តារាបាល់បោះ ឡេប្រូន ជែម នឹងបង្កើតអង្គការមួយដើម្បីលើកទឹកចិត្តជនជាតិអាម៉េរិកស្បែកខ្មៅទៅបោះឆ្នោត

198
ចែករម្លែក

កាសែតញូវយ៉កថែមស៍រាយការណ៍ថា តារាបាល់បោះ ឡេប្រូន ជែម បានប្រកាសកាលពីថ្ងៃពុធទី១០មិថុនាថា គាត់និងអត្តពលិកអាជីពជាច្រើននាក់ទៀតគ្រោងនឹងបង្កើតអង្គការសប្បុរសធម៌មួយដើម្បីការពារសិទ្ធិបោះឆ្នោតរបស់ជនជាតិអាម៉េរិកស្បែកខ្មៅ ពោលគឺ ៥ ខែនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសនេះចូលមកដល់។

ចំណាត់ការនេះក៏កើតឡើងផងដែរនៅពេលដែលការតវ៉ាបានកើនមានពាសពេញសហរដ្ឋអាម៉េរិកនិងពិភពលោក ដោយអំពាវនាវឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍រាប់រយឆ្នាំប្រឆាំងនឹងជនជាតិស្បែកខ្មៅ។

ជែមបានប្រាប់កាសែតញូវយ៉កថែមស៍ថា “យើងមានអារម្មណ៍ថាយើងទទួលបានការស្តាប់និងយកចិត្តទុកដាក់ខ្លះៗហើយនេះគឺជាពេលវេលាដែលយើងត្រូវធ្វើការផ្លាស់ប្តូរចុងក្រោយ”។

អង្គការដែលមានឈ្មោះថា More Than A Vote មានគោលបំណងជំរុញឱ្យជនជាតិអាហ្រ្វិកអាម៉េរិកចុះឈ្មោះបោះឆ្នោតនិងបង្ហាញមុខនៅមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា។

អង្គការនេះក៏នឹងប្រយុទ្ធប្រឆាំងផងដែរនឹងកត្តាទាំងឡាយណាដែលអាចចូលរួមចំណែកក្នុងការកាត់ផ្តាច់ជនជាតិអាម៉េរិកអាហ្រ្វិកចេញពីសង្គម។

ឡេប្រូន ជែម បានប្រាប់កាសែតញូវយ៉កថែមស៍ថា “ត្រូវហើយ យើងចង់ឱ្យអ្នកចេញទៅបោះឆ្នោត ប៉ុន្តែយើងក៏នឹងបង្រៀនអ្នកផងដែរ។ យើងនឹងផ្តល់ឱ្យអ្នកនូវសាវតានៃរបៀបបោះឆ្នោតនិងអ្វីដែលពួកអស់នោះកំពុងព្យាយាមធ្វើដើម្បីបញ្ឈប់អ្នកកុំឱ្យទៅបោះឆ្នោត”។

ជែម ដែលមានអ្នកគាំទ្រជាង ១៣៥ លាននាក់នៅលើបណ្តាញសង្គម Twitter, Instagram និង Facebook បាននិយាយថា គាត់មានគម្រោងប្រើបណ្តាញសង្គមដើម្បីថ្កោលទោសចំពោះការប៉ុនប៉ងរឹតត្បិតសិទ្ធិបោះឆ្នោតរបស់ជនជាតិភាគតិច៕ ដោយ៖ កញ្ញាដាលីស

ឡេប្រូន ជែម

ទីតាំងផ្សាយពាណិជ្ជកម្ម