ជនបរទេស​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​តុលាការ​ឃុំខ្លួន​ករណី​បោកប្រាស់​លុយ​ជនរងគ្រោះ​តាម​ហ្វេ​ស​ប៊ុ​ក

106
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត​ដែល​បាន​រៀប​គម្រោង​បោកប្រាស់​ជនរងគ្រោះ​ឱ្យ​ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​ចំនួន​៣.៥០០​ដុល្លារ​អាមេរិក​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ឈ្មោះ IWUJI DES MOND អាយុ​៣១​ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ ញឹក​សា​រ៉ា​ត​អាយុ​៣៥​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​។​សមត្ថកិច្ច​បញ្ជាក់ថា​ពួកគេ​ទាំង​២​បានឱ្យ​ជនរងគ្រោះ​ម្នាក់​ឱ្យ​ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​ចំនួន​៣​ដង​សរុប​៨.៥០០​ដុល្លារ​អាមេរិក​។​

​តែ​ជនរងគ្រោះ​ទើបតែ​ផ្ញើ​បាន​៣.៥០០​ដុល្លារ​អាមេរិក​ក៏មាន​ការសង្ស័យ​ទើប​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ójy​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​តែម្តង​។​សមត្ថកិច្ច​បន្តថា​ល្បិចកល​ដែល​ជនល្មើស​ទាំងពីរ​នាក់​នេះ​បាន​ប្រើ​សម្រាប់​ឆបោក​ជនរងគ្រោះ​គឺ​មិន​ខុសពី​ល្បិច​ជនល្មើស​មុនៗ​ទេ​។​

​ដោយ​ដំបូង​ឡើយ​ពួកគេ​បាន​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជា​ឈ្មោះ​បរទេស​«ShefeekWilson»​ទំនាក់ទំនង​មកកាន់​ជនរងគ្រោះ​ដោយ​ប្រាប់ថា​រូបគេ​រស់នៅ​សហរដ្ឋអាមេរិក​។​បន្ទាប់ពី​បាន​ឆាត​រកគ្នា​ទៅវិញទៅមក​អស់​រយៈពេល​៣​ខែ​ជនល្មើស​ក៏បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា​គាត់​ជិត​ចូលនិវត្តន៍​ហើយដោយ​ស្រឡាញ់​ចូលចិត្ត​និង​មាន​និស្ស័យ​ជាមួយ​ជនរងគ្រោះ​គាត់​ចង់​ផ្ញើ​ប្រាក់​មកឱ្យ​ជនរងគ្រោះ​ដើម្បី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ទុក​សម្រាប់​ពេល​គាត់​មកលេង​ស្រុក​ខ្មែរ​មានផ្ទះ​នៅ​ស្រាប់​។​

​គាត់​ប្រាប់ទៀតថា​ពេល​គាត់​ផ្ញើ​លុយ​មក​នឹង​ឱ្យគេ​ទំនាក់ទំនង​មក​ជនរងគ្រោះ​តាម​ទូរស័ព្ទ​ហើយ​ជនរងគ្រោះ​ក៏​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​ជនល្មើស​វិញ​។​សមត្ថកិច្ច​បន្តទៀតថា​ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ក៏មាន​លេខ​ទូរស័ព្ទ​0963885014​បាន​ហៅ​មកកាន់​ជនរងគ្រោះ​ឱ្យ​ផ្ញើ​លុយ​ទៅ​គេ​ដើម្បី​រៀបចំ​ឯកសារ​ដក​ប្រាក់​ដែល​គេ​ផ្ញើ​មកពី​សហរដ្ឋអាមេរិក​។​ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ទៅវិញ​ថា​ជួយ​ដឹកជញ្ជូន​លុយ​ទាំងនោះ​មកដល់​ផ្ទះ​របស់​ខ្លួន​មក​។​

​តែ​គេ​ប្រាប់ថា​វិញ​ថា​ទាល់តែ​ផ្ញើ​លុយ​ទៅ​រៀបចំ​ឯកសារ​ត្រឹមត្រូវ​ទើប​ដក​លុយ​បាន​។​ដូច្នេះ​ជនរងគ្រោះ​បាន​ផ្ញើ​លុយ​តាម​ទ្រូ​ម៉ាន់​នី​ចំនួន​៥០០​ដុល្លារ​ដោយ​គេ​ប្រាប់ថា​រត់ការ​តាម​ស្ថានទូត​។​ពេល​ផ្ញើ​លុយ​រួចហើយ​ជនរងគ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​ម្ដងទៀត​តាម​វី​ង​ចំនួន​២.៥០០​ដុល្លារ​ដោយ​គេ​ប្រាប់ថា​ដើម្បី​រត់ការ​តាមរយៈ​គយ​។​
​លុះ​ក្រោយមកទៀត​ជនល្មើស​បាន​ប្រាប់​ឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ចំនួន​៥.៥០០​ដុល្លារ​បន្ថែមទៀត​ទើប​ធ្វើឯកសារ​រួចរាល់​។​តែ​ដោយ​ជនរងគ្រោះ​ស្ដាប់​ច្រឡំ​ក៏​ផ្ញើ​លុយ​ទៅ​ជនល្មើស​តែ​៥០០​ដុល្លារ​ស្រាប់តែ​ជនល្មើស​បាន​ទូរស័ព្ទ​មក​ម្ដងទៀត​ឱ្យ​ផ្ញើ​លុយ​បន្ថែម​៥.០០០​ដុល្លារ​ទើប​អាច​ដក​លុយ​ពី​សហរដ្ឋអាមេរិក​បាន​។​ដោយសារ​ជនរងគ្រោះ​គ្មាន​ប្រាក់​ផ្ញើ​ទៅទៀត​និង​មានការ​សង្ស័យ​ផង​នោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​តែម្ដង​។​

​ក្រោយពេល​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ហើយ​នោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ