បាតុកម្ម​ពាសពេញ​ពិភពលោក​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​

122
ចែករម្លែក

​ដោយ​នាំគ្នា​លត់​ជង្គង់​ត្រាប់​តាម​ប៉ូលិស​អាម៉េរិក វាយ​ស្គរ និង​មិន​អើពើ​នឹង​វិធានការ​គម្លាត​សង្គម ពួក​បាតុករ​ដែល​ពោរពេញ​ដោយ​កំហឹង​ចាប់ពី​ទីក្រុង​ស៊ីដនី​ដល់​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សៅរ៍​បាន​ចាប់​​ផ្តើម​ការជួបជុំ​តវ៉ា​ចុង​សប្តាហ៍​ប្រឆាំង​នឹង​កាត​ប្រកាន់​ជាតិ​សាសន៍​និង​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​។​

​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ក្រោម​ទម្ងន់​ជង្គង់​របស់​ប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ក្រុង​មី​នី​ប៉ូលិស របស់​សហរដ្ឋ​អាម៉េរិក បណ្តា​អោយ​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តាម​ដង​វិថី​នៅ​ទូ​ទាំង​អាម៉េរិក​ចំ​ពេល​ប្រទេស​​នេះ​ផ្ទុះ​ជំងឺឆ្លង និង​ការប្រឆាំង​តវ៉ា​ឥឡូវ​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​។​

​នៅក្រៅ​អាគារ​សភា​ក្នុង​ទីក្រុង​ឡុង​ដ៍ វាគ្មិន​ម្នាក់​បាន​ស្រែក​ទៅកាន់​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ថា «​វា​ដល់​ពេល​ដុត​ចោល​ការប្រកាន់​ជាតិ​សាសន៍​ជា​ប្រព័ន្ធ​ហើយ​»​ហើយ​ពួក​បាតុករ​បាន​ស្រែក​តប​វិញ​ថា​«​ស្ងៀមស្ងាត់​ជា​អំពើហិង្សា​»​។​

​មនុស្ស​រាប់ពាន់​នាក់​ជួបជុំ​ធ្វើបាតុកម្ម​ប្រឆាំង​ការប្រកាន់​ជាតិ​សាសន៍​នៅ​ក្រៅ​សភា​ក្រុង​ឡុង​ដ៍​និង​ក្រុង​មែន​ឆេ​ស្ទ័រ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​

​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តាម​ដង​វិថី​នៃ​ក្រុង​ស៊ីដ​នី មែ​ល​ប៊ឹន​និង​ទីក្រុង​ដទៃទៀត​នៅ​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍​

​ពួក​មន្ត្រី​នៅ​ជុំវិញ​ពិភពលោក​បាន​ព្យាយាម​សម្របសម្រួល​កំហឹង​របស់​ប្រជាជន និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​៤០០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​តែ​​បាតុករ​រាប់ម៉ឺន​នាក់​បាន​នាំគ្នា​ដើរ​ដង្ហែ​នៅ​អូស្ត្រាលី​និង​បារាំង​ដោយ​មិន​អើពើ​នឹង​ការព្រមាន​សុខភាព​ទេ​។​

​នៅ​ក្រុងប៉ារីស ប៉ូលិស​បាន​រារាំង​កុំ​អោយ​ពួក​បាតុករ​រាប់ពាន់នាក់​ដែល​ជួបជុំគ្នា​នៅក្រៅ​ស្ថានទូត​អាម៉េរិក​។​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏បាន​ដើរ​ដង្ហែ​ទៅកាន់​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ​។​​ពួកគេ​កាន់​បដា​ជាមួយនឹង​អក្ស​រថា «​កើតមក​ជា​អ្នក​ស្បែក​មិនមែន​ជា​បទឧក្រិដ្ឋ​» និង​«​ប៉ូលិស​របស់​យើង​ជា​ឃាតករ​»​។​

​បាតុកម្ម​នៅ​ក្រុង​ប៉ារីស និង​ក្រុង​នានា​នៅ​បារាំង​

​យោង​តាម​តួលេខ​ក្រសួងមហាផ្ទៃ មនុស្ស​ប្រមាណ​២៣.០០០​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បារាំង ក្នុងនេះ ៥.៥០០​នៅ​ក្រុងប៉ារីស​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ