​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​មនុស្ស​៧​នាក់​និង​ថ្នាំញៀន​៤១​កញ្ចប់​

115
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ចំនួន​៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅក្នុង​ករណី​បទល្មើស​គ្រឿងញៀន​មួយ​ដែល​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយនិង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០ ខេត្តកំពង់ឆ្នាំង និង នៅ​រាជធានី​ភ្នំពេញ ។​

​លោក​វរសេនីយ៍ទោ​និល ប៊ុនធឿន មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​កំពង់ឆ្នាំង ទទួល​ការងារ​គ្រឿងញៀន​ស្ថិតក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ឱ្យដឹងថា​យោងតាម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់ សា​រ៉ាំ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​។ កាលពី​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​អាវុធហត្ថ​កំពង់ឆ្នាំង​បាន​ចុះទៅ​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​មួយកន្លែង​នៅ​ភូមិ​ត្រពាំង​ក្រពើ​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​។​

​ដោយ​ឃាត់​បាន​ជនសង្ស័យ​ជា​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​ក្រោយពី​ស្រាវជ្រាវ​សមត្ថកិច្ច​អាវុធ​ហ​ត្ត​កំពង់ឆ្នាំង​បាន​សហការ​បន្តទៀត​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ភ្នំពេញ​។​ដើម្បី​រកមុខ​សញ្ញា​ជន​សង្ស័យ​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ចែកចាយ​និង​ជួញដូរ​មក​កំពង់ឆ្នាំង​និង​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ ដែលជា​អ្នកជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។

​ក្រោយពី​បង្ក្រាប​ខ្សែបណ្តាញ​ករណី​គ្រឿងញៀន​សមត្ថកិច្ច​អាវុធហត្ថ​បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤១​កញ្ចប់​។​ក្នុងនោះ​មាន​១៦​កញ្ចប់​ធំ និង ២៥​កញ្ចប់​តូច ដែលមាន​ទម្ងន់​១២៦.៣៤​ក្រាម ។​ម៉ូតូ​ចំនួន​៣​គ្រឿង​ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង​និង​ប្រដាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕S/​