អូស្ត្រាលីច្រានចោលការអះអាងរបស់អាមេរិកដែលភ្ជាប់វីរុសកូរ៉ូណាទៅនឹងមន្ទីរពិសោធន៍នៅទីក្រុងវូហាន

268
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖កាសែត The Guardian បានសរសេរកាលពីពេលថ្មីៗនេះ​ថា៖រដ្ឋាភិបាល​អូស្ត្រាលីបានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកថាវីរុសកូរ៉ូណាអាចមានដើមកំណើតចេញ​ពីមន្ទីរពិសោធន៍ក្រុងវូហាន និង ប្រកាសតបវិញថា”ដូស្យេ” (សំណុំឯកសារ) ដែលផ្តល់​ទម្ងន់ដល់ទ្រឹស្តីមេរោគចេញពីមន្ទីរពិសោធន៍ចិនមិនមែនជាឯកសាររបស់ចារកម្ម”ភ្នែកប្រាំ” (សំដៅ​​លើសម្ព័ន្ធមិត្តចារកម្ម៥ប្រទេស ដូចជា អាមេរិក អូស្ត្រាលី នូវែលសេឡង់ កាណាដា​និង​ចក្រភពអង់គ្លេស)។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ម៉ូរីសុន មើលឃើញការជំរុញផ្សព្វផ្សាយទ្រឹស្តីវីរុស​កូរ៉ូណា​លេចធ្លាយពីមន្ទីរពិសោធន៍ក្រុងវូហានប្រទេសចិន ជាការធ្វើឱ្យខូចប្រយោជន៍ដល់​ការប្រឹងប្រែង​របស់អូស្ត្រាលីដើម្បីទទួលបានការគាំទ្រជាអន្តរជាតិសម្រាប់ការស៊ើបអង្កេតដោ​យ​ឯករាជ្យ​ចំពោះ​ប្រភពដើមនៃជំងឺកូវីដ១៩ និង ការដោះស្រាយជារួមនៃជំងឺរាតត្បាតនេះ​។

ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីហាក់រក្សាជំហរការទូតប្រុងប្រយ័ត្ន ដោយបដិសេធមិនគាំទ្រ​ការអះ​អាង​របស់អាមេរិកតែមិនបង្កអរិភាពជាមួយសម្ព័ន្ធមិត្តអាមេរិកដោយហេតុថា លោក  ដូណា​ល់ត្រាំ​ និងរដ្ឋមន្ត្រីការបរទេស ផម ផេវ បានអះអាងថាមានភស្តុតាងធំសម្បើមសម្រាប់ទ្រឹស្តីនេះ។

ការសន្និដ្ឋានថាអាចមានការចូលរួមពាក់ព័ន្ធរបស់ស្ថានទូតអាមេរិកក្នុងការចែកចាយដូស្យេនេះទៅកាន់ក្រុមហ៊ុនកាសែត News Corps បានបង្កើនកម្តៅការទូតថែមទៀត។ស្ថានទូត​អាមេ​រិក​​ប្រចាំនៅរដ្ឋធានីកង់បេរ៉ាមិនចេញមុខធ្វើអត្ថាធិប្បាយអ្វីទាំងអស់អំពីរឿងនេះ។

អនុប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និង សន្តិសុខរបស់សភាអូស្ត្រាលី លោក Anthony​ Byrne ខឹងសម្បារយ៉ាងខ្លាំងចំពោះដូស្យេមួយនេះ ដោយខ្លាចក្រែងថារឿងនេះ​អាចនឹង​រំលឹកឡើងវិញអំពីរឿងរ៉ាវអាថ៌កំបាំងទាក់ទងនឹង​ចារកម្មសម្ងាត់អំពីអាវុធមហា​ប្រល័យ​នៅ​អ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ។

កាសែត Guardian Australia បានដឹងថា លោក Byrne សមាជិកសភាមកពីបក្សពលករ បានទាក់ទងជាទៀងទាត់ជាមួយសហគមន៍ស៊ើបការណ៍សម្ងាត់និងសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលដើម្បីគាំទ្រពួកគេក្នុងការរុញច្រានតបវិញចំពោះការអះអាងរបស់រដ្ឋាភិបាលអាមេរិក។

នៅក្នុងការសន្ទនាទាំងនោះគាត់បានអះអាងថា ដូស្យេដែលផ្សព្វផ្សាយជាសាធារណៈនៅក្នុង​របាយ​ការណ៍កាសែតចុងសប្តាហ៍នេះគឺជាការប៉ុនប៉ងឥតលាក់លៀមដើម្បីដាក់ឥទ្ធិពល​មកលើ​ប្រទេសអូស្រ្តាលីដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនដោយឈរលើមូលដ្ឋាន​នៃចារកម្ម​មសម្ងាត់ ដែលមិនបានកើតមានទាល់តែសោះ។

ភាពតានបានកើតចេញពីរបាយការណ៍មួយនៅក្នុងកាសែត Daily Telegraph របស់ក្រុមហ៊ុន​កាសែត News Corp ដែលថា ដូស្យេ ១៥ ទំព័រដែលរៀបចំដោយរដ្ឋាភិបាលលោកខាងលិច បានរួមបញ្ចូលការរិះគន់ទៅលើការវាយលុករបស់ចិនទៅលើតម្លាភាពអន្តរជាតិនិងការព្រួយបារម្ភអំពីការអនុវត្តនៅវិទ្យាស្ថានវិទ្យាសាស្ត្រវូហាន។

កាសែត Daily Telegraph រាយការណ៍ថា ដូស្យេនោះបានដកស្រង់សម្តីរបស់ក្រុមអ្នក​ស្រាវ​ជ្រាវដែលរកឃើញសំណាកមេរោគកូរ៉ូណាពីរូងភ្នំមួយមានលក្ខណៈស្រដៀងនឹងហ្សែនរបស់កូវីដ១៩ រួមជាមួយការសំយោគវីរុសចេញពីសត្វប្រចៀវដែលមិនអាចព្យាបាលបាន។

ទោះយ៉ាងណា សារព័ត៌មាន Guardian Australia បានដឹងថា អូស្រ្តាលីបានប្រកាសដាច់​ណាត់​ថារបាយការណ៍នេះមិនមែនជាឯកសារចារកម្មភ្នែកប្រាំទេ។ គេជឿថាដូស្យេនោះមិនបាន​រាប់បញ្ចូលចារកម្មដើមពីប្រភពមនុស្សឬការស្ទាក់ចាប់បានព័ត៌មានសម្ងាត់តាមអេឡិចត្រូនិកនោះ​ទេ។

ផ្ទុយទៅវិញដូស្យេនោះហាក់ដូចជាការចងក្រងឯកសារពីប្រភពបើកចំហ របាយការណ៍​បើក​ចំហ និងការសិក្សានានា ដែលអាចរកបានជាសាធារណៈ។ អត្តសញ្ញាណរបស់អ្នកនិពន្ធដូស្យេនេះ​ក៏គ្មានអ្នកស្គាល់ដែរ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្រ្តាលីមិនគាំទ្រនោះទេនូវការលើកឡើងរបស់លោកត្រាំ ​និង​លោក​ផមផេវ ដែលនិយាយថា មានភស្តុតាងធំធេងថាវីរុសកូរ៉ូណាបានចាប់ផ្តើមចេញ​ពីក្នុង​មន្ទីរ​ពិសោធន៍វូហាន៕PH