ទិវា​ជាតិ​នៃ​ប្រជាជន​ស៊ុយអែត

198
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ស៊ុយអែត ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​មេ​តស៊ូ​ឩ​ទ្ទាម ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា ត្រូវបាន​ជ្រើស រើស​ជា​ស្តេច នៅ​ឆ្នាំ​១៥២៣ ហើយ​ដឹកនាំ​ទាមទារ​បាន​ឯករាជភាព​ពី រាជាណាចក្រ ដា​ណឺ​ម៉ាក ជូន ស៊ុយអែត វិញ នៅ​ឆ្នាំ​១៥២៤ ប៉ុន្តែ​រហូតដល់​ឆ្នាំ​១៩៨៣ ទើប​ថ្ងៃទី​៦ ខែមិថុនា ត្រូវបាន​ប្រកាសថា ជា​ទិវា​ជាតិ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ​ស៊ុយអែត មាន​ផ្ទៃដី ៤៥០.២៩៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​ខាងជើង មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ន័​រវេ​ស៍ ហ្វាំ​ង​ឡង់ និង ដា​ណឺ​ម៉ាក គឺជា​សមាជិក នៃ​សហភាព អឺរ៉ុប​។ ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ស៊ុយអែត មាន​ជាង ១០ លាន​នាក់ ភាគច្រើន​កាន់សាសនា គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា ស៊ុយអែត រដ្ឋធានី គឺ​ទីក្រុង​ស្តុក​ខុល ។​

ប្រវត្តិសាស្ត្រ
​នៅ​ចុង​មជ្ឈិមសម័យ ទៅ​ដើម​សម័យ​ទំនើប គឺ​ប្រហែល​ពី​ចន្លោះ​សតវត្សរ៍​ទី ១៣-១៧ នៃ​គ្រិស្ត សករាជ នៅ​តំបន់​អឺរ៉ុប​ខាងជើង មាន​សម្ព័ន្ធ​មួយ ឈ្មោះថា Hanseatic League គឺជា​សម្ព័ន្ធ ពាណិជ្ជកម្ម និង​កង​ទ័​ការពារ​ដែនដី​។ សម្ព័ន្ធ​នោះ​មានអំណាច​រីក​ជា​បន្តបន្ទាប់ ញ៉ាំងឱ្យមាន កង្វល់​ដល់​បណ្តា​ប្រជាជាតិ​នៅ​តំបន់ Scandinavian (​ស៊ុយអែត​-​ដា​ណឺ​ម៉ាក​-​ន័​រវេ​ស៍​) ដែល​នៅ​ជិតខាង ។​

​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ (១៣៥៣-១៤១២) ជា​បុត្រី​នៃ​ស្តេច វ៉ា​ដឺ​ម៉ា ទី​៤ នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក បាន​រៀប​អភិសេក​ជាមួយ​ស្តេច ហា​កុន ទី​៦ នៃ​រាជាណាចក្រ​ន័​រវេ​ស៍ និង ស៊ុយអែត ។ នៅ​ឆ្នាំ​១៣៧៦ បុត្រា​របស់​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ ព្រះនាម អូ​ឡា​ហ្វ ទី​២​បាន​ក្លាយជា​អ្នក​ស្នង រាជបល្ល័ង្គ នៃ​រាជាណាចក្រ​ដា​ណឺ​ម៉ាក នៅពេលដែល​ព្រះរាជ​កុមារ​អង្គ​នោះ​ទើប​តែមាន​ព្រះជន្ម ប្រមាណ​ជា ប្រាំមួយ​ព្រះវស្សា​។ ដោយហេតុ​នោះ ទើប​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១​មាន​តួនាទី​ជា អ្នក​តម្រែតម្រង់​។

​នៅ​ឆ្នាំ​១៣៨០ បិតា​របស់​ស្តេច អូ​ឡា​ហ្វ ទី​២ ដែលជា​ស្តេច​របស់​រាជាណាចក្រ​ន័​រវេ​ស៍ បាន​ចូល ទិវង្គត ទើប​ស្តេច​អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី ទទួល​ស្នងរាជ្យ ជា​ស្តេច​របស់​រាជាណាចក្រ ន័​រវេ​ស៍ ផងដែរ ។ ដោយហេតុ​នោះ រាជាណាចក្រ​ទាំង ២ គឺ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ត្រូវបាន​រួបរួម​បញ្ចូល​គ្នា ក្នុង​សម្ព័ន្ធ​ផ្ទាល់ខ្លួន ក្រោម​រាជបល្ល័ង្ក​របស់​ព្រះរាជា អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី ដែលមាន​មាតា គឺ​ព្រះមហាក្សត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ ជា​អ្នក​តម្រែតម្រង់ ។​

​នៅ​ខែសីហា ឆ្នាំ​១៣៨៧ ស្តេច​អូ​ឡា​ហ្វ ទី​២ (​នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍​) បាន​ចូល​ទិវង្គត នៅ​ព្រះជន្ម ១៦ ព្រះវស្សា ។ នា​សម័យ​កាលណោះ នៅ​អឺរ៉ុប មនុស្ស​ស្រី ពុំមាន​សិទ្ធិ កាន់អំណាច​រាជការ​ឡើយ ទើប​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ បញ្ជា​ឱ្យ​ក្រុមប្រឹក្សា រាជាណាចក្រ​ដា​ណឺ​ម៉ាក ជ្រើសតាំង​ទ្រង់ (​ម៉ា​ហ្កា​រ៉ែត ទី​១) ជា​រា​ជានុ​សិទ្ធ នៃ​អាណាចក្រ ដា​ណឺ​ម៉ាក ។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៣៨៨ រា​ជានុ​សិ​ទ្ទិ ម៉ា​ហ្កា​រ៉ែត ទី​១ ក៏ត្រូវ​បានទទួល ស្គាល់​ថា ជា​រា​ជានុ​សិទ្ធិ របស់​រាជាណាចក្រ ន័​រវេ​ស៍ ទៀត ។​

​រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ បាន​ទទួលយក​ចៅប្រុស​របស់​បងស្រី ឈ្មោះ បូ​ហ្គី​ស្លា​វ ( ក្រោយមក គេ​ស្គាល់​ថា អេ​រីក ) ហើយ​បានឱ្យ​ក្រុមប្រឹក្សា ន័​រវេ​ស៍ ទទួល​អ្នកអង្គម្ចាស់​អង្គ​នោះ ( បូ​ហ្គី​ស្លា​វ ឬ អេ​រីក ) ជា​រាជទាយាទ នៃ​រាជាណាចក្រ​ន័​រវេ​ស៍ ហើយ​បាន​ឡើង​សោយរាជ​នៅ​ឆ្នាំ​១៣៨៩ ដោយ​នៅតែមាន រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ជា​អ្នកមើលការខុសត្រូវ​ដ​ដែល ។

​នា​អំឡុង​ពេលនោះ នៅ​រាជាណាចក្រ​ស៊ុយអែត ឯណោះ ជា​ពេល​ដែលមាន​ជម្លោះ​រវាង​ស្តេច អាល់​បឺត និង​មេដឹកនាំ អភិជន​មួយចំនួន ។ នៅ​ឆ្នាំ​១៣៨៨ ពួក​មេដឹកនាំ​អភិជន នៃ​រាជា ណា​ចក្រ​ស៊ុយអែត ទាំងនោះ បាន​លើក​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ (​ដែល​កំពុង​គ្រង​តំណែង ជា​រា​ជានុ​សិទ្ធិ នៃ​រាជាណាចក្រ​ដា​ណឺ​ម៉ាក និង​ជា​អ្នកមើលការខុសត្រូវ ឬ​ជា​អ្នកត្រួតត្រា​ស្តេច ន័​រវេ​ស៍ ផង ) ឱ្យ​គ្រង​តំណែង​ជា​រាជ​នុ​សិទ្ធិ នៃ​ទឹកដី​ស៊ុយអែត ដែល​ពួកគេ ( មេដឹកនាំ​អភិជន ) បាន​កាន់កាប់​ផងដែរ ដោយបាន​សន្យាថា នឹង​ជួយ​រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១​ឱ្យ​ត្រួតត្រា​រាជា ណា​ចក្រ​ស៊ុយអែត ទាំងមូល នាពេល​អនាគត ដ្បិត​សត្រូវ​រួម​របស់​ពួកគេ ( ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក ) ពេលនោះ​គឺ​សម្ព័ន្ធ​ប្រជាជាតិ Hanseatic League និង អាល្លឺម៉ង់ ដែល​កំពុង កើន​អំណាច​ទៅលើ​សេដ្ឋកិច្ច របស់​ប្រជាជាតិ Scandinavian (​ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក​) ។

​នៅ​ឆ្នាំ​១៣៨៩ កងទ័ព​ដា​ណឺ​ម៉ាក និង​ស៊ុយអែត បាន​ផ្តួលរំលំ​ស្តេច អាល​បឺត នៃ រាជាណាចក្រ ស៊ុយអែត ដោយ​ជោគជ័យ ហើយ​អំណាច ក៏ត្រូវ​បាន​ស្ថិតក្នុង​ការក្តោបក្តាប់រ​បស់ រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ទាំងស្រុង ។ អាណាចក្រ​ទាំង ៣ ( ស៊ុយអែត ដា​ណឺ​ម៉ាក ន័​រវេ​ស៍ ) ត្រូវបាន​រួប រួមបញ្ចូល​គ្នា ក្រោម​ការក្តោបក្តាប់​រប​ស់ រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ហើយ បាន​សន្យាថា​នឹង ការពារ​អធិបតេយ្យភាព អំណាច​នយោបាយ ក្រោម​ដំបូល សហភាព ។

​នៅ​ឆ្នាំ​១៣៩៦ ស្តេច អេ​រីក ដែល​បាន​សោយរាជ្យ នៅ ន័​រវេ​ស៍ តាំងពី​ឆ្នាំ​១៣៨៩ នោះ​ត្រូវបាន លើក​ឱ្យ​ឡើង​សោយរាជ្យ​ជា​ស្តេច នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ស៊ុយអែត ។​

សហភាព កាល់​ម៉ា
​នៅ​ថ្ងៃទី​១៧ (១៣?) ខែមិថុនា ឆ្នាំ​១៣៩៧ សន្ធិសញ្ញា​មួយ (​ត្រូវគេ​សង្ស័យថា​ជា​លក្ខណៈ ផ្ទាល់​អត្តនោម័ត​រៀងៗ​ប្រទេស ពោលគឺ​ពុំមែន​មានការ​ព្រមព្រៀង តាម​ធម្មនុញ្ញភាព នៃ អាណាចក្រ​នីមួយៗ​ឡើយ​) ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​កាល់​ម៉ា នៃ​រាជាណាចក្រ ស៊ុយអែត បាន​រួបរួម​រាជាណាចក្រ​ទាំង ៣ ( ដា​ណឺ​ម៉ក​-​ស៊ុយអែត​-​ន័​រវេ​ស៍ ) ឱ្យទៅជា​សហភាព តែមួយ ក្រោម​ការ​ត្រួ​ត្រា​របស់​ព្រះរាជា​តែមួយ ដោយមាន​សិទ្ធិ​គ្រប់គ្រង​ការងារ​ផ្ទៃក្នុង​រៀងៗ​ខ្លួន ។ សហភាព នោះ​ត្រូវបាន​គេ​ស្គាល់​ថា សហភាព​កាល់​ម៉ា ( Union of Kalmar ) ។ ជា​ផ្លូវការ ស្តេច អេ​រីក ជា​ស្តេច​នៃ​អាណាចក្រ​ទាំង ៣ នេះ ប៉ុន្តែ​ធាតុពិត​អំណាច​ស្ថិតក្នុង​ការក្តោបក្តាប់ របស់​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ ។​

​ស្ថិតនៅក្រោម​ឆត្រ សហភាព​កាល់​ម៉ា ដែល​ត្រួតត្រា​បញ្ជា​ដោយ​រាជា​នុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ( រហូតដល់​ថ្ងៃ​ទិវង្គត នៅ​ឆ្នាំ​១៤១២ ) អំណាច​របស់​ដា​ណឺ​ម៉ាក បាន​ជះ​លុប​លើ​អាណាចក្រ ២ ផ្សេងទៀត ( ស៊ុយអែត និង ន័​រវេ​ស៍ ) ធ្វើឱ្យ​អភិជន​ស៊ុយអែត មួយចំនួន មិន​សប្បាយចិត្ត​ទាល់ តែ​សោះ រហូតដល់​បង្កើតបាន​ជា​ចលនា​ន​ឩ​ទ្ទាម និង​ចលនានយោបាយ ដើម្បី​ទាមទារ​ឯក រាជ​ភាព​របស់​ស៊ុយអែត ពី​ដា​ណឺ​ម៉ាក ។ ក្នុងចំណោម​ពួក​អភិជន​ទាំងនោះ ក៏មាន យុវជន​ម្នាក់ ឈ្មោះ ហ្គូ​ស្តា​វ អេ​រីក​សាន់ ដែល​ក្រោយមក ត្រូវបាន​កត់ត្រា​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថា ហ្គូ​ស្តា​វ វ៉ា​សា ផងដែរ ។​

​នៅ​ឆ្នាំ​១៤៣៩ ( ១៤៣៩ ? ) ស្តេច អេ​រីក ត្រូវបាន​ដកហូត​ចេញពី​តំណែង​ជា ស្តេច នៅ សហភាព កាល់​ម៉ា ហើយ​ត្រូវបាន​ជំនួស ដោយ​ក្មួយប្រុស​របស់​ទ្រង់ ឈ្មោះ គ្រី​ស្តូ​ហ្វឺ​រ៍ ។​

​នៅ​ឆ្នាំ​១៤៤៨ ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ បាន​ចូល​ទិវង្គត ធ្វើឱ្យ​សហភាព​កាល់​ម៉ា មាន​សភាព ប្រទាញ ប្រទង់ ។ ពេលនោះ ស៊ុយអែត បានជ្រើសរើស ស្តេច ឆា​លស៍ ទី​៨ ឱ្យ​ឡើង​សោយរាជ្យ ក្នុង​បំណង​ចង់ឱ្យ​សហភាព​កាល់​ម៉ា ស្ថិតក្រោម​ការកាន់កាប់​របស់ ស្តេច​ស៊ុយអែត វិញ ។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៤៤៩ ស្តេច​ឆា​លស៍ ត្រូវបាន​លើក​ឱ្យ​ឡើង​សោយរាជ្យ ជា​ស្តេច នៃ​រាជាណាចក្រ​ន័​រវេ​ស៍ ផងដែរ ។ ប៉ុន្តែ​ពេលនោះ ឥទ្ធិពល​របស់ Holstein League របស់ អាល្លឺម៉ង់ មាន​កម្លាំង​ខ្លាំង​ជាង​កម្លាំង​បញ្ចូល​គ្នា​របស់ ស៊ុយអែត និង ន័​រវេ​ស៍ ទៅទៀត បណ្តាលឱ្យ ដា​ណឺ​ម៉ាក តែងតាំង គ្រិ​ស្ទា​ន ទី ១ ជា​ស្តេច ។​

​នៅ​ឆ្នាំ​១៥១៣ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី ២ ( នៃ ដា​ណឺ​ម៉ាក ) បាន​ឡើង​សោយរាជ្យ ជា​ស្តេច​នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ។ លុះដល់​ឆ្នាំ​១៥២០ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ បាន​ឡើង សោយរាជ្យ ជា​ស្តេច នៃ រាជាណាចក្រ ស៊ុយអែត ទៀត​ដែល​បណ្តាលឱ្យ​ភ្លើង​ប្រឆាំង​ពី​សំណាក់ ជនជាតិ ស៊ុយអែត កាន់តែ​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ។

សង្គ្រាមដើម្បីសេរីភាព
​នៅ​ខែកុម្ភៈ ឆ្នាំ​១៥២០ ពួក​អ្នកប្រឆាំង នៅ រាជាណាចក្រ ស៊ុយអែត បានតែងតាំង​យុវជន ហ្គូ​ស្តា​វ អេ​រីក​សាន់ ជា​មេដឹកនាំ​ក្រុម​ឩ​ទ្ទាម​ប្រឆាំងនឹង ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២​ហើយ​ក្រុម​ឩ​ទ្ទាម​នេះ​មាន យុទ្ធជន​ត្រឹមតែ ៤០០ នាក់​ប៉ុណ្ណោះ សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​នាពេលនោះ​ហើយ​សង្គ្រាម នោះ​ត្រូវបាន​គេ​ហៅថា សង្គ្រាម​ដើម្បី​សេរីភាព​របស់​ប្រជាជន​ស៊ុយអែត ។​

​ហ្គូ​ស្តា​វ បាន​ដឹកនាំ​ក្រុម​ឩ​ទ្ទាម​របស់គាត់ វាយ​ប្រយុទ្ធ​ជា​ញឹកញាប់​ប្រឆាំង​កងទ័ព​របស់ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ ហើយ​បាន​ជោគជ័យ និង​រីក​ធំធាត់​ឡើងជា​បន្តបន្ទាប់ ហើយ​បាន​រីកសាយ​ភាយ ទៅ​សឹងតែ​គ្រប់ផ្នែក នៃ​រាជាណាចក្រ​ស៊ុយអែត រហូតដល់​ខែសីហា ពួកគេ​បានប្រកាស​យុវជន ហ្គូ​ស្តា​វ ថា​ជា​រា​ជានុ​សិទ្ធិ របស់​ស៊ុយអែត ហើយ​អ្នក​ដែល​គាំទ្រ ហ្គូ​ស្តា​វ ដោយ​រួមទាំង​អ្នក ដែលជា​មន្ត្រី​របស់​ស្តេច គ្រី​ស្ទា​ន ខ្លះ​ផង នាំឱ្យ​មន្ត្រី​ទាំងនោះ អ្នកខ្លះ​ត្រូវបាន​ប្រហារជីវិត អ្នកខ្លះ​រត់​ភៀសខ្លួន​ចូល​ព្រៃ ។

​ជា​លទ្ធផល​នេះ នាំឱ្យ​ក្រុមប្រឹក្សា Privy (​ក្រុមប្រឹក្សារាជបល្ល័ង្ក​) របស់​ស៊ុយអែត​បាន​បាត់បង់ សមាជិក​ចាស់ទុំ​របស់​ខ្លួន​ជាច្រើន ហើយ​ជំនួស​ដោយ​អ្នកគាំទ្រ ហ្គូ​ស្តា​វ ទៅវិញ ។ ជា​បន្តបន្ទាប់ ទីក្រុង និង​បន្ទាយ ត្រូវបាន​លុកលុយ និង​កាន់កាប់​ដោយ​ក្រុម​ឩ​ទ្ទាម របស់ ហ្គូ​ស្តា​វហើយ​នៅ រដូវរងារ ឆ្នាំ​១៥២៣ កងទ័ព​រួបរួម​របស់ ហ្គូ​ស្តា​វ បាន​ដឹកនាំ​ការវាយលុក​ទីតាំង​ធំ​របស់​ដា​ណឺ​ម៉ាក និង​ន័​វេស៍ ដូចជា​នៅ​តំបន់ Scania តំបន់ Halland តំបន់ Blekinge និង តំបន់ Bohuslän ។​

​ក្រុមប្រឹក្សា Privy ដឹងថា ការគាំទ្រ​ពី Lübeck ដែល​គាំទ្រ ហ្គូ​ស្តា​វ យ៉ាង​ពេញទំហឹង​នោះ គឺជា​កត្តា​សំខាន់បំផុត ទើប ក្រុមប្រឹក្សា នេះ សម្រេចចិត្ត ជ្រើសរើស ហ្គូ​ស្តា​វ អេ​រីក​សាន់ ឱ្យ​ឡើង​ធ្វើជា​ស្តេច ស៊ុយអែត នៅ​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៥២៣ ។

​តំណាង​អាល្លឺម៉ង់ បាន​គាំទ្រ​នូវ​ការជ្រើសរើស​តែងតាំង ហ្គូ​ស្តា​វ ជា​ស្តេច ស៊ុយអែត​ដោយ​គ្មាន ភាពស្ទាក់ស្ទើរ ហើយ​បានប្រកាសថា ការជ្រើសរើស​នោះ​គឺជា សកម្មភាព របស់​ព្រះ​ជា​ម្ចាស់ ។ ហ្គូ​ស្តា​វ បាន​ថ្លែងថា គាត់​មិនអាច​បដិសេធ​បានឡើយ​ពោលគឺ​ត្រូវតែ​បន្ទន់ឥរិយាបថ​ទៅនឹង​អ្វី ដែល​ត្រូវបាន​បរិ​យា​ថា ជា​ចេតនា​របស់​ព្រះ​ជា​ម្ចាស់​។ ដូច្នោះ ហ្គូ​ស្តា​វ អេ​រីក​សាន់​ត្រូវបាន​ជ្រើស រើស​ជា​ស្តេច នៃ រាជាណាចក្រ ស៊ុយអែត ។ ទំនាក់ទំនង​សហប្រតិបត្តិការ រវាង ស៊ុយអែត ជាមួយ អាល្លឺម៉ង់ បាន​កើនឡើង​យ៉ាងគំហុក​ទាំង​វិស័យ​ពាណិជ្ជកម្ម ទាំង​វិស័យ​កងទ័ព ។

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៥២៣ នោះ ពួក​ឩ​ទ្ទាម ( របស់ ហ្គូ​ស្តា​វ ) បាន​ចូល​កាន់កាប់​ទីក្រុង ស្តុក​ខុល ដែលជា​រាជធានី​របស់​ស៊ុយអែត ហើយ​បានរៀបចំ​ក្បួន​យ៉ាង​មាន​កិត្តិយស​ស្វាគមន៍ ស្តេច ហ្គូ​ស្តា​វ ឱ្យ​ចូលទៅ​គង់ នៅក្នុង​រាជវាំង Tre Kronor នៃ​រាជាណាចក្រ ស៊ុយអែត ។​

​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៥២៤ ស្តេច ហ្គូ​ស្តា​វ បាន​យាង​ទៅដល់​រាជធានី​ម៉ា​ល់​ម៉ូ (​រាជធានី ធំ​លំដាប់​ទី​៣ នៃ​ដា​ណឺ​ម៉ាក ) ដើម្បី​រក​ដំណោះស្រាយ ជាមួយ​ស្តេច ហ្រេ​ដឺ​រីក នៃ ដា​ណឺ​ម៉ាក​។​

​នៅ​ទីបំផុត សម្រេច​បានជា​សន្ធិសញ្ញា​មួយ​ឈ្មោះថា សន្ធិសញ្ញា​ម៉ា​ល់​ម៉ូ ( ដែល​ចែងថា “ ដា​ណឺ​ម៉ាក​-​ន័​រវេ​ស៍ ទទួលស្គាល់​ពី​ឯករាជភាព​របស់​ស៊ុយអែត ) ។ សន្ធិសញ្ញា​នេះ​បានបញ្ចប់ សង្គ្រាម ដើម្បី​សេរីភាព របស់​ប្រជាជន​ស៊ុយអែត ។

​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជ្រើសរើស មេ​ចលនា​តស៊ូ​ឩ​ទ្ទាម​ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា ឬ ហ្គូ​ស្តា​វ អេ​រី​សាន់ ( ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​១៥២៣ ) ដែលជា​ហេតុនាំឱ្យ​ឈានទៅរក​ការ​បាន​ឯករាជភាព របស់ ស៊ុយអែត ពី​ដ៉ា​ណឺ​ម៉ាក នោះ នៅ​ឆ្នាំ​១៩៨៣ បានប្រកាសថា ថ្ងៃទី​៦ ខែមិថុនា គឺជា​ទិវា​ជាតិ នៃ​ប្រជាជន​ស៊ុយអែត ។​ ​

​ឆ្លងកាត់​ការឈឺចាប់ និង​សង្គ្រាម​ជាច្រើន​គ្រា​មក ស៊ុយអែត បាន​ក្លាយជា​អ្នក​លុកលុយ ដា​ណឺ​ម៉ាក វិញ រហូតដល់​បង្ខំ​ឱ្យ ន័​រវេ​ស៍ ផ្តាច់ខ្លួន​ចេញពី ដា​ណឺ​ម៉ាក បង្កើតបានជា​រាជា ណា​ចក្រ ន័​រវេ​ស៍ ឯករាជ្យ​មួយ នៅ​ឆ្នាំ​១៨១៤ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

រូបសំណាក​ស្តេច ហ្គូ​ស្តា​វ អេ​រីក​សាន នៃ ស៊ុយអែត
ទីក្រុង​ស្តុក​ខុល នៃ រាជាណាចក្រ ស៊ុយអែត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ