រដ្ឋាភិបាលលើពិភពលោកសន្យាផ្តល់ថវិកាជាង ៨,៨ ពាន់លានដុល្លារដើម្បីបង្កើតវ៉ាក់សាំងការពារនានា រួមទាំងវ៉ាក់សាំងកូវីដ១៩

117
ចែករម្លែក

កាលពីថ្ងៃព្រហស្បតិ៍ទី៤មិថុនា រដ្ឋាភិបាលនៅជុំវិញពិភពលោកបានសន្យាជួយចូលរួមថវិកាចំនួន ៨,៨ ពាន់លានដុល្លារសម្រាប់សម្ព័ន្ធភាពវ៉ាក់សាំងសកលហៅកាត់ថា Gavi ដើម្បីជួយកម្មវិធីចាក់ថ្នាំបង្ការដែលត្រូវបានបង្អាក់ដោយជំងឺកូវីដ១៩ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាសកលដើម្បីធានាឱ្យវ៉ាក់សាំងកូវីដ១៩មានសម្រាប់មនុស្សគ្រប់គ្នា។

ការប្រជុំតាមអ៊ីនធឺណេតបានសម្រេចហួសគោលដៅកំណត់ដើម្បីរៃអង្គាសប្រាក់ត្រឹម ៧,៤ ពាន់លានដុល្លារដើម្បីផ្តល់ការចាក់វ៉ាក់សាំងក្នុងតម្លៃទាបជាងមុនសម្រាប់កុមារចំនួន ៣០០ លាននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ប្រទេសជាង ៥០ បានចូលរួមចំណែកក៏ដូចជាបុគ្គលផងដែរ ដូចជាមហាសេដ្ឋីសប្បុរសធម៌ប៊ីលហ្គេត ដែលអង្គការមូលនិធិរបស់គាត់បានសន្យាជួយ ១,៦ ពាន់លានដុល្លារ។

Gavi ក៏បានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមថ្មីដើម្បីទិញវ៉ាក់សាំងការពារកូវីដ១៩ ដែលមានសក្តានុពល បង្កើនការផលិតវ៉ាក់សាំងខ្នាតធំ និងគាំទ្រដល់ការដឹកជញ្ជូនវ៉ាក់សាំងទៅបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ ក្រោយរៃអង្គាសប្រាក់បានចំនួន ៥៦៧ លានដុល្លារសម្រាប់វ៉ាក់សាំងនេះ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីសចនសុនដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើបាននិយាយថា “យើងរួមគ្នាដើម្បីបំពេញនូវការខិតខំប្រឹងប្រែងរួមគ្នាដ៏ធំធេងបំផុតនៃជំនាន់របស់យើង ដែលនោះគឺជាជ័យជម្នះរបស់មនុស្សជាតិលើជំងឺ។ ថ្ងៃនេះ យើងបានសម្រេចចិត្តជ្រើសរើយយកការបង្រួបបង្រួមដើម្បីបង្កើតមាគានៃកិច្ចសហប្រតិបត្តិការសកល”។

ក្រុមអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍនិងសាកល្បងវ៉ាក់សាំងកូវីដ១៩ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស និយាយថា វ៉ាក់សាំងត្រូវតែមានសម្រាប់មនុស្សគ្រប់គ្នា៕ ដោយ៖ កញ្ញាដាលីស

ពិភលោករៃអង្គាសប្រាក់បានជាង ៨,៨ ពាន់លានដុល្លារដើម្បីផលិតវ៉ាក់សាំងការពារនានារួមទាំងវ៉ាក់សាំងការពារកូវីដ១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ