជនល្មើសដែលប្រើប្រាស់ឧបករណ៍មិនស្របច្បាប់។ យើងសប្បាយចិត្តក្នុងការសហការពេលចុះដល់កន្លែងប្រព្រឹត្តល្មើស ឬក៏កំពុងបង្រ្កាប ទើបខាងថ្នាក់ឃុំទទួលដំណឹង។ សំណូមពរចាប់យក ប្រមូលឳ្យអស់សម្ភារ:ជាវត្ថុតាងទាំងឡាយជាឧបករណ៍នេសាទខុសច្បាប់ កុំឳ្យពួកគេទៅប្រព្រឹត្តសាជាថ្មីដូចពេលកន្លងទៅ ឬក៏ចាប់បញ្ជូនខ្លួនទៅពិន័យ ឬផ្តន្ទាទោសតាមចំណាត់ថ្នាក់ នៃបទល្មើស ដើម្បីឳ្យមានការាងចាល។

មាត្រា ៨៩ ច្បាប់ស្តីពីជលផលបានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសបទបញ្ញត្តិ នៃច្បាប់នេះត្រូវផ្ត្ទាទោសដូចតទៅ: ១-ចំពោះបទល្មើសជលផលថ្នាក់ទី ១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីបីឆ្នាំ ដល់ប្រាំឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ២-ចំពោះបទល្មើសជលផលថ្នាក់ទី២ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ ឆ្នាំ ដល់ បី ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ប្រាំលាន រៀល ទៅ ហាសិបលាន រៀល។ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ៣-ចំពោះបទល្មើសជលផលថ្នាក់ទី៣ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ ខែ ទៅ មួយ ឆ្នាំឬពិន័យជាប្រាក់ពី មួយលាន រៀល ទៅ ប្រាំលាន រៀល។ វត្ថុតាងទាំងអស់អាចត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ៤-ការពិន័យជាអន្តរការណ៍ ការបំផ្លាញចោល ការដកហូត ឬការព្យួរកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត។តម្លៃទីផ្សារនៃផល ផលិតផលជលផល ឧបករណ៍នេសាទ និងកម្រិតសមាមាត្រ នៃថ្លៃឈ្នួលនេសាទជាមូលដ្ឋានសម្រាប់ធ្វើការពិន័យ ត្រូវកំណត់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីអនុវត្តឯកភាពទូទាំងប្រទេស។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឳ្យដឹងថា យើងមានកត្តាចម្បងចំនួនពីរ បណ្តាលឳ្យការចាប់នេសាទត្រីតាមធនធានធម្មជាតិឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣៦ ទៅ ៣៧ភាគរយ គឺកត្តាធម្មជាតិទឹកទន្លេមេគង្គឡើងលឿន ស្រកចុះលឿន។ បើទោះជាកម្រិតទឹកទន្លេមួយនេះបានហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ក៏ដោយចុះ គឺបានប៉ះពាល់ដល់ ពេលវេលា និងលទ្ធភាពញ៉ាស់បន្តពូជ ពងកូនរបស់ត្រីក្នុងព្រៃរនាមនៅតាមបឹងបួរនានា។ ទីពីរមកពីវារីអគ្គិសនីផ្នែកខាងលើទន្លេមេគង្គ គឺវារីអគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង និងផ្នែកខាងលើទន្លេមេគង្គ គឺវារីអគ្គិសនីច្រើនកន្លែងរបស់ប្រទេសឡាវ។ ដោយត្រីមិនអាចធ្វើចរាចរទៅមកដូចបណ្តាឆ្នាំកន្លងទៅ ស្ទះបិទជិតនៅត្រឹមវារីអគ្គិសនីទាំងនោះ។

សូមបញ្ជាក់ថា ទន្លេមេគង្គ គឺជាប្រព័ន្ធទន្លេដ៏អស្ចារ្យមួយរបស់ពិភពលោក ដែលមានចម្ងាយ ៤.៩០៩ គីឡូម៉ែត្រហូរឆ្លងកាត់ប្រទេសចំនួន ប្រាំមួយ រួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ទន្លេនេះជាប្រភព នៃផលិតភាពដ៏សម្បើមមហិមា គឺបម្រែបម្រួលកម្រិតទឹកតាមរដូវ និងជាជម្រកដីសើមសម្រាប់របស់ប្រជាជនរស់នៅ។ ជីវចម្រុះរបស់អាងទន្លេមេគង្គ គឺមានទំហំធំធេងណាស់ បើប្រៀបធៀបជាមួយតំបន់ដទៃទៀត នៃតំបន់ត្រូពិកអាស៊ី។ ដោយជីវចម្រុះរបស់ទន្លេមេគង្គ គឺជាមូលដ្ឋានគ្រឹះ នៃការទ្រទ្រង់ជីវភាពរស់នៅតាមជនបទ ដោយផ្អែកលើធនធានធម្មជាតិរបស់ប្រជាជនប្រមាណ ៦០លាន នាក់ដែលរស់នៅក្នុងអាងទន្លេមេគង្គក្រោម។

លោកនាយខណ្ឌរដ្ឋបាលជលផលបានឳ្យដឹងទៀតថា ប៉ុន្តែងាកមកបទល្មើសនេសាទ គឺនៅតែមានការលួចប្រើប្រាស់ឧបករណ៍ចាប់ត្រីខុសច្បាប់ តែមានការចុះជាង ៣០ ភាគរយបើធៀបនឹងឆ្នាំមុន ២០១៩។ ការថយចុះនេះ ដោយយើងបង្កើនការបង្រ្កាបនៅលើផ្ទៃជាដែននេសាទរបស់សហគមន៍ទាំង ២២ កន្លែងដែលមានផ្ទៃក្រឡាសរុបប្រមាណ ៣៦.១១៩ ហិកតា។ គួបផ្សំកត្តាទឹកទន្លេមេគង្គឡើងលឿន ស្រកចុះវិញលឿនក៏ជួយកាត់បន្ថយបទល្មើសនេសាទមួយផ្នែកដែរ គឺអ្នកប្រព្រឹត្តគ្មានពេលវេលា និងលទ្ធភាពដាក់ឧបករណ៍ចាប់ត្រីខុសច្បាប់ ហើយម៉្យាងត្រីអត់មានពងបង្កើតកូនទេ។

លោកបានក៏បានបន្ថែមថា ជាក់ស្តែងការប្រមូលផលនេសាទស្របច្បាប់ភបករណ៍មាញ់នៅឆ្នាំ២០២០នេះ ក៏បានថយចុះប្រហែល ២៥ ភាគរយ នៃការប្រមូលផលកាលពីឆ្នាំ២០១៩ បណ្តាលមកពីកត្តារបបទឹកទន្លេមេគង្គឡើងលឿនស្រកលឿនដូចគ្នា។ តាមការសិក្សាពីផលនេសាទនៅតំបន់បឹងទន្លេសាប ក៏មានលក្ខណ:ថយចុះប្រហាក់ប្រហែល ដូចនៅតំបន់ទន្លេមេគង្គខេត្ត ស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកណ្តាល។ ពិសេសត្រីឆ្នាំនេះមានទំហំតូចៗ ដូចជាពពួកត្រីរៀល នេះបើតាមការចុះពិនិត្យនៅកន្លងដាយទី ១៥ នៅស្រុកពញាលឺ ឯខេត្តកណ្តាល។

លោកបានបន្តថា ក៏មានការថយចុះធនធានធម្មជាតិនេះ ដែលបណ្តាលមកពីសកម្មភាពកាប់ទន្រ្ទានព្រៃលិចទឹកយកដាំដំណាំកសិកម្មភាគច្រើនធ្វើស្រែប្រាំង បើទោះជាមានការផ្សព្វផ្សាយពីទប់ស្កាត់យ៉ាងណាក្តី។ ប៉ុន្តែអាជ្ញាធរខេត្តកំពង់ចាមបានបង្កើតគណ:​កម្មការ​ដែលមានលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលសាលាខេត្តជាប្រធាន និងមានសមាសសភាពចូលរួមមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម គឺដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិច និងរឹកអូសដកហូតជាទ្រព្យសម្បត្តិរដ្ឋវិញ។

មាត្រា ៩៨ ច្បាប់ស្តីពីជលផលបានបានចែងថា ត្រូវផ្តន្ទាទោសក្រោមបទបល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី បី ឆ្នាំ ទៅ ប្រាំ ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬដុតបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលបានប្រប្រព្រឹត្តបទល្មើ់សណាមួយដូចខាងក្រោម: ១- កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងព្រៃកោងកាង។ ២- បង្កឳ្យភ្លើងឆេះ ឬដុតព្រៃលិចទឹក និងព្រៃកោងកាង។ ៣- ចាក់ចោល បោះចោល បង្ហូរ បាចពង្រាយសារធាតុពុល ឬប្រព្រឹត្តសកម្មភាពធ្វើឳ្យពុលដល់វារីសត្វ ឬវារីរុក្ខជាតិនៅក្នុងដែននេសាទ។ ៤- នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទនៅក្នុងដែននេសាទ។ ៥- នេសាទដោយឧបករណ៍បូម បាច ពង្រីងផ្នែកណាមួយ នៃដែននេសាទ ដែលបង្កមហន្តរាយដល់ធនធានជលផល។ ៦- នេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍នេសាទដែលបង្កើតថ្មី ឬរបៀបនេសាទបែបថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផល។ ៧- នេសាទជាលក្ខណ:ឧស្សាហកម្មក្នុងរដូវបិទនេសាទ។ ៨- នេសាទជាលក្ខណ:ឧស្សាហកម្មក្នុងកន្លែងអភិរក្សជលផល។ ៩-ធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ប្រឡាយ អាងទឹក និងអាងធម្មជាតិ ដែលអាចបង្កមហន្តរាយដល់ធនធានជលផល ដោយគ្មានការសិក្សាវាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ១០- បំផ្លាញស្មៅសមុទ្រ ឬផ្កាថ្ម និងធ្វើឳ្យអន្តរាយដល់អេកូឡូស៊ីស្មៅសមុទ្រ ឬផ្កាថ្ម។ ១១-សាងសង់ឡ រោងសិប្បកម្ម មូលដ្ឋានកែច្នៃ និងរោងចក្រគ្រប់ប្រភេទ ដែលប្រើប្រាស់សារធាតុដើមជាប្រភេទព្រៃលិចទឹក និងព្រៃកោងកាង និង១២- បំផ្លិចបំផ្លាញ ឬធ្វើឳ្យខូចខាតអន្លង់ជ្រៅៗ ដែលជាជម្រក ឬកន្លែងពងកូនរបស់វារីសត្វ។

ជនណាប្រព្រឹត្តបទល្មើសជលផលចំណុចទី៤ ចំណុចទី ៥ ចំណុចទី ៦ ចំណុចទី ៧ ចំណុចទី ៨ នៅពេលយប់ ត្រូវផ្តន្ទាទោសទ្វេដង នៃបទល្មើសជលផលថ្នាក់ទី១ នៃមាត្រានេះ និងជនណាប្រព្រឹត្តបទល្មើសជលផលថ្នាក់ទី១ ចាប់ពីពីរដង ឡើងទៅត្រូវផ្តន្ទាទោសទ្វេដង នៃបទល្មើសជលផលថ្នាក់ទី១ នៃមាត្រនេះ។

លោក ហួរ ធូ បានពោលថា សូមឳ្យអាជ្ញាធរមានសមត្ថកិច្ច ជូនលុបបំបាត់បទល្មើសនេសាទខុសច្បាប់ឳ្យអស់ពីតំបន់បឹងធំ ដើម្បីឳ្យពពួកវារីសត្វគ្រប់ប្រភេទមានដូចដើមឡើងវិញ និងរកវិធីរក្សាកម្ពស់ទឹកឳ្យបានពីរម៉ែត្រឡើងទៅក្នុងរដូវបើកនេសាទ គឺផ្តល់អត្ថប្រយោជន៍ជាជម្រកត្រី និងជាការលំបាករកមធ្យោបាយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដូចជាការដាក់សម្រះ និងឧបករណ៍ឆក់ជាដើម។ «បើអត់មានការបង្រ្កាបដូចសព្វថ្ងៃ គឺគ្រួសារខ្ញុំក៏ដូចគ្រួសារអ្នកនេសាទជាច្រើនទៀតនឹងគ្មានប្រាក់ដោះបំណុលជំពាក់គេ មកទិញឧបករណ៍នេសាទ។ បើមិនដូច្នេះទេ ជម្រើសចុងក្រោយមានតែបោះបង់ការនេសាទ ចំណាក់ស្រុករកការងារធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងដោះបំណុលនោះ»។

លោកសូត្រ ប៉ោ បានលើកឡើងថា « ខ្ញុំមានជំនឿរយ:ពេលពីរឆ្នាំប៉ុណ្ណោះ ផលត្រីក្នុងបឹងធំនឹងមានវត្តមានត្រីដូចកាលពីមិនទាន់មានឧបករណ៍ឆក់ និងឧបករណ៍ទំនើបៗ ដែលមានការហាមឃាត់ដោយច្បាប់នោះគឺ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានសន្ទ: ក្នុងការចូលរួមសហការបង្រ្កាប និងបង្រ្កាបច្បាស់លាស់ ជាពិសេសលះបង់ ឬបំភ្លេចចោលនូវសកម្មភាពបង្រ្កាបបទល្មើសនេសាទមួយចំនួនដូចកាលពីអតីតកាល»៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ