អ្នកនាំពាក្យៈ តុលាការ​ពុំទាន់​សម្រេច​​ករណី​អតីតអភិបាលខេត្តតាកែវលោក​ឡាយ វណ្ណៈ​

1279
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​តាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ល្ងាច​ថ្ងៃទី​២​ខែមេសា​នេះ​ថា រហូតដល់​ល្ងាច​ថ្ងៃទី​២ ខែមេសា នេះ លោក​សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ពុំទាន់​សម្រេច​បែបណា​នៅឡើយ​ទេ ជុំវិញ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង ជនសង្ស័យ​៥​នាក់ ផ្សេងទៀត ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​នារី​ស្រស់ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ។

លោកឡាយវណ្នៈពេលនៅតុលាការ

​លោក​ឡាយ​វណ្ណៈ​ក៏​ត្រូវបាន​បញ្ជូនមក​ប​ន្ត​ឃុំខ្លួន​នៅ​ក្រសួងមហាផ្ទៃ​វិញ​នៅ​ព្រលប់​ថ្ងៃទី​២​ខែមេសា​នេះដែរ​ហើយ​បន្ត​នីតិវិធី​នៅ​ថ្ងៃស្អែក​ទៀត​។​

​លោក លី សុ​ផា​ណា បញ្ជាក់ថា​”​អយ្យការ​កំពុង​សួរចម្លើយ​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ពិនិត្យ​ឯកសារ ភស្តុតាង នៅក្នុង​សំណុំរឿង​”​។

​គួរ​បញ្ជាក់ថា លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកា​ក្នុងក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​​ថ្ងៃទី​១ ខែមេសា ។

​លោក​ព្រះរាជអាជ្ញារង សៀង សុខ បាន​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​អភិបាល​ខេត្តតាកែវ​) ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មក​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុះ​ផ្ទះជួល ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោក ឡាយ វណ្ណៈ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែមេសា​ដោយ​ទទួលស្គាល់ថា លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។​

​លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ទី​៦​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ ជនសង្ស័យ​៥​នាក់​ផ្សេងទៀត រួមមាន លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម