ក្រោយ​សម្រាលកូន សិទ្ធី នី​កា ទទួលបាន​តំណែង ជា​តួឯក​

242
ចែករម្លែក

​ភ្នំពេញ​៖ អ្នកនាង សិទ្ធី នី​កា ដែល​តារា​សម្តែង​វ័យក្មេង ក្រោយ​សម្រាល​បានកូន​ប្រុស​ម្នាក់ កន្លងមក បាន​ប៉ុន្មាន​ខែ​ហើយ ក៏​វិល​ទៅរក​ការងារ​សិល្បៈ​វិញ ដោយ​ទទួលបាន​តំណែង ជា​តួឯក​ស្រី ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​។​

​ក្រោយពី​ផ្អាក ក្នុង​វិស័យ​សិល្បៈ អស់​រយៈពេល​ជិត ២ ឆ្នាំ បន្ទាប់ពី​តារា​សម្តែង សិទ្ធី នី​កា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី ដែលជា​សែស្រឡាយ​រាជវង្ស និង​ទទួលបាន​កូនប្រុស ដ៏​ស្រស់ស្អាត​រួចមក​នោះ មាន​មហាជន​ជាច្រើន បាន​លើកឡើងថា តារា​រូបនេះ អាច​នឹងមិន វិល​ចូល​សិល្បៈ​វិញ​នោះទេ ក៏​ព្រោះតែ​នាង បានរស់នៅ​ក្នុង​ជីវិត ដែលមាន​សុភមង្គល ក្នុង​គ្រួសារ​អភិជន​។​

​ស្ថានីយទូរទស្សន៍ ភី​អិន​អិន រៀបចំ​ពិធី​ក្រុង​ពាលី ភាពយន្ត​ភាគ​ថ្មី​របស់ខ្លួន រឿង “​ពណ៌​ជីវិត​” កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​សហការ​រៀបចំ ផលិត​ពី​ផលិតកម្ម PR Production សម្រិតសម្រាំង​យកគុណ​ភាព​រឿង​ជា​ចម្បង និង​ជម្រើស​យក​តារា​សម្តែង​ស្រី ស្រស់​សោភា អ្នកនាង សិទ្ធី នី​កា ត្រូវបាន​ចាប់​តួ​សម្តែង ជាមួយនឹង​លោក វ៉ៃ ហាំង ជា​តួឯក​ប្រុស ក្នុង​រឿង ភាគ​នេះ​។​

​អ្នកនាង សិទ្ធី នី​កា បាន​និយាយថា ទោះបីជា​នាង រៀបការ​ហើយ មានកូន​ប្រុស​តូច​ម្នាក់ ក៏ពិតមែន ប៉ុន្តែ​នាង​នៅតែ​ស្រឡាញ់​ការងារ​សិល្បៈ​ដដែល​។ នាង​មិន​ចង់​បោះបង់​ឱកាស ណាមួយ ក្នុង​វិស័យ​សិល្បៈ​ឡើយ​។ ការវិល​ត្រឡប់មកវិញ​របស់​នាង ក៏​ជាការ​លើកទឹកចិត្ត ពី​អ្នកគាំទ្រ​របស់​នាង ហើយ​ជាពិសេស​នោះ គឺ​ស្វាមី​របស់​នាង មិន​ហាមឃាត់ ហើយ​ឱ្យ​នាង ធ្វើ​ការងារ ដូច​ធម្មតា​។ នាង​ក៏​សូម​អគុណ ចំពោះ​អ្នកគាំទ្រ ដែល​ចង់ឱ្យ​នាង សម្តែង​សម្រាប់ រឿង​ថ្មី ដែល​ចេញ នាពេល​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​ក្រុង​ពាលី នេះដែរ ក៏មាន​ការចូលរួម​ពី សំណាក់​ថ្នាក់​គ្រប់គ្រង របស់ ស្ថានីយទូរទស្សន៍ ភី​អិន​អិន ផលិតករ អ្នកដឹកនាំ​ភាពយន្ត និង​តារា​សម្តែង​ល្បីៗ ទាំង​តារា ជើងចាស់ និង​តារា​ដែល​ទើបនឹង​រះ មានដូចជា លោក ជា សំណាង លោក អ៊ុន សុទ្ធា លោក វ៉ៃ ហាំង អ្នកនាង សិទ្ធី នី​កា កញ្ញា Fah Fah លោក Summer កញ្ញា ប៉ប់ ពី រួម​នឹង​សិល្បករ សិល្បការិនី ជាច្រើនរូប​ទៀត ៕ ដោយ​៖ បូ​រិ​ន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ