សម្លាប់​នារី​មាន​ផ្ទៃពោះ​ដើម្បី​ប្លន់​យក​កូន​ក្នុង​ផ្ទៃ​

148
ចែករម្លែក

​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​បន្ទាប់ពី​នាង​បាន សម្លាប់​នារីវ័យក្មេង​ម្នាក់ ហើយ​ខ្វេះ​យក​កូន​ពី​ក្នុង​ស្បូន​របស់​នារី​រងគ្រោះ​យ៉ាង​សាហាវព្រៃផ្សៃ​ហួស​ថ្លែង​។​

​ប៉ូលិស​ក្រុង​ផ្លា​យ៉ា ដេ​ល កា​ម៉េ​ន (Playa del Carmen) ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ប្រទះ ឃើញសាកសព​ឆេះ​ខ្លោច​នៃ​នារី​រងគ្រោះ​វ័យ ១៧ ឆ្នាំ ដែលមាន​ទម្ងន់ ៧ ខែ​ច្រក​ក្នុង​ថង់​បោះចោលលើ​ចិញ្ចើមផ្លូវ​កាលពី​ថ្ងៃទី​៣០ ខែឧសភា​។​

​ការិយាល័យ​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ឃាតករ​ឈ្មោះ​ហ្សួ​នី​តា (Juanita) ប៉ុន្តែ​មិនបាន​បញ្ចេញឈ្មោះ​នារី​រងគ្រោះ​ឡើយ​។

​សមត្ថកិច្ច​ឱ្យដឹងថា ជនល្មើស​បាន​បបួល​ជនរងគ្រោះ​ទៅលេង​ផ្ទះ​របស់ខ្លួន ហើយក៏​ចាប់​នាងឃុំឃាំង​នៅ​ទីនោះ​តែម្ដង​។

​តាម​ការចោទប្រកាន់ថា ជនល្មើស​បាន​យក​ដុំថ្ម​សំពង​ក្បាល​នារី​រងគ្រោះ​មុនពេល​ចាក់​នាងនឹង​កាំបិត​រហូតដល់​ស្លាប់​ ហើយ​ខ្វេះ​យក​កូន​ចេញពី​ក្នុង​ពោះ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច នាង​បាន​ប្រញាប់ប្រញាល់​នាំ​ទារក (​កូនប្រុស​) ដែល​នាង​ខ្វេះ​ចេញពី​ក្នុង​ពោះ​ជនរងគ្រោះទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​មូលដ្ឋាន ដើម្បីឱ្យ​ពេទ្យ​ជួយសង្គ្រោះ ដោយ​ប្រាប់ថា​ជា​កូន​របស់​នាង​។ ជា​សំណាងល្អ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ទារក​នេះ​ទាន់ពេលវេលា​ឱ្យ​ផុតពី​ស្លាប់​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អះអាងថា ជនល្មើស​បានសម្លាប់​ជនរងគ្រោះ​ដើម្បី​ដណ្ដើម យក​កូន ព្រោះតែ​នាង​គ្មាន​លទ្ធភាព​មានកូន​ដោយ​ខ្លួនឯង និង​ខ្លាច​ប្ដី​បោះបង់ចោល​។​

​ជា​លទ្ធផល​ជនល្មើស​ត្រូវបាន​សមត្ថ​កិច្ច​ចោទប្រកាន់​ពីបទ​មនុស្សឃាត​។ ប្រសិនបើ​តុលាការ រកឃើញថានាង​ពិត​ជាមាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន ​នាង​អាច​នឹង​ជាប់ពន្ធនាគាររហូតដល់​ទៅ ៥០ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម​/Ha