សម្ដេច​តេ​ជោ ប្រកាស​បន្ថែម​ខ្សែ​រថយន្ដក្រុង​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ ឲ្យ​ពលរដ្ឋ​ជិះ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ​

1144
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​បន្ថែម​ខ្សែ​រថយន្ដក្រុង ​គ្រប់​ច្រក​ចេញ ពី​រាជធានីភ្នំពេញ ឲ្យ​ពលរដ្ឋ​ជិះ​ ឥតគិតថ្លៃ ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់សម្តេច នៅ​ព្រឹក​ថ្ងៃទី​៣ មេសា នេះ សម្ដេចតេជោ ​បាន​លើកឡើងថា “​កាលពី​ឆ្នាំមុនៗ ខ្ញុំ​បាន​អំពាវនាវ​ សុំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន ​កុំ​តម្លើង​តម្លៃ ដល់​អ្នកធ្វើដំណើរ ​ទៅលេង​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​មិនមាន​ប្រ​សិ​ទ្ឋ​ភាព​ទេ​។ ដូច្នេះហើយ បានជា​ពេលនេះ ខ្ញុំ​បាន​ពិភាក្សា​ ជាមួយ​សាលាក្រុង​ភ្នំពេញ ហើយ​បានសម្រេច​ផ្តល់​ សេវា​ឡានក្រុង​ ដឹកជញ្ជូន​ពលរដ្ឋ​អ្នកធ្វើដំណើរ ​ដោយ​មិន​បង់ថ្លៃ​ ចាប់ពី​ថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨”​។​

​សម្ដេច​តេជោ បានបន្ដថា “​កាល​ខ្ ញុំ​ប្រកាស​ពីថ្ងៃ​អាទិត្យ ​កន្លងទៅនេះ គឺ​គម្រោង​ដាក់​តែ​ ២ ​ទិស​ទេ ។ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា យើង​បាន​ត្រៀម​ឡានក្រុង ​ដឹកជញ្ជូន​បងប្អូន ​អ្នកធ្វើដំណើរ ដោយ​មិន​បង់ថ្លៃ នៅតាម​ផ្លូវជាតិ​មួយចំនួន ​ដូចជា៖ ផ្លូវជាតិ​លេខ ១ (​ពី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយរៀង​), ផ្លូវជាតិ​លេខ ៣ (​ពី​ចោមចៅ​ ទៅ ​កំពត​), ផ្លូវជាតិ​លេខ ៤ (​ពី​ចោមចៅ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​), ផ្លូវជាតិ​លេខ​៥ (​ពី​ភ្នំពេញ​ទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​), ផ្លូវជាតិ​លេខ ៦ (​គឺ​ពី​ភ្នំពេញ កំពង់ធំ និង​សៀមរាប​)”។

​សម្ដេចតេជោ បាន​បន្តទៀតថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ ឌ​ខាងមុខនេះ ក៏​នឹង​រៀបចំ​ឡានក្រុង ​ជូនបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ​។ នៅ​ឆ្នាំក្រោយ ​អាច​នឹង​បន្ថែមចំនួន​ឡានក្រុង ​ច្រើនជាង​ឆ្នាំនេះ​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម