ធីម ឃុគ និង ម៉ាក ហ្សាក់ឃើបឺក បរិច្ចាគរាប់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

152
ចែករម្លែក

មរណភាពរបស់លោកចច ផ្លយក្រោមកណ្តាប់ដៃរបស់មន្រ្តីប៉ូលិសក្រុងមីននីប៉ូលីសកាលពីថ្ងៃទី ២៥ ខែឧសភាបាននាំឱ្យមានការតវ៉ានៅពាសពេញសហរដ្ឋអាម៉េរិក ដែលការតវ៉ាខ្លះបានឈានទៅរកអំពើហិង្សា ដោយមានទាំងកុបកម្មនិងការលួចប្លន់។ ដោយមើលឃើញពីភាពវឹកវរក្នុងសង្គមជាបន្តបន្ទាប់ នាយកប្រតិបត្តិបច្ចេកវិជ្ជាធំៗ ដូចជាលោក ជែក ដ័រសី ប្រធាន Twitter លោក ម៉ាក ហ្សាក់ឃើបឺក ប្រធាន Facebook និងលោក ធីម ឃុគ ប្រធាន Apple ក៏ដូចជាលោក ប្រាយអែន ឆេស្គី ប្រធាន Airbnb បានប្រកាសពីការបរិច្ចាគថវិការាប់លានដុល្លារដល់ចលនាសិទ្ធិស៊ីវិលនានា ដែលកំពុងប្រយុទ្ធតស៊ូដើម្បីយុត្តិធម៌ពូជសាសន៍។

លោក ម៉ាក ហ្សាក់ឃើបឺក បានប្រកាសនៅក្នុងទំព័រ Facebook ថា ក្រុមហ៊ុនបានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លារអាម៉េរិកដល់អង្គការនានាដែលធ្វើយុទ្ធនាការដើម្បីយុត្តិធម៌ពូជសាសន៍។ លោកហ្សាក់ឃើបឺកបានសរសេរថា “យើងកំពុងធ្វើការជាមួយទីប្រឹក្សាសិទ្ធិស៊ីវិលនិងនិយោជិតរបស់យើងដើម្បីកំណត់អត្តសញ្ញាណអង្គការថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ ដែលអាចប្រើប្រាស់ថវិកានេះយ៉ាងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ននេះ”។

ស្ថាបនិក Facebook រូបនេះបានបង្ហាញនៅក្នុងសារមួយថា ការប្តេជ្ញាចិត្តនេះគឺបន្ថែមទៅលើទឹកប្រាក់ប្រមាណ ៤០ លានដុល្លារអាម៉េរិកដែលគំនិតផ្តួចផ្តើមចាន់ហ្សាក់ឃើបឺកបានវិនិយោគ “រាល់ឆ្នាំអស់រយៈពេលជាច្រើនឆ្នាំ” នៅក្នុងអង្គការនានា ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ពូជសាសន៍។

ទន្ទឹមនឹងនេះដែរ លោក ​ជែក ដ័រសី របស់ Twitter បានបរិច្ចាគប្រាក់ចំនួន ៣ លានដុល្លារអាម៉េរិកដល់អង្គការ Know Your Rights Camp របស់អតីតកីឡាករក្របខណ្ឌ NFL និងជាសកម្មជនសិទ្ធិស៊ីវិលលោក ខូលីន កែពើនីក។ លោកដ័រសីបានសរសេរនៅលើបណ្តាញសង្គម Twitter ថា ការបរិច្ចាគនេះនឹងត្រូវប្រើដើម្បីជួយ “លើកកម្ពស់សេរីភាពនិងសុខុមាលភាពរបស់សហគមន៍ស្បែកខ្មៅនិងស្បែកត្នោតតាមរយៈការអប់រំការពង្រឹងអំណាចខ្លួនឯងការប្រមូលផ្តុំមហាជនដើម្បីគាំទ្រដល់មេដឹកនាំនៃការផ្លាស់ប្តូរជំនាន់ក្រោយ”៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាក ហ្សាក់ឃើបឺក (ឆ្វេង) និង លោក ធីម ឃុគ