តុលាការ​ឃុំខ្លួន​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​លើក​ទី​២

74
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អតីត​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​នៅ​រសៀល​ថ្ងៃ​ដដែល​តុលាការ​បានសម្រេច​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូបនេះ​ដាក់ពន្ធនាគារ​ជា​លើក​ទី​២​។​

​ការចាប់ខ្លួន​លោក ហេង​ច័ន្ទ​សុ​ទ្ធី​អតីត​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​មិនដែល​បាន​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​តាម​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​។​

​គួររំលឹកថា​ឈ្មោះ​ហេង​ច័ន្ទ​សុ​ទ្ធី​ហៅ​ធី​ភេទ​ប្រុស​កើត​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​១៩៦២​មុខរបរ​អ្នក​គួ​ក​ជេរ​ដី​មាន​ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​៣​រាជធានី​ភ្នំពេញ​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​អណ្ដូង សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​

​ឪពុក​ឈ្មោះ ហៃ ហេង (​ស្លាប់​) ម្ដាយ​ឈ្មោះ អាំង ជា (​ស្លាប់​) ប្រពន្ធ​ឈ្មោះ ឡុង​ណារិន​មានកូន​ចំនួន ០៥ នាក់ ជា​នីតិជន ត្រូវបាន​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​២០១៩ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​បន្ទាប់ពី​ជាប់ឃុំ​នៅ​ពន្ធនាគារ​មួយរយៈ​រួចមក​តុលាការ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​តែ​ដាក់​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ