ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​នៅ​សម័យ​ខ្មែរក្រហម​

202
ចែករម្លែក

ដោយៈ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ការឈឺចាប់​ដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​នៅ​សម័យ​ខ្មែរក្រហម​នោះ​គឺ​នៅពេលដែល​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទឹម​នង្គ័ល​ភ្ជួរស្រែ ប៉ុន្តែ​ថ្ងៃមួយ​ខ្ញុំ​បាន​ព្យាយាម​ប្រកែក​តវ៉ា​ព្រោះ​ខ្ញុំ​មិនមាន​កម្លាំង​អូស​នង្គ័ល​នោះបាន​ទៀត​ទេ​។​ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ​អាច​រួចផុតជីវិត​ទេ​ព្រោះ​ការ​ប្រឆាំងនឹង​អង្គការ​គឺ​មិនអាច​គេចផុត​ពី​សេចក្តី​សា្ល​ប់​ឡើយ​។​

នេ​ត វ៉េ​ត អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
(​ហូ ថុ​នា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ខ្ញុំ​ឈ្មោះ នេ​ត វ៉េ​ត អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​តំបន់​៥(​បន្ទាយមានជ័យ​)​។ បន្ទាប់ពី​ខ្មែរក្រហម​ឡើង​គ្រប់គ្រង​ប្រទេស​នៅ​ឆ្នាំ​១៩៧៥​គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ភូម​ស្រេះ​ខាងកើត ដោយ​ខ្មែរក្រហម​បានប្រកាសថា សូម​បងប្អូន​ដែល​រស់នៅ​ក្នុងភូមិ​ប៉ោយ​ក្តឿង​ទាំងអស់​ចាកចេញ​ពី​ភូមិ​របស់ខ្លួន​មួយរយៈ​សិន ព្រោះ​ដើម្បី​គេច​ពី​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​កងទ័ព​អាម៉េរិក​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​រស់នៅ​ភូមិ​ស្រេះ​ខាងកើត​។ ខ្មែរក្រហម​ចាប់ផ្តើម​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដាក់​ជា​របស់​រួម​ទាំងអស់​។ គោ​របស់ខ្ញុំ​ក៏ត្រូវ​បាន​ប្រមូល​ដាក់​ជា​សម្បត្តិ​របស់​អង្គការ​ដែរ​។ នៅពេលនោះ​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទឹម​នង្គ័ល​ភ្ជួរស្រែ ជំនួស​ឲ្យ​សត្វ​គោ​។ ខ្ញុំ​អូស​នង្គ័ល​ភ្ជួរស្រែ​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ដើរ​រហូតដល់​ទន់ជង្គង់​។ កង​ភ្ជួរ​របស់ខ្ញុំ​មាន​សមាជិក​បីនាក់ សុទ្ធសឹងតែ​ជាម​នុស្ស​ស្រី​វ័យ​ជំទង់​។ ខ្ញុំ​និង​សម​មិត្ត​នារី​ម្នាក់​អូស​នង្គ័ល​ខាងមុខ​។ ចំណែកឯ​មិត្ត​នារី​ម្នាក់ទៀត​ជា​អ្នក​សង្កត់​នង្គ័ល​នៅ​ខាងក្រោយ​។ ខ្ញុំ​ធ្វើការ​នេះ​យ៉ាង​លំបាក​ប៉ុន្តែ​ខ្ញុំ​ទទួលបាន​របប​មាន​ត្រឹមតែ​ដំឡូង​មី​និង​បបរ​សម្រាប់​បរិភោគ​តែប៉ុណ្ណោះ​។​ថ្ងៃមួយ​ខ្ញុំ​បាន​ប្រាប់​ទៅ​ប្រធាន​កង​ថា ខ្ញុំ​មិនអាច​ធ្វើ​ការងារ​នេះ​តទៅទៀត​បានទេ​ព្រោះ​ដីស្រែ​នេះ​សូម្បីតែ​សត្វ​គោ​ក៏​មិនអាច​អូស​នង្គ័ល​ទៅមុខ​រួច​ដែរ​។ ដីស្រែ​មាន​សភា​ពរឹង​ព្រោះ​វា​ជា​រដូវប្រាំង​។​ខ្ញុំ​នឹក​គិតថា ខ្ញុំ​ច្បាស់​ជា​ស្លាប់​ព្រោះ​ខ្ញុំ​ហ៊ាន​តវ៉ា​។ ប្រធាន​កង​បាន​និយាយ​មកកាន់​ខ្ញុំ​វិញ​ថា «​មិន​អី​ទេ​ប្រសិនបើ​មាន​គោ​ចាំ​យកមក​ភ្ជួរ​ជំនួស​ចុះ​»​។ ខ្ញុំ​អន់​ចិត្តនឹង​សម្តី​របស់​ប្រធាន​កង ហើយ​សម្តី​នេះ​នៅ​ដិតដាម​ជាប់​នៅក្នុង​អារម្មណ៍​របស់ខ្ញុំ​ជានិច្ច​។


​នៅ​ថ្ងៃ​មួយពេល​ខ្ញុំ​វិល​ត្រឡប់មក​ភូមិ​វិញ ខ្ញុំ​បានឃើញ​គោ​របស់​បងប្រុស​ខ្ញុំ​នៅមុខ​ផ្ទះ ប៉ុន្តែ​មិនឃើញ​ម្ចាស់​ឡើយ​។ ពេលនោះ​បងប្រុស​ខ្ញុំ​នៅ​កង​ភ្ជួរស្រែ​។ ខ្ញុំ​ភ័យ​ស្លន់ស្លោ​រហូតដល់​ដួលសន្លប់ ប៉ុន្តែ​បាន​កង​ម៉ែៗ​នៅក្នុង​ភូមិ​ជួយ​ធ្វើ​ចលនា​បេះដូង និង​ច្របាច់​ដៃជើង​រហូតដល់​ខ្ញុំ​ដឹងខ្លួន​។ ខ្ញុំ​និយាយ​ទៅកាន់​ម៉ែៗ​នៅក្នុង​ភូមិ​ថា បងប្រុស​របស់ខ្ញុំ​ប្រហែល​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ហើយ​។ ខ្ញុំ​បាន​ព្យាយាម​តាម​សួររក​បងប្រុស​របស់​ខ្ញុំ​នៅតាម​ភូមិ​ផ្សេងៗ ប៉ុន្តែ​នៅតែ​រក​មិនឃើញ​គាត់​។ អ្នកភូមិ​ម្នាក់​ដែល​ដឹង​ដំណឹង​ពី​បងប្រុស​របស់ខ្ញុំ​បាន​និយាយប្រាប់​ខ្ញុំ​ថា បង​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ហើយ​។ ខ្មែរក្រហម​បាន​ចោទប្រកាន់​គាត់​ថា «​ក្បត់​អង្គការ​» ដោយសារ​បងប្រុស​រប​ស់​ខ្ញុំ​បាន​និយាយថា «​ប្រសិនបើ​កូនប្រុស​របស់គាត់​ស្លាប់ គាត់​ក៏​មិន​ចង់​រស់​ទៀត​ដែរ​»​។ កូនប្រុស​របស់គាត់​បា​ន​ស្លាប់​ដោយសារ​ជំងឺ​។ គ្រាន់តែ​ពោល​ពាក្យ​ដូច្នេះ​ធ្វើ​ឲ្យ​គាត់​មិនអាច​មានជីវិត​រស់នៅ​បាន​។ មុននឹង​ខ្មែរក្រហម​សម្លាប់​បងប្រុស​របស់ខ្ញុំ មាន​ប្រជាជន​ដែល​រស់នៅ​ភូមិ​ជាមួយគ្នា​បាន​និយាយ​ទៅកាន់​គាត់​ថា «​សម​មិត្ត​បង​ឯង​គួរតែរ​ត់ទៅ​តំបន់​៣ ដើម្បី​គេចខ្លួន​មួយរយៈ​សិន​ទៅ​។ តំបន់​បី​គឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ទាំង​៧ នៃ​ភូមិភាគ​ពាយ័ព្យ​។ បងប្រុស​ខ្ញុំ​បាន​ឆ្លើយតប​វិញ​ថា «​ខ្ញុំ​មិនអាច​រត់ចោល​ប្រពន្ធ​កូន​ខ្ញុំ​បានទេ​» លុះដល់​ព្រឹក​ឡើង​បងប្រុស​របស់ខ្ញុំ​ក៏ត្រូវ​បាន​គណៈ​ឃុំ​ឈ្មោះ តា​ក្រក និង តា​ផន បានមក​យក​គាត់​ចេញទៅ​បាត់​។ នៅពេលដែល​ខ្ញុំ​រំឭក​រឿងរ៉ាវរ​បស់បង​ប្រុស​ខ្ញុំ ទឹកភ្នែក​ខ្ញុំ​តែងតែ​ស្រក់​ចុះមក​។ ខ្ញុំ​ឈឺចាប់​នូវ​ទង្វើ​របស់​គណៈ​ឃុំ​ខ្មែរក្រហម​ដែល​បាន​ប្រព្រឹត្ត​មកលើ​បងប្រុស​របស់ខ្ញុំ​ដែល​គ្មាន​កំហុស​។ មាន​យប់​ខ្លះ​ខ្ញុំ​លួច​អុជ​ធូប​បន់ស្រន់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យ​ខ្ញុំ​ឆាប់​រួច​ផុតពី​របប​ខ្មែរក្រហម​។ ប៉ុន្តែ​ប្រសិនបើ​ខ្មែរក្រហម​តាម​ទាន់​ខ្ញុំ​កំពុង​អុជ​ធូប ខ្ញុំ​ច្បាស់​ជា​ទទួលរង​នូវ​ទារុណកម្ម ឬ​យក​ខ្ញុំ​ទៅ​សម្លាប់​មិនខានឡើយ​។


​មាន​ថ្ងៃ​មួយពេល​ខ្ញុំ​កំពុង​ច្រូតស្រូវ​ស្រាប់តែ​បានឃើញ​គីង្គក់​នៅ​សម្ងំ​នឹង​គុម្ព​ស្រូវ ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​យ៉ាងខ្លាំង​។ ខ្ញុំ​បាន​ចាប់​គីង្គក់​នោះ​ពន្លាត់ស្បែក​។ បន្ទាប់មក​ខ្ញុំ​បាន​យក​គីង្គក់​នោះ​លាក់ទុក​នៅក្នុង​ថ្នក់សំពត់​។ នៅពេល​ត្រឡប់មក​ដល់ផ្ទះ ខ្ញុំ​បាន​លួច​យក​គីង្គក់​ទៅ​លួច​អាំង​ហូប​ជាមួយ​បបរ​ដែល​ខាង​ចុងភៅ​ចែក​ឲ្យ​។ លុះដល់​ព្រឹក​ឡើង​ខ្ញុំ​វិលមុខ​យ៉ាងខ្លាំង ដោយសារ​ពុល​សាច់​គីង្គក់​។ ប្រធាន​ក្រុម​បានមក​ហៅ​ខ្ញុំ​ដល់ផ្ទះ​ដើម្បី​ឲ្យ​ចេញទៅ​ធ្វើការ​។ ខ្ញុំ​ធ្វើការ​ទាំង​ឈឺ​ដោយ​មិន​ហ៊ាន​សុំច្បាប់​ឈប់សម្រាក​ឡើយ​។ ក្រៅពី​ការងារ​ច្រូតស្រូវ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ស្ទូង និង​ដាំដំឡូង​ទៀត​។ ខ្ញុំ​ព្យាយាម​ធ្វើ​ការងារ​ទាំងនេះ​រហូត​ដល់​របប​ខ្មែរក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩​។ ខ្ញុំ​បាន​វិល​ត្រឡប់មក​រស់នៅ​ផ្ទះ​ក្នុងភូមិ​វិញ និង ធ្វើស្រែ​ចម្ការ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ក្រោយមក ខ្ញុំ និង​ប្រជាជន​ក្នុងភូមិ​មួយចំនួន​បាននាំគ្នា​ទៅ​ទិញសំពត់​គេចពន្ធ​ពី​ទឹកដី​ថៃ ដើម្បី​យកមក​ដូរ​យក​អង្ករ​ពី​ប្រជាជន​ដែល​រស់នៅ​ខេត្តសៀមរាប​។​


ខ្ញុំ​បាន​ទៅដល់​ជំរំ​ថ្មី ជំរំ​ចាស់ និង ជំរំ​ណង​ច័ន្ទ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដោយ​ប្រើ​រយៈពេល​មួយ​យប់​មួយថ្ងៃ​ទើប​ទៅដល់​ទីនោះ​។ ខ្ញុំ​បាន​វេច​អង្ករ ឆ្នាំង​ចាន និង​ម្ហូបអាហារ​សម្រាប់​ហូប​តាមផ្លូវ​។ នៅពេលនោះ​ខ្ញុំ​មាន​ប្រាក់​តិចតួច​ប៉ុណ្ណោះ​។ ខ្ញុំ​អាច​ទិញសំពត់​គេចពន្ធ​ពី​ថៃ​បានត្រឹមតែ​១២០​សំពត់ សម្រាប់​មួយ​ជើង​។ ខ្ញុំ​បាន​រកស៊ី​របរ​នេះ​អស់​រយៈពេល​ប្រហែល​មួយឆ្នាំ​។​ក្រោយមក​ខ្ញុំ​ក៏​បោះបង់​របរ​នេះ​ចោល ហើយ​បានមក​ធ្វើស្រែ​ចម្ការ​រហូតមក​។ សព្វថ្ងៃនេះ ខ្ញុំ​មិនអាច​ធ្វើការ​ធ្ងន់​បានទេ គឺ​ខ្ញុំ​បាន​ទៅ​វត្ត​សុំ​សីល​៕សរន

វាលស្រែ​ដែល​ទើប​ភ្ជួរ​រាស់​ហើយ នៅជាប់​ជើងភ្នំ​ស្រេះ ក្នុង​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
(​ហូ ថុ​នា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ