ទន្ទឹមនឹង​បង្ក្រាប​ខាងក្រៅ កុំ​ភ្លេច​បោសសម្អាត​ខាងក្នុង​

166
ចែករម្លែក

គេ​អាច​នៅចាំ​បាន​ថា​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ កងកម្លាំង​សមត្ថកិច្ច បាន​បង្ក្រាបករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាង​ពីរ​គីឡូក្រាម​កាំភ្លើង​ពីរ​ដើម និង​ចាប់ខ្លួន​ប្រធានការិយាល័យ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខេត្តតាកែវ រួមទាំង​ស្ត្រី​ម្នាក់​។

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច បង្ហាញថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នេះ បានធ្វើ​ឡើង នៅ​ចំណុច​ច្រមុះ​ជ្រួក​ស្ទឹងមានជ័យ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ភា្ល​មៗ​កម្លាំងមន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ដកហូត​បាន​គ្រឿងញៀនជាង​ពីរ​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ឈុន សុមេធា តួនាទី​ជានាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តតាកែវ ពាក់​ស័ក្ដិ​បួន រស់នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី និង​ជនសង្ស័យ​ទី​២ ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​ក្រោយ​ឃាត់ខ្លួន កងកម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ បន្ដទៅ​ឆែកឆេរ​ទីតាំង​ពីរ​កន្លែង​ទៀត​។ ទីតាំង​ទី​១ នៅផ្ទះ​ជួលរ​បស់ជនស​ង្ស័​យ រកឃើញ​ផ្លាកលេខ​ម៉ូតូ​ចំនួន​បី និង​ទី​តាំងទី​ពីរ នៅផ្ទះ​របស់​សង្ស័យ​ផ្ទាល់ ក្នុងស្រុក​អង្គរ​បូរី ខេត្តតាកែវ រកឃើញ​អាវុធខ្លីអត់​ច្បាប់​ពីរ​ដើម កញ្ឆា​មួយចំនួន និង​ប្រដាប់​ថ្លឹង​គ្រឿងញៀនមួយចំនួន​។​ជនសង្ស័យ​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ សួរនាំ ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ចាត់ការ​បន្ដ​តាម​នីតិវិធី​។​
​ ​
​ចំពោះ​ករណី​ចាប់​ប៉េអឹម​ជា​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​តែ​បែរជា​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច និង​បាន​ជំ​រុញឱ្យ​ស្វែងរក​អ្នកពាក់ព័ន្ធ​ថែមទៀត ចំពោះ​ករណីនេះ​ដើម្បី​យកមកផ្តន្ទាទោស​។​
​ ​
​គេ​នៅ​ចាំបាន​ថា ករណី​កងកម្លាំង​សមត្ថកិច្ច ជា​អ្នក​បង្ក្រាប​គ្រឿងញៀន​ហើយ​បែរជា​រកស៊ី ជួញដូរ​គ្រឿងញៀន​នេះ បាន​កើតឡើង​ច្រើន​ករណី​មកហើយនៅ​កម្ពុជា​។ ក្នុងនោះ​កាលពីប៉ុន្មាន​ឆ្នាំមុន មេ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ឹក ដា​រ៉ា និង​បក្ខពួក​ជាប៉ូលិស​មួយចំនួនទៀត ក៏​ត្រូវបាន​ចាប់ខ្លួននាំទៅ​កាត់ទោស​ផងដែរ​។​

​មានការ​លើកឡើង​រួចមកហើយ​ថា ករណី​គ្រឿងញៀន​នេះ ប៉ូលិស​បង្ក្រាប ចាប់​មិនចេះ​អស់ ហើយ​រក​មេខ្លោង​ធំៗមិនឃើញ​សោះឡើយ​។ នៅ​ខេត្តតាកែវ ក៏​ដូច​នៅ​ខេត្ត​ដទៃទៀត គ្រឿងញៀន​បាន​ចូលដល់​ភូមិ តាម​ស្រែ តាម​ចម្ការ​។ ចាប់​មិន​អស់នេះ ដោយសារតែ​អ្នកខ្លះលើកឡើងថា កងកម្លាំង​សមត្ថកិច្ច​ខ្លះត្រូវ​រ៉ូវ​នឹង​ជនល្មើស ហើយ​រហូតដល់​សមត្ថ​កិច្ច​ខ្លះរកស៊ី​គ្រឿងញៀន​ថែម​ទៀតផង​។ ទាំងនេះ ជាការ​លើកឡើង​របស់​មហាជន​ដែល​គេលឺ​កន្លងមក​។

​យ៉ាងណាក៏ដោយ ករណី​គ្រឿងញៀន​នេះ សមត្ថកិច្ច ត្រូវតែ​បង្ក្រាប​ជាដាច់ខាត​ទោះបី​ជនល្មើស​នោះពាក់​ឯកសណ្ឋាន ជា​កម្លាំង​សមត្ថកិច្ច​អ្វី​ក៏ដោយ​។ កងកម្លាំង​សមត្ថកិច្ច​ជា​អ្នក​បង្ក្រាបបទល្មើស តែ​ដល់​កងកម្លាំង​សមត្ថកិច្ចទៅ​ប្រព្រឹត្ត​បទល្មើស តើ​ឲ្យ​ប្រជាពលរដ្ឋពឹង​នរណា​? ដូច្នេះ​ត្រូវ​សម្អាត​មុនគេ ដោយ​គ្មាន​យោគយល់ ហើយ​បើ​ស្រាវជ្រាវ​រកឃើញ​ពាក់ព័ន្ធ នរណាដែលមាន​ភស្តុតាង​ច្បាស់លាស់ ត្រូវអនុវត្ត​ច្បាប់ ចំពោះ​ជន​ទាំងនោះ​ដោយ​គ្មាន​ការ​យោគយល់ ដាច់ខាត​ត្រូវតែ​បង្ក្រាប ក្រោម​បទបញ្ជា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​ទុក​ឲ្យ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ខិលខូច​មួយចំនួន​តូច បង្ខូច​កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​កសាង​អភិវឌ្ឍ​ន៍​ប្រទេស ដែល​សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ ក៏ដូចជា​អាជ្ញាធរ​សមត្ថកិច្ច ខិតខំ​ដណ្តើម​មក​ដោយ​លំបាក​នោះទេ​៕ ដោយៈ​ម៉េង​ឆៃ​/Ha