ទេសចរណ៍​កម្ពុជា​បាត់បង់​ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ ក្នុងសម័យ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩

192
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​:ប្រភពក្រសួងទេសចរណ៍បានអះអាងថា វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ប្រាក់ចំណូល​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ​។​ចំនួន​ទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​ក្នុង​រង្វង់​ប្រមាណ​៧០​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់​ប្រមាណ​៥០​ភាគរយ​។​

​ប្រភពដដែលបន្តថាលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បានបញ្ជាក់ពីចំណុចនេះ​ ក្នុង​ពិធី​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​ដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ជំ​ហាន​ទី​១) សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ​។​

​លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​១,១៦​លាន​នាក់ ធ្លាក់ចុះ​ក្នុង​អត្រា​៥២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ ការធ្លាក់​ភ្ញៀវទេសចរ​នេះ​បានធ្វើ​ឲ្យ​ដំណើរការ​អាជីវក​ម្មទេស​ចរណ៍​បិទទ្វារ​សរុប​២.៩៥៦​ទីតាំង និង​ការងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​សរុប​៤៥.៤០៥ នាក់ ។​ក្នុងនោះ​រួមមាន​សណ្ឋាគារ​ដែល​បាន​បិទ​ចំនួន​៣២៤ សណ្ឋាគារ និង​ប៉ះពាល់​បុគ្គលិក​សរុប​១៤.៥៥៧​នាក់​។ ផ្ទះសំណាក់ បាន​បិទ​ចំនួន​៤០៥​ទីតាំង និង​ប៉ះពាល់​បុគ្គលិក​ចំនួន ២.០៨៧ នាក់​។ ភោជនីយដ្ឋាន​បាន​បិទ​ចំនួន ៣៨៥ ទីតាំង និង​ប៉ះពាល់​បុគ្គលិក​ចំនួន​៣.៥៨៥ នាក់​។ កន្លែង​ម៉ាស្សា​ត្រូវបាន​បិទ​ចំនួន ៦៤៤ ទីតាំង និង​ប៉ះពាល់​បុគ្គលិក​ចំនួន​៦.៧២២ នាក់​។ សេវាកម្ម​ទីភ្នាក់ងារ​ទេសចរណ៍​បាន​បិទ​ចំនួន ៥១ ទីតាំង និង​ប៉ះពាល់​បុគ្គលិក​ចំនួន​២៥០​នាក់​។ ម​គ្គុ​ទេ្ទ​ស​ក៏ ទេសចរណ៍​ដែល​បាន​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​ចំនួន ១១៨ នាក់​។ ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន ដែល​ត្រូវ​បិទ​អាជីវកម្ម​ទូទាំងប្រទេស​ទាំងស្រុង មាន​ចំនួន​១.១៤៧ អាជីវកម្ម និង​ប៉ះពាល់​បុគ្គលិក​បម្រើការ​ងារ​ធ្វើ​ចំនួន​១៨.២០៤ នាក់​។​

​ទោះជា​យ៉ាងនេះ​ក្តី​​ លោក​បាន​អះអាងថា វិស័យ​ទេសចរណ៍​កម្ពុជា មាន​សញ្ញាណ​វិជ្ជមាន​ឡើងវិញ ចាប់តាំងពី​ដើមខែ​ឧសភា​កន្លងទៅនេះ ដោយភ្ញៀវទេសចរ​ជាតិ និង​បរទេស​ផ្ទៃក្នុង បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស មាន​ចំនួន​ប្រមាណ​ជាង ១៥ ម៉ឺន​នាក់ កើនឡើង​៤២,០៧​ភាគរយ បើ​ធៀប​នឹង​ខែមេសា ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ជាង​១០​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២.៣០១​នាក់​។​

​គួរ​បញ្ជាក់ថា ក្រសួងទេសចរណ៍ បានរៀបចំ និង​ដាក់ចេញ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងដំណាក់កាល​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦​សេវាកម្ម ដែល​កំពុងដំណើរការ​អាជីវកម្ម​រួមមាន​៖ សម្រាប់​សណ្ឋាគារ​និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​, សេវាកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក​, រមណីយដ្ឋាន​ទេសចរណ៍​, និង​សហគមន៍ទេសចរណ៍ តាមរយៈ​ការអនុវត្ត​ន៍វិធានការ​រក្សា​អនាម័យ និង​ភាព​ស្អាត​, រក្សា​សុវត្ថិភាព​ម្ហូបអាហារ និង​ការរក្សា​គម្លាត​សុវត្ថិភាពជាដើម​៕​រូប​និង​អត្ថបទ​ស្រង់​ចេញពី​វេ​ប​សាយ​ក្រសួងទេសចរណ៍​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ