ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

80
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អណ្តើក​ហែប នៃ​អធិការនគរបាល​ស្រុក​រតនមណ្ឌល​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រៀង​ញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ទាំង​២​នាក់​មាន​: ១-​ឈ្មោះ​សា​អាង វិឆៃ​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អម្ពរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដកហូត​វត្ថុតាង​រួមមាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​៦​ថង់​ទម្ងន់​៤,៧២​ក្រាម ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង កាំបិត​ចំនួន​១​ដើម សម្ភារ​:​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់ និង​សម្ភារ​:​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ២-​ឈ្មោះ ធាន សុផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​១​ថង់​ទម្ងន់​១៣,៦៧​ក្រាម ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។ សរុប​ថ្នាំញៀន​ទាំង​២​នាក់ មាន​ចំនួន​៧​ថង់​ទម្ងន់​១៧,៣៩​ក្រាម​។​

​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានបញ្ជាក់​ថា ក្រោយ​ពេ​លេជ​ន​សង្ស័យ​ទាំង​២​នាក់ ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​មួយចំនួន ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ