ប្រវត្តិ​ខែ មេសា ទំនាយ​តាម​ក្បួនហោ​រាប​ច្ចឹ​ម​លោក និង ព្រឹត្តិការណ៍​

4000
ចែករម្លែក
  • 75
    Shares

(​ភ្នំពេញ​)៖ គេ​អាច​ហៅ ខែមេសា ថា មេសរាសី (​មេសៈ – រាសី​) ក៏បាន ហើយ​កាលពី​ដើមឡើយ គេ​ហៅ​ខែ​នេះ​ថា ខែ មេសៈ រីឯ​ពាក្យ​ថា មេសា នេះ គឺជា​ភាសាបាលី ឬ សំស្ក្រឹត ប្រែជា ខេមរភាសា​ថា “ សត្វ​ពពែ ” ឬ “ សត្វ​ចៀម ” ។ មេសា ជា​ខែ​មួយ​ក្នុងចំណោម​ទាំង​បួន នៃ ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ដែលមាន​រយៈពេល​៣០​ថ្ងៃ ។​

​ខែ មេសា ដែលជា​ភាសា​អង់គ្លេស​ហៅថា April មកពី​ឈ្មោះ​ដើម​នៅក្នុង​បដិទិន បុរាណ​រ៉ូ​ម៉ាំង ឈ្មោះ រ៉ូ​មូ​លូ​ស ថា Aprillis ។ ពុំមាន​អ្នកនិពន្ធ​ណា​អះអាង​ជាក់លាក់​អំពី​មូលហេតុ​ដែល​នាំ ឱ្យ​ស្ថាបនិក​ប្រតិទិន រ៉ូ​មូ​លូ​ស ដាក់ឈ្មោះ​ខែ​នេះ​ថា Aprillis ឡើយ ។ ប៉ុន្តែ​គេ​ដឹងថា Aprillis នេះ​ជា​ភាសាឡាតាំង ប្រែជា​ភាសា​ខ្មែរ​ថា “ បើក​” ឬ “ ចាប់ផ្តើម “ ។

​គេ​យល់ថា ស្ថាបនិក​ប្រតិទិន រ៉ូ​មូ​លូ​ស ដាក់ឈ្មោះ​ខែ​នេះ​យ៉ាង​ដូច្នេះ ដោយ​សំដៅ​ទៅលើ ខែ​នេះ​ជា​ពេលដែល​បុប្ផជាតិ​ទាំងឡាយ ចាប់ផ្តើម​បើក​ស្រទាប់​រីក​ឡើង​ស្គុះស្គាយ​ពណ្ណរាយ នៅ​គ្រប់ទិសទី (​រដូវ​ផ្តា​រីក​) ។ តាម​ធម្មតា ខែមេសា គឺជា​និ​ទាឃ​រដូវ គឺ​រដូវ​ស្លឹកឈើ​សាល់ ឬ រដូវ​ផ្កា​រីក នៅ​អឌ្ឍគោល​ខាងជើង​ប៉ុន្តែ​វា​ស្ថិតនៅក្នុង​សរទរដូវ គឺ​រដូវ​ស្លឹកឈើ​ជ្រុះ នៅ​អឌ្ឍគោល​ខាងត្បូង​។​

​គេ​យល់​ម្យ៉ាង​ទៀតថា ខែ មេសា ឬ April ដែល​មកពី​ពាក្យ​ថា Aprillis គឺ​ស្ថាបនិក​បានដាក់ នាម​ឱ្យ តាម​នាម​តេ​វ​តា វ៉េ​នើ​ស (Venus) ដែលជា ទេវ​ស្នេហា ឬ កាម​ទេព និង សម្រស់ នៅក្នុង​ទេវ​ថា ជនជាតិ​រ៉ូ​ម៉ាំង ។​

​មេសា ឬ មេសៈ ជា​ខែ​ទីមួយ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​បួន នៅក្នុង​ប្រតិទិន​សកល បច្ចុប្បន្ននេះ​គឺ ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ។ ខែ មេសា ត្រូវបាន​ផ្តល់កំណើត​ឱ្យ តាំងពី ៧៥៣ ឆ្នាំ មុន​គ្រិ​ស្ទ​សករាជ តាមរយៈ ប្រតិទិន រ៉ូ​មូ​លូ​ស ហើយ ប្រតិទិន រ៉ូ​មូ​លូ​ស​នោះ​ក្នុង​មួយឆ្នាំ មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ( ត្រឹមត្រូវ​អាន​ថា មី ណា គឺ​មិនមែន អាន​ថា មិនា ឬ មីនា ទេ ) ហើយ​កាលណោះ ខែ មេសា ជា​ខែ​ទី​ពីរ ។ ដូច្នេះ​គិត​ត្រឹម​ឆ្នាំ ២០១៨ ខែ មេសា មាន​អាយុកាល​នៅលើ​លោក​នេះ ២.៧៧១ ឆ្នាំ​ហើយ គឺ​១៣០ ឆ្នាំ​ព្រះពុទ្ធ​ប្រសូត ឬ ២១០ មុន​ពុទ្ធសករាជ ។​

​លុះដល់​ឆ្នាំ​ទី​៧១៣ មុន គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​ពីរ​ក្នុងចំណោម ក្សត្រ​តាម​បវេណី​ទាំង ៧ អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបញ្ចូល​ខែ​ចំនួន​ពីរ​នៅ​ខាងដើម គឺ​ខែមករា ( January មកពី​ភាសាឡាតាំង​ថា Janus , Ianuarius ) និង ខែកុម្ភៈ ( February មកពី​ភាសាឡាតាំង​ថា februum ) នាំឱ្យ​ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២ ខែ ហើយ​ខែ មេសា ក៏បាន​ក្លាយទៅជា​ខែ​ទី​បួន​តាំងពី​ពេលនោះ​មក ។

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​លោក ជូ​លី​យើ​ស សេ​ហ្សា នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ នៅ​ឆ្នាំ​១៥៨២ នៃ គ្រិស្តសករាជ ប្រតិទិន ជូ​លាន ក៏ត្រូវ​បាន សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន​សកល​នាពេល បច្ចុប្បន្ន ។​

​ទំនាយ​តាម​ក្បួន​ហោរា​
​តាម​ហោរាសាស្ត្រ​ប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា​ជា​អ្នក​ស្ថិតក្នុង​មេសរាសី គឺ​ជនានុជន ទាំងឡាយណា​កើត​នៅ​អំឡុង​ថ្ងៃទី​២១ ខែ មេសា​-១៩ ខែ​ឩ​សភា ។ ខែ មេសា ត្រូវ​គ្នា​នឹង​ឆ្នាំម្សាញ់ ឬ ឆ្នាំ​ពស់ ក្នុង​ក្បួន​ហោរា​ចិន ឆុង​នឹង​មនុស្ស​កើត​ខែ តុលា ។ និមិត្តសញ្ញា នៃ មនុស្ស​កើត​ខែមេសា គឺ​សត្វ​គោ​ឈ្មោល ធាតុភ្លើង ទទួល​ឥទ្ធិពល​ពី​ផ្កាយព្រះសុក្រ ។ ត្បូង​កំណើត​របស់​ខែ មេសា គឺ​ត្បូង​ពេជ្រ ឯត្បូង​នាំ​សំណាង​គឺ​ត្បូង មរកត រីឯ​ពណ៌​ដែល​សក្តិសម​គឺ​ពណ៌​ផ្កាឈូក ។​

អ្នក​កើត​ក្នុង​ខែ មេសា តែងតែ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​ពោរពេញ​ដោយ​ភាពស្វាហាប់ និង រវាសរវៃ ចូលចិត្ត​ធ្វើ​កិ​ច្ចា​នុ​កិច្ច​ទាំងឡាយណា​ដែល​អ្នកដទៃ​យល់ថា លំបាក​ធ្វើ ។គេ​ជាម​នុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួត ប្រជែង​។ ធម្មជាតិ​របស់គេ គឺ​គេ​ចូលចិត្ត​ដឹកនាំ​អ្នកដទៃ ហើយ​មិនសូវ​ខ្វល់​ថា​មាន​លាភសក្ការៈ​តិច ឬ​ច្រើន​ទេ សំខាន់​ឱ្យតែ​បានធ្វើ​ធំជាងគេ ។ ប៉ុន្តែ​ចំណុចខ្សោយ​របស់​មនុស្ស​កើត​ខែមេសា គឺជា​រឿយៗ​គេ​ឆេវឆាវ ចូលចិត្ត​បង្កជម្លោះ រប៉ិលរប៉ូច និង ចូលចិត្ត​បណ្តោយ​ឲ្យ​ការភ័យខ្លាច មក​កំណត់​ការសម្រេចចិត្ត​របស់ខ្លួន​។​

​បុគ្គល​កើត​ក្នុង​មេសរាសី ពូកែ​ខាង​ចែចង់​ស្រី ឬ (​បើជា​ស្ត្រី​) ចែចង់​បុរស​ខ្លាំងណាស់ និង​ជា មនុស្ស​ដែល​តែង​ចាប់ផ្តើម​ទាក់ទង​អ្នក​ដែល​ខ្លួន​ចាប់អារម្មណ៍​ជាមុន​។ នៅពេលដែល​នរណាម្នាក់ ដែល​ខ្លួន​ឈ្លក់​វង្វេង​ហើយ​នោះ បុគ្គល​នេះ​មិនដែល​បណ្តោយ​ឲ្យ​អ្នកនោះ​របូត​ពី​ដៃ​គេ​ឡើយ ។ ប៉ុន្តែ​ដើម្បី​ឲ្យ​បុគ្គល​មេសរាសី​នៅតែ​ស្រឡាញ់​បាន លុះតែ​មនុស្ស​នោះ​មាន​ភាព​ស្ទុះស្ទា និង ត្រេកត្រអាល​ដូច​បុគ្គល​មេសរាសី​ដែរ ( អាច​និយាយថា​មនុស្ស​កើត​ខែ មេសា ឬ ឆ្នាំ ម្សាញ់ ចិត្តសាវ៉ា​គ្រាន់បើ ) ។

​នៅពេលដែល​បុគ្គល​កើត​ក្នុង​មេសរាសី​បាន​ជួប​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដូច​ខ្លួន​ហើយ​នោះ ទំនាក់ទំនង​ស្នេហា​របស់​បុគ្គល​នេះ​នឹង​ថិ​ត​ថេរ​ជា​អមតៈ​។ មេសរាសី​បុគ្គល ជា​មនុស្ស​ងាយ នឹង​រាប់អាន​ជា​មិត្ត ប៉ុន្តែ​បើ​ចង់​ធ្វើជា​មិត្តភក្តិ​យូរអង្វែង​ជាមួយ​បុគ្គល​នេះ​បាន ទាល់តែ​មនុស្ស នោះ​មាន ភាពស្វាហាប់ រវាសរវៃ និង​អំណត់​អត់ធន់​។ ចំពោះ​រឿង​គ្រួសារ មេសរាសី​បុគ្គល តែងតែ​ទុក​ពួកគេ​ក្នុង​បេះដូង និង​តែង​បង្ហាញ​ពី​ភាពស្មោះត្រង់​ជានិច្ច​ចំពោះ​គ្រសារ​របស់ខ្លួន​។​ ​ដោយសារ​កើតមក​មាន​ចរិត​ជា​អ្នកដឹកនាំ​គេ បុគ្គល​កើត​ក្នុង​មេសរាសី​តែងមាន​អនាគត​ត្រចះ​ត្រង់ និង​លេចធ្លោរ​ជាងគេ ជាពិសេស​នៅ​កន្លែង​ការងារ ។ បុគ្គល​នេះ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត មហិច្ឆតា និង ភាព​ប៉ិនប្រសប់​បំផុត ។

​សមត្ថភាព​ក្នុងការ​មើលឃើញ​ពី​ទស្សនវិស័យ​ក្នុងពេល​អនាគត​ដែល​អ្នកដទៃ​មើលមិនឃើញ បានធ្វើ​ឲ្យ​បុគ្គល​នេះ​បោះជំហាន​ទៅមុខ​មុនគេ​រហូត ។ បុគ្គល​នេះ​មិនសូវ​ជា​ចូលចិត្ត​ធ្វើការ ក្រោមបង្គាប់ ឬ​ធ្វើ​អ្វីមួយ​តាម​គំនិត​អ្នកដទៃ​ឡើយ គឺ​ចូលចិត្ត​ធ្វើ​អ្វី​តាម​មនសិការ​របស់ខ្លួន ។​ និយាយ​រឿង​លុយកាក់​វិញ បុគ្គល​កើត​ក្នុង​មេសរាសី​មិនសូវ​ខ្វល់​ឡើយ​សំខាន់​គឺ​ធ្វើឱ្យ​យ៉ាងណា ឱ្យតែបាន​សម្រេច​គោលបំណង ។ បើ​និយាយ​រឿង​ចាយលុយ​វិញ បុគ្គល​នេះ​បើ​បានជា​មិន​ចាយ សូម្បី​តែមួយ​សេន ក៏​មិន​របូត​ផង ប៉ុន្តែ​បើ​បានជា​ចាយ​វិញ មាន​ប៉ុន្មាន​អស់​ប៉ុណ្ណោះ ។ និយាយ​ម្យ៉ាងទៀត បុគ្គល​នេះ​រកបាន​ក៏​ច្រើន ចាយ​វិញ​ក៏​ច្រើន​ដែរ ហើយ​ជារឿយៗ ជំពាក់​បំណុល​គេ​ទៀតផង ។​

​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​
​មេសា គឺជា​ខែ នៃ ការយល់ដឹង​អំពី​ជំងឺ​អូ​ទី​ស្សឹម (​ប្រភេទ​ជំងឺ​ខ្សោយសតិ​បញ្ញា​) ។ អម្លុង​សប្តាហ៍​ទី​០១ គឹជា​រដូវ​កាល​ឆេង​ម៉េង (​សែន​ផ្នូរ​) របស់​ជនជាតិ​ចិន ។

​ថ្ងៃទី ១ ទវា​ឯ​ជាតិ ស៊ី​ប , ថ្ងៃទី ៤ ទិវា​ឯករាជ្យ​ជាតិ សេ​ណេ​ហ្គា​ល់ ថ្ងៃទី ០៧ គឹជា​ទិវា​សុខភាព ពិភពលោក , ឯកសារ​ខ្លះ​ថា ព្រះពុទ្ធ​ប្រសូត​នៅ​ថ្ងៃទី ០៨ ខែ មេសា (១៥ កាលណោះ​ត្រូវ​នឹង​កើត ខែ ពិសាខ​) ។ ថ្ងៃទី​១៣ ឬ ១៤-១៥ និង ១៦ ជា​ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៃ​បណ្តា​ប្រទេស ដែល​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ (​អ្នកខ្លះ​ច្រឡំ​ហៅថា ពុទ្ធសាសនា ហីណយាន ) ដូចជា​ប្រទេស​កម្ពុជា ថៃ ភូមា ឡាវ និង ស្រីលង្កា ជាដើម ដ្បិត​ប្រតិទិន​ពុទ្ធសាសនិក ជា​ប្រតិទិន​ចន្ទគតិ​ប្រពៃណី (​ឬ​ចន្ទ​-​សុរិយគតិ​)​។ ថ្ងៃទី ១៨ ទិវា​ឯករាជ្យ​ជាតិ ស៊ីម​បា​វ៉េ ថ្ងៃទី ២២ គឹជា​ទិវា​ភពផែនដី ថ្ងៃទី ២៥ គឺជា​ទិវា សេរីភាព​អ៊ីតាលី ហើយក៏​ជា​ទិវា​បដិវត្តន៍​ស៊ី​ជម្ពូ នៅ​ព័រទុយហ្កាល់ ថ្ងៃទី ២៦ ទិវា​សហភាព តង់​សានី , ថ្ងៃទី ២៧ គឺជា​ទិវា​សេរីភាព នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ៕ ដោយ​: មេសា​

ត្បូង​មរកត ដែលជា​ត្បូង​នាំ​សំណាង សម្រាប់​មនុស្ស​កើត​ខែ មេសា (​មេសា ២)
​គំនូរ​សត្វ​គោ​ឈ្មោល ដែលជា​និម្មិត​សញ្ញា​របស់​ខែ មេសា ( មេសា ១)

 

ទីតាំងផ្សាយពាណិជ្ជកម្ម