គ​.​ជ​.​ប និង​ខុមហ្វ្រែល​ជួបគ្នា​ពិភាក្សា​ការងារ​ស្តីពី​“​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៩”

133
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បានទទួល​របាយការណ៍​ស្តីពី “​សវនកម្ម​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៩” របស់​អង្គការ​ខុមហ្វ្រែល​(COMFREL)​ដែល​បាន​លើកឡើងថា ៖“​តាមរយៈ​ការសង្កេតមើល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​និង​ការធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៩​នេះ​ខុមហ្វ្រែល​បាន​រកឃើញថា​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​ចាប់តាំងពី​មានការ​កែទម្រង់​បញ្ជី​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ឡើងវិញ​ក្នុង​ឆ្នាំ​២០១៦​មកដល់​ឆ្នាំ​២០១៩​នៅតែមាន​ភាពល្អប្រសើរ​…”​។​

លើសពីនេះ​ខុមហ្វ្រែល​បាន​រកឃើញថា​៩៩.៧​ភាគរយ​នៃ​អ្នកបោះឆ្នោត​ពិតជា​មា​នវ​ត្ត​មាននៅ​ទីតាំង​ដូចគ្នា​នឹង​ទីតាំង​ក្នុង​បញ្ជី​បោះឆ្នោត​គឺជា​សូចនាករ​ដែល​វាស់​ឱ្យឃើញ​អំពី​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​រប​ស់គ​.​ជ​.​ប កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។​
​គ​.​ជ​.​ប បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ខុមហ្វ្រែល និង​ចាត់ទុក​លទ្ធផល​នេះ គឺជា​ធាតុ​ចូល​សំខាន់​មួយ​សម្រាប់ គ​.​ជ​.​បយក​ទៅធ្វើជា​មូលដ្ឋាន​ក្នុង​សិក្សា និង​ស្រាវជ្រាវ​។​គ​.​ជ​.​ប​បាន​បន្តថា​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០​គ​.​ជ​.​ប​បាន​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​ដឹក​នាំ​ដោយ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ដើម្បី​ជួបពិភាក្សា​គ្នា​។​

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម​ស៊ិ​ក​ប៊ុន​ហុក​ប្រធាន​គ​.​ជ​.​ប​បានចេញ​លិខិត​ឆ្លើយតប បំភ្លឺ​ទៅលើ​ចំណុច​ទាំងឡាយ​ដែល​ខុមហ្វ្រែល​បាន​រកឃើញ​ក៏ដូចជា​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុមហ្វ្រែល​ចុះ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​ដូច​មាន​ជាអាទិ៍​៖១.​អំពី​ករណី​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះ​ឆ្នោ​តៈ​ករណី​ឈ្មោះ​ស្ទួន​ចំនួន​៤៤​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្រុមការងារ​បច្ចេកទេស​នៃ​គ​.​ជ​.​ប​បាន​ទទួលស្គាល់ថា​ពិតជា​មាន​មែន​។​

​ប៉ុន្តែ​ឈ្មោះ​ស្ទួន​នេះ​គឺ​បណ្តាលមកពី​ការច្រឡំ​ឯកសារ​លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ដូចគ្នា​តែ​ខុស​ប្រភេទ​មនុស្ស​ផ្សេងគ្នា​និង​ប្រភេទ​ឯកសារ​ផ្សេងគ្នា​តែ​ទិន្នន័យ​តែមួយ​បងប្អូន​ភ្លោះ​មាន​លេខ​អ​.​ខ​ដូចគ្នា​តែ​ប្រភេទ​ខុសគ្នា​។​ចំពោះ​ករណីនេះ​គ​.​ជ​.​ប​នឹង​ខិតខំ​ធ្វើការ​កែតម្រូវ​ក្នុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ នា​ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ ។

២.​អំពី​ករណី​ស្ទួន​លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​(​អ​.​ខ​)​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​)​ក្នុង​បញ្ជី​បោះ​ឆ្នោ​តៈ​អង្គការ​ខុមហ្វ្រែល​បាន​រកឃើញ​មាន​ចំនួន ២៦,១៦០ ឈ្មោះ ដោយសារ​មិន​គិត​លក្ខខណ្ឌ​ប្រភេទ អ​.​ខ ឬ ឯ​.​អ​។​ប៉ុន្តែ​តាមរយៈ​ការរកឃើញ​របស់ គ​.​ជ​.​ប ប្រសិនបើ​មិន​គិត​លក្ខខណ្ឌ​ប្រភេទ អ​.​ខ ឬ ឯ​.​អ មាន​ចំនួន​តែ ២៥,៥៣៣ ឈ្មោះ​ប៉ុណ្ណោះ ។

​ប្រសិនបើ​ប្រៀបធៀប​តាម​ប្រភេទ​ឯកសារ​ដែលមាន​ដូចជា អ​.​ខ ប្រភេទ​១ ប្រភេទ​២ ប្រភេទ​៣ និង ឯ​.​អ​គឺ​ឃើញថា​មាន​ចំនួន​តែ​៥,១៣៨​ឈ្មោះ​ប៉ុណ្ណោះ​ហើយ​ក្នុងនោះ​មាន​២,៥៤៣​ឈ្មោះ​គឺជា​ឈ្មោះ​ដែលមាន​ទិន្នន័យ​ត្រឹមត្រូវ រីឯ​ចំនួន ២,៥៨៤ ឈ្មោះ​ទៀត គឺជា​កំហុស​បច្ចេកទេស និង ១១ ឈ្មោះ​ប៉ុណ្ណោះ គឺជា​ឈ្មោះ​ស្ទួន ។ ដូច្នេះ​មានន័យថា ចំនួន​ឈ្មោះ ២៦,១៦០ ដែល ខុមហ្វ្រែល បាន​រកឃើញ​ពាក់ព័ន្ធ​នឹង អ​.​ខ ឬ ឯ​.​អ គឺមាន​ឈ្មោះ​ស្ទួន​តែ ១១ ឈ្មោះ​ប៉ុណ្ណោះ ។​

៣. អំពី​ករណី​បង្កើត​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេសៈ​ចំពោះ​ការទាមទារ​របស់ ខុមហ្វ្រែល នេះ​គ​.​ជ​.​ប​ធ្លាប់បាន​បំភ្លឺ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​ថាគ​.​ជ​.​ប​មិនអាច​ធ្វើ​បានទេ ដោយសារ​ច្បាប់​មិន​អនុញ្ញាត​ដូច​មានចែង​ក្នុង​មាត្រា​៥០​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គឺ​“​គ​.​ជ​.​ប​ត្រូវធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឱ្យបំពេញ​តួនាទី​ជា​តំណាង​របស់ខ្លួន​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​និង​សៀវភៅបញ្ជី​បោះឆ្នោត​សម្រាប់ ឃុំ សង្កាត់​” ។ ជាងនេះទៀត​មាត្រា​៥១​នៃ​ច្បាប់​នេះ​បាន​ចែងថា​”​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​សាលាឃុំ​សង្កាត់​របស់ខ្លួន​ឬ​ទីកន្លែង​ណាមួយ​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​តាម​ការកំណត់​របស់ គ​.​ជ​.​ប ” ។ នៅក្រៅ​ប្រទេស ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​ក្រុមប្រឹក្សាឃុំ សង្កាត់​ទេ ។


​ដោយឡែក​ករណី​ដែល​ខុមហ្វ្រែល​ស្នើសុំ​គ​.​ជ​.​ប​ឱ្យ​ជជែក​ជាមួយ​ស្ថាប័ន​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​គ​.​ជ​.​ប​ក៏​ធ្លាប់បាន​បំភ្លឺ​រួចមកហើយ​ដែរ​ថាគ​.​ជ​.​ប​គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់​និង​បច្ចេកទេស​សុទ្ធសាធ​។​គ​.​ជ​.​ប​មាន​សមត្ថកិច្ច​ត្រឹមតែ​ធ្វើ​របាយការណ៍​ជូន​រដ្ឋសភា​ប៉ុណ្ណោះ​ដូច​មានចែង​ក្នុង​មាត្រា​១០​នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​ប្រធាន​អនុប្រធាន​និង​សមាជិក​គ​.​ជ​.​ប​ត្រូវមាន​គណនេយ្យភាព​ចំពោះមុខ​រដ្ឋសភា​” ។​

៤. អំពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ប្រចាំឆ្នាំៈ ដើម្បី​ធានា​ឱ្យ​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​រៀបចំ​ផែនការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ទទួលបាន​លទ្ធផល​ល្អ មាន​ភាពត្រឹមត្រូវ សុក្រឹតភាព​និង​មាន​គណនេយ្យភាព​។​គ​.​ជ​.​ប​បាន​ចាត់វិធានការ​យ៉ាង​ហ្មត់ចត់​តាមរយៈ​ការដាក់ចេញ​នូវ​សេចក្តីណែនាំ​លេខ​០០១​គ​.​ជ​.​ប​.​ស​.​ណ​.​ន​ចុះ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។​

​ក្នុងការ​អនុវត្ត​ការងារ​នេះ​គ​.​ជ​.​ប​បានកំណត់​មុខសញ្ញា​មេភូមិ​ជា​ប្រតិបត្តិ​ករ​ដំបូង​ក្នុងការ​ស្រង់​ស្ថិតិ​សមាជិក​ក្នុងភូមិ​របស់ខ្លួន​ដើម្បី​បញ្ជូនទៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ធ្វើការ​បូកសរុប​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ស្ថិតិ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បន្ទាប់មក​បញ្ជូនទៅ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) ដើម្បី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​ស្ថិតិ​តាម​រាជធានី ខេត្ត​នីមួយៗ​មុននឹង​បញ្ជូនមក គ​.​ជ​.​ប​។​

​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​គ​.​ជ​.​ប​ត្រូវគោរព​គោលការណ៍​របស់ខ្លួន​ឱ្យខាងតែបាន​គឺ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​បន្តធ្វើ​យ៉ាងណា​ឱ្យ​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​កាន់តែ​មាន​ភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ