​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​ហាម​អាជីវករ​លួច​សង់​សំណង់​រឹងមាំ​តាម​តំបន់​សមុទ្រ​

1123
ចែករម្លែក

​អត្ត​បទ​និង​រូបភាព​ដោយៈ​សុ​ផានី​តា​/​កោះកុងៈ​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​បាន​ចុះ​ណែនាំ​និង​ហាមប្រាម​ជា​លើកចុងក្រោយ​ដល់​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​នៅតាម​មាត់សមុទ្រ​ប៉ាក់​ខ្លង​មិនឱ្យ​លួច​សង់​សំណង់​រឹងមាំ​ណាមួយ​ជាដាច់ខាត​។​ការហាម​ប្រាម​យ៉ាង​ដូច្នេះ ដោយ​ពិនិត្យឃើញថា​មាន​អាជីវករ​មួយចំនួន​លួច​សង់​តូប​លក់ដូរ​ខុសពី​ការកំណត់​និង​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​។​

​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៣១ មីនា ២០១៨​កន្លងទៅ​ថា ការចុះ​ណែនាំ ធ្វើ​កិច្ចសន្យា​និង​ហាមប្រាម​ដល់​អាជីវករ​នៅពេលនេះ​ជា​លើកចុងក្រោយ​ហើយដោយ​ក្រោយពី​បានដាក់​ឱសានវាទ​ឱ្យ​ក្រុម​ពលរដ្ឋ​ជា​អាជីវករ​ទៅ​បំពេញ​កិច្ចសន្យា​។ ករណី​បើ​អាជីវករ​នៅតែ​បំពាន​ច្បាប់​ទៀត នឹង​ស្នើសុំ​វិធានការ​ពី គណៈបញ្ជាការ​ឯកភាព​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​អភិបាលស្រុក​មណ្ឌលសីមា​បង្ហាញ​ពី​លក្ខខណ្ឌ​ហាមឃាត់​ទៀតថា​ការបោះបង្គោល​ព្រំដី​ទិញ​លក់​ដី​ចំណី​ឆ្នេរ​ការចាក់ដី​បំពេញ​អាចម៍ដី​គ្មាន​ការអនុញ្ញាត សកម្មភាព​សាងសង់​តូប​លក់ដូរ​ខុសពី​ស្តង់ដារ​កំនត់ និង​ការកាប់បំផ្លាញ​ដើមឈើ​លើដី​ចំណី​ឆ្នេរសមុទ្រ គឺជា​ហាមប្រាម​របស់​អាជ្ញាធរ​ស្រុក មណ្ឌលសីមា ដោយ​មិន​ឯកភាព​អោយ​អា​ជីករ​ធ្វើ​ដូច្នេះ​ឡើយ​។​

​បច្ចុប្បន្ននេះ មាន​ម្ចាស់​តូប​ចំនួន​៣​ដែល​មិនបាន​ទៅធ្វើ​កិច្ចសន្យា​ជាមួយ អាជ្ញាធរ ក្នុងចំណោម​តូប​សរុប​ជាង​៣០​តូប ដែល​កំពុង​ប្រកប​អាជីវករ​ផ្តល់​សេវា​ហូបចុក និង​កម្សាន្ត​លេង​តាម​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ជា​បណ្តុះ​អាសន្ន​។​បើតាម​ការពិនិត្យ​វាយតម្លៃ​របស់​អាជ្ញាធរ​ស្រុក លោក ហាក់ ឡេង តូប​ដែល​ពុំ​បានធ្វើ​កិច្ចសន្យា គឺ​កំពុង​ពួកគេ​បាន​លួច​សង់​សំណង់​យ៉ាងរឹងមាំ​ខុស​ការកំណត់​ស្តង់ដារ​លើដី​រដ្ឋ និង​ខ្លះទៀត ហ៊ាន​រំលោភបំពាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​មួយឆ្នាំ​ម្តង​។ គ្រា​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​កិច្ចសន្យា​ជាង​៣​ឆ្នាំ មកហើយ​រវាង​ពលរដ្ឋ​ជា​អា​ជីករ និង​អាជ្ញាធរ​ស្រុក​។​

​ចំពោះ​ការហាម​មិនឱ្យ​សង់​សំណង់​រឹងមាំ និង​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នេះ អ្នកស្រី តិច ដែន និង​លោក គាន សំណាង ជា​អាជីវករ​លក់ដូរ​ម្ហូប​អាហារ​តាម​ឆ្នេរ​ប៉ាក់​ខ្លង មិន​បដិសេធ​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ទេ បើ​អាជ្ញាធរ​ពិតជា​រៀបចំ​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​ដោយ​តម្លាភាព​តាមច្បាប់​មែន​នោះ​។​

​ក្រុមអាជីវករ​លក់ដូ​រ​តាម​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ដដែល​ថ្លែងថា ពួកគេ​ពិតជា​យល់ដឹង​ច្បាស់​ណាស់​ថា តំបន់​ដែល​អាជីវកម្ម​សព្វថ្ងៃ​ជា​ដី​របស់​រដ្ឋ​។ ដូច្នេះ​ពួកគេ​មិន​រំលោភបំពាន​ខុសច្បាប់​ឡើយ ដោយ​គ្រាន់តែ​ពួកគេ​ពុំបាន​ទៅធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ក៏មាន​អា​ជីករ​មួយចំនួន​ផ្សេងទៀត អះអាងថា ខ្លួន​មានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ​។​

​គួរ​កត់សម្គាល់ថា ជាង​៣​ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា បាន​តម្រូវឱ្យ​ពលរដ្ឋ​ជា​អា​ជីករ​លក់ដូរ​តាម​តំបន់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​ទាំងអស់​មក​បំពេញ​កិច្ចសន្យា​ទៅតាម​ច្បាប់ ដើម្បី​ប្រកប​អាជីវកម្ម ដោយ​ម្ចាស់​តូប​ម្នាក់ អាច​ប្រើប្រាស់​ដី​ដែល​ជួល​ទំហំ​ចាប់ពី​បណ្តោយ​២០​ទៅ​៣០​ម៉ែត្រ​។ ករណី​ម្ចាស់​តូប បង្កើត​សកម្មភាព​បទល្មើស​ផ្ទុយ​នឹង​កិច្ចសន្យា គឺ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕S/

​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​ហាម​អាជីវករ​លួច​សង់​សំណង់​រឹងមាំ​តាម​តំបន់​សមុទ្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម