សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​រំលឹក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ​-១៩

133
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​រំលឹក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​២១៦​ប្រទេស ទូទាំង​ពិភពលោក បន្ទាប់ពី​មើលឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​មានការ​ធ្វេសប្រហែស​នោះ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​ខ្ញុំ​សូម​រំ​ឮ​ក​ដាស់តឿន​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​២១៦​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ កូ​វីដ​១៩ ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»​។

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​បន្តថា កូ​វីដ​១៩ បាន​បន្ត​ឆ្លង និងសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ។ ទោះ​អត្រា​ឆ្លង​រោគ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​មាន​កម្រិត​ទាប ហើយ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​ច្រើន​មែន ក៏ប៉ុន្តែ​យើង​មិនត្រូវ​បណ្តោយ​ខ្លួន​ធ្វេសប្រហែស​មើលស្រាល​លើ​ជំងឺឆ្លង​រាតត្បាត​មួយ​នេះ​ដាច់ខាត ។ សូម​ដាក់​តាម​ខ្លួន​ជាប់​ជាប្រចាំ​នូវ​ម៉ាស និងលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល និង ជេ​ល​។

​សម្តេច​តេ​ជោ ហ៊ុន សែន សូមឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទទួលខុសត្រូវ​បន្ត​ពិនិត្យ​ទៅតាម​ភោជនីយដ្ឋាន ផ្សារ​តូចធំ ទីកន្លែង​ប្រជុំជន និង​កន្លែង​បណ្តុំ​ក្រុមមនុស្ស​ច្រើន អំពី​ការអនុវត្តន៍​អនាម័យ​ប្រចាំថ្ងៃ ដែល​ត្រូវតែ​មានទឹក​អាល់កុល និង​ជែល​លាងដៃ​សម្រាប់​អតិថិជន ជាពិសេស​គឺ​នៅតាម​គ្លីនិក​ព្យាបាល​ជំងឺ និងមន្ទីរពេទ្យ​គឺ​ត្រូវតែមាន​ជែល ឬ ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​មនុស្ស​ចេញចូល​ក្នុង​មន្ទីរពេទ្យ​ប្រើប្រាស់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​មេរោគ​ពី​ម្នាក់​ទៅ​ម្នា​ក់បាន​ដោយសារតែ​ការធ្វេសប្រហែស​គ្មាន​ការប្រុងប្រយ័ត្ន​។

​សូម​បងប្អូន​ជនរួមជាតិ​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល មន្ទីរពេទ្យ និង​រាយការណ៍​ជាបន្ទាន់​មក​លេខ​១១៥ ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​អំពី​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​សូម​តាមដាន​និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​អំពី​វិធី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

​សម្តេច ក៏​សូម​អរគុណ​ដល់​អ្នក​សារ​ព័ត៌មាន វិទ្យុ ទូរទស្សន៍ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​អន​ឡាញ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​កូ​វីដ​១៩​ទាន់​ហេតុការណ៍ និង​អំពី​វិធី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ផងដែរ​៕ ល​/Ha/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ