សត្វខ្សឹបដ៏កម្រនៅលើលោកកំពុងទទួលរងការគំរាមកំហែងនិងមានការយកចិត្តទុកដាក់អភិរក្សនៅកម្ពុជា

147
ចែករម្លែក

ដោយ៖ដេប៉ូ/កំពង់ធំ៖សត្វខ្សឹបដែលជាប្រភេទសត្វស្លាបកំពុង ទទួលរងគ្រោះជិតផុតពូជ នៅលើពិភពលោកយើងនេះ។សត្វប្រភេទនេះជាសត្វដ៏កម្រក្នុងលោក និងវាជាប្រភេទសត្វមាន លក្ខណៈ ពិសេសមួយ កំពុងត្រូវបានប្រទេសកម្ពុជាយកចិត្តទុកដាក់ដើម្បី អភិរក្សទុកឱ្យមនុស្សជំនាន់ក្រោយបានឃើញ និង ពិសេសជា កេរ្តិ៍មរតក សត្វស្លាបដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

យោងតាមការសិក្សារបស់ អង្គការ សមាគមអភិរក្ស សត្វព្រៃឬហៅកាត់ថា WCS បានបង្ហាញថាប្រទេសកម្ពុជាគឺជាប្រទេសដ៏សំខាន់បំផុតមួយដែលពិភពលោកចាប់អារម្មណ៍ពីសត្វខ្សឹបរស់នៅហើយក៏ជាជម្រកសត្វខ្សឹបរស់នៅច្រើនបំផុតដើម្បីអភិរក្សសត្វខ្សឹបកុំឱ្យបាត់បង់។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួង

បរិស្ថាននៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹប សហការ ដោយ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្មីៗមកនេះ បានឱ្យដឹងថា សត្វខ្សឹបជាសត្វកម្រ និងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន។

លោកបានថ្លែងថាតាមរយៈទិន្នន័យជំរឿននៅឆ្នាំ២០០៧ ប្រភេទសត្វខ្សឹបដ៏កម្រនេះ មានចំនួនប្រមាណជិត៤០០ក្បាលដែលចំនួននេះស្មើនឹង៥៧,១៤ភាគរយនៃចំនួនសត្វខ្សឹបសរុបនៅលើពិភពលោក។ ក្រៅពីប្រទេសកម្ពុជា សត្វខ្សឹបមាននៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កាប៉ុន្តែយ៉ាងណាក្តីលោករដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានបង្ហាញការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនៃចំនួនសត្វខ្សឹបដោយយោងតាមទិន្នន័យជំរឿននៅឆ្នាំ២០១៨កន្លងទៅសត្វខ្សឹបដែលកំពុងនៅក្នុងតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាបនៃប្រទេសកម្ពុជាមានចំនួន ១១៧ ក្បាលដែលមានការធ្លាក់ចុះជាង ២០០ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងដំណើរទស្សន កិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការ ដោយ ក្រសួងបរិស្ថាន និង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំ(រូប៖ដេប៉ូ)

 ជាមួយគ្នានេះលោករដ្ឋលេខាធិការបានលើកឡើងថាប្រការដែលគួរឱ្យកត់សម្គាល់គឺចំនួនសត្វខ្សឹបដែលបានសិក្សា និងកត់ត្រាមានស្ថេរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដែលមានការអនុវត្តច្បាប់យ៉ាងសកម្មហើយវាបានធ្លាក់ចុះយ៉ាងគំហុកនៅក្រៅតំបន់ការពារនិងនៅតាមតំបន់ដែលសកម្មភាពអនុវត្តច្បាប់និងការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិនៅមានកម្រិតនៅឡើយ។

តាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះឱ្យដឹងដែរថា”ចំពោះ មូលហេតុនៃការថយចុះនៃចំនួនសត្វខ្សឹបដោយសារតែការបាត់បង់ទីជម្រក ការទន្ទ្រានកាន់កាប់ដីវាលស្មៅធម្មជាតិ,ការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំងការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ការប្រើប្រាស់ថ្នាំពុលនិងផលប៉ះពាល់ពីកត្តាផ្សេងៗទៀត”។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាតំបន់អភិរក្សសត្វខ្សឹបមាននៅក្នុង ភូមិសាស្ត្រ ខេត្តកំពង់ធំ និងខេត្តសៀមរាបទំហំ ៣១ ១៥៩ ហិកតាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបកាលពីខែឧសភាឆ្នាំ២០១៦ដើម្បីរៀបចំអភិរក្សសត្វខ្សឹបដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។

លោកបញ្ជាក់បន្ថែមថាតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបគឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ និងមានប្រភេទសត្វស្លាបផ្សេងទៀតចំនួនជាង ២១៧ ប្រភេទ រួមទាំងប្រភេទជិតផុតពូជមួយចំនួនដូចជាត្រយ៉ងចង្កំកស អង្កត់ខ្មៅ និងក្រៀល។

ទាក់ទិនទៅនឹងការរស់នៅរបស់សត្វខ្សឹបវិញ លោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងការការពារអភិរក្សតំបន់សត្វខ្សឹបរស់នៅនេះ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ៨ នាក់ចុះល្បាតជារៀងរាល់ថ្ងៃដើម្បីការពារតំបន់ពងកូន និងជម្រកសត្វខ្សឹប ព្រមទាំងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីខុសច្បាប់ដែលប៉ះពាល់ដល់ជម្រកសត្វខ្សឹប។ ចំពោះតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបមានសារៈសំខាន់សម្រាប់សត្វខ្សឹបដែលធ្វើការបន្តពូជនៅរដូវប្រាំងនិងតំបន់ភាគខាងជើងក្នុងតំបន់ព្រៃរបោះជាកន្លែងសម្រាប់សត្វខ្សឹបស្នាក់នៅក្នុងរដូវវស្សាដែលបច្ចុប្បន្នប្រឈមនឹងការលួចកាប់បំផ្លាញធ្វើអុស និងការទន្ទ្រាន។

នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យគម្រោងអភិរក្សសត្វខ្សឹបនេះ លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអង្គការ WCS ដែលបានអនុវត្តគម្រោងអភិ

រក្សសត្វខ្សឹបប្រកបដោយការទទួលខុសត្រូវខ្ពស់និងបានអនុវត្តនូវយុទ្ធសាស្ត្រផ្សាភ្ជាប់រវាងការជំរុញ និងគាំទ្រលើការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតមុខរបរ បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍តាមរយៈការផលិតស្រូវសរីរាង្គដែលលក់បានតម្លៃខ្ពស់និងទេសចរណ៍ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ។

 នៅចំពោះមុខប្រជាសហគមន៍នៅស្រុកស្ទោង ខេត្តកំពង់ធំ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប និងបានអនុវត្តគម្រោងស្រូវនិរន្តរភាពប្រកបដោយភាពជោគជ័យ។ ព្រមជាមួយគ្នាលោកបានជំរុញបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារសត្វខ្សឹបដែលជាសត្វកម្ររបស់ពិភពលោកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ដោយឡែកបើតាមការឱ្យដឹងរបស់អង្គការ WCS បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចំនួន៥០០គ្រួសារបាននិងកំពុងអនុវត្តគម្រោងកម្មវិធីនិរន្តរភាពស្រូវដែលគម្រោងបានទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋចូលរួមអភិរក្សសត្វខ្សឹបកម្មវិធីនេះមានសារសំខាន់ព្រោះប្រជាពលរដ្ឋទទួលបានពូជស្រូវមានគុណភាពល្អពីគម្រោងដោយមិនគិតការប្រាក់ដូចជាពួកគាត់តម្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា មិនទន្ទ្រានដីធ្លី មិនប្រើជីគីមី  និងមិនបរបាញ់សត្វព្រៃគ្រប់ប្រភេទជាដើម។ ប្រជាសហគមន៍នៃតំបន់ការពារធម្មជាតិបានទទួលថវិកាបន្ថែមពី ភ្ញៀវទេសចរក្នុងទឹកប្រាក់ប្រមាណ ៨លានរៀលក្នុងមួយឆ្នាំសម្រាប់អភិវឌ្ឍភូមិឃុំ។ ចំណែកប្រជាពលរដ្ឋដែលចូលរួមយាមពងសត្វខ្សឹបអាចទទួលបានថវិកា ១៦ម៉ឺនរៀលក្នុងមួយសំបុក។

       គួរបញ្ជាក់ថាចាប់ពីឆ្នាំ ២០០៥ ដល់ ខែ កក្កដា ឆ្នាំ ២០០៦ មន្រ្តីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និង អាជ្ញាធរដែនដី ខេត្តកំពង់ធំ ​និង ខេត្តសៀមរា បានសហការជាមួយអង្គការ      WCS ក្នុងការសិក្សាអំពីសេដ្ឋកិច្ចសង្គម និង ផលប៉ះពាល់ផ្សេងៗក្នុងតំបន់វាលស្មៅលិចទឹក ទឹកបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកសន្ទុក  ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែន ស្រុកស្ទោង ស្រុកបារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាបដើម្បីរៀបចំតំបន់ វាលស្មៅមួយចំនួនជាតំបន់អភិរក្សសត្ខខ្សឹបឡើង៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម