ធនាគារ​មួយ​ចង់​ចូលរួមចំណែក​ជា​ដៃគូ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ​ក្នុង​វិស័យ​សាធារណការ​

107
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​ជេ​ត្រាស់​រ៉ូយ៉ាល់​(JTrustRoyalBank)​ដឹកនាំ​ដោយ​លោកស្រី​ហង់​ជូន​ណា​រីតា​នាយិកា​នាយកដ្ឋាន​សេវាកម្ម​ធនាគារ​ផ្នែក​សាជីវកម្ម​។​

ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​កិច្ចសហការ​រវាង​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​និង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុងការ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋនៅក្នុង​កម្ពុជា​ដើម្បី​រួមចំណែក​ជំរុញ​សេវាសាធារណៈ​ឱ្យបាន​ឆាប់រហ័ស​តម្លាភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។​
​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​ថា​៖​ការបង់​កម្រៃ​សេវាសាធារណៈ​ទាំងអស់​មក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​ហិរញ្ញវត្ថុ​និង​ធនាគារ​ជា​ដៃគូ​ដែល​រួមមាន​៖​ស្មា​ត​លុយ​លី​ហួរ​តារា​ផេ​ធនាគារ​អេស៊ីលីដា​ធនាគារ​កម្ពុជា​និង​ធនាគារ​វី​ង​។​ដែល​អាច​បង្ក​ភាពងាយស្រួល​និង​ចំណេញ​ពេលវេលា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ទូទាត់​ថ្លៃ​សេវាសាធារណៈ​ទាំងនោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើកចំហ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ផ្ដល់​ជម្រើស​ឱ្យ​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទូទាត់​ថ្លៃ​សេវាសាធារណៈ​ចំណេញ​ពេលវេលា​និង​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​នានា​ផងដែរ​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​ឱ្យ​ប្រតិភូ​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​សិក្សា​អំពី​នីតិវិធី​និង​បច្ចេកទេស​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ការតភ្ជាប់​រវាង​ប្រព័ន្ធ​ទាំងពីរ​៕S/

​ចំណងជើង​រូបថត​៖​ធនាគារ​ជេ​ត្រាស់​រ៉ូយ៉ាល់​ចង់​ចូលរួមចំណែក​ជា​ដៃគូ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​