ជីវិតជនជាតិអាស៊ីក៏សំខាន់ដែរ ៖ អ្វីទៅនៅពីក្រោយអារម្មណ៍ប្រឆាំងជនជាតិចិននៅអាម៉េរិកនិងអូស្ត្រាលី?

723
ចែករម្លែក
ការកើនឡើងអំណាចសេដ្ឋកិច្ចនិងនយោបាយរបស់ចិនជាបច្ច័យនាំឱ្យមានយុទ្ធនាការប្រឆាំងជនជាតិចិននៅអាម៉េរិកនិងអូស្ត្រាលី ទោះបីវីរុសកូរ៉ូណាជាកត្តាមួយក៏ដោយ

ការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍របស់ចលនា Black Lives Matter (ជីវិតជនស្បែកខ្មៅក៏សំខាន់) បាននាំយកកំហឹងនិងសន្ទុះចិត្តរបស់សហគមន៍អាហ្រ្វិកឆ្ពោះទៅមុខយ៉ាងខ្លាំងក្លា ដោយបានបាំងបិទអស់រលីងនូវអារម្មណ៍ប្រឆាំងជនជាតិចិនដែលកំពុងកើនឡើងនៅសហរដ្ឋអាម៉េរិកនិងអូស្ត្រាលី។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្លឹងមើលនិន្នាការនេះហើយព្យាយាមពន្យល់ពីមូលហេតុដែលប្រជាជនអាស៊ីនៅតែគ្មានសំឡេងស្ងាត់ឈឹង ចំពេលកំពុងមានបាតុកម្មរឿងចច ផ្លយ ផ្អើលផែនដី។

អំពើរើសអើងជាតិសាសន៍មិនមែនមានតែលើជនជាតិស្បែកខ្មៅនៅសហរដ្ឋអាម៉េរិកនិងនៅទូទាំងពិភពលោកនោះទេ។ របបក្រុងប៉េកាំងកំពុងប្រកាសអាសន្នអំពីការកើនឡើងការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិចិននៅអូស្ត្រាលីនិងអាម៉េរិក។ ក្រសួងអប់រំចិនបានព្រមានអំពីការកើនឡើងនៃការរើសអើងប្រឆាំងនឹងជនជាតិអាស៊ីបន្ទាប់ពីជំងឺកូវីដ១៩បានផ្ទុះឡើងដំបូងនៅទីក្រុងវូហានប្រទេសចិន។

ឆ្លើយតបនឹងការចោទប្រកាន់របស់ប៉េកាំង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្រ្តាលីលោក ម៉ាធៀស ខ័រមែន បានធានាដល់ទូរទស្សន៍ CNBC ថា អូស្រ្តាលី “មានការស្វាគមន៍និងរួសរាយរាក់ទាក់”។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រទេសនេះចាប់អារម្មណ៍លើនិស្សិតចិនដោយសារការចំណាយប្រចាំឆ្នាំរបស់ពួកគេសម្រាប់ថ្លៃអប់រំមានចំនួន ១២ ពាន់លានដុល្លារអូស្ត្រាលី (៨ ពាន់លានដុល្លារអាម៉េរិក)។

ចិននិងអូស្រ្តាលីបានជាប់គាំងនៅក្នុងជម្លោះការទូតចាប់តាំងពីរបបក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិដោយឯករាជ្យមួយទាក់ទងនឹងប្រភពដើមនៃវីរុសកូរ៉ូណានៅទីក្រុងវូហាន ដែលភាគច្រើនគឺធ្វើតាមជំហររបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ ចាប់តាំងពីមេរោគបានចាប់ផ្តើមផ្ទុះឡើងនៅសហរដ្ឋអាម៉េរិក លោកត្រាំបានហៅវីរុស SARS-CoV-2 ម្តងហើយម្តងទៀតថាជា “វីរុសចិន” ហើយមិនបានទាត់ចោលការលើកឡើងថាវីរុសនេះ “របូតចេញ” ពីមន្ទីរពិសោធន៍វូហាននោះឡើយ។ យោងតាមការស្ទង់មតិក្នុងខែឧសភាដែលដកស្រង់ដោយវេបសាយ Politico បានបង្ហាញថា អារម្មណ៍ប្រឆាំងនឹងជនជាតិចិនកំពុងតែកើនឡើងខ្លាំងនៅសហរដ្ឋអាម៉េរិក។

លោកបណ្ឌិត ឈីង ចាង អ្នកស្រាវជ្រាវនៅមណ្ឌលសិក្សាយុទ្ធសាស្ត្រនៃសង្គមតៃវ៉ាន់ក្នុងទីក្រុងតៃប៉ិ បាននិយាយថា “ឧបទ្ទវហេតុនៃការរើសអើងជាតិសាសន៍លើប្រជាជនអាស៊ី-អូស្ត្រាលីគឺពិតជាមានមែន ហើយឈានដល់កម្រិតមិនអាចទទួលយកបាន។ សកម្មភាពដែលធ្វើដោយអ្នកនយោបាយគឺពិតជាស្ថិតនៅក្នុងសាវតាដ៏ស្មុគស្មាញរួមទាំងសម្ពាធការទូតពីទីក្រុងប៉េកាំងក៏ដូចជាការយល់ដឹងផ្នែកសង្គមនៅក្នុងសង្គមអូស្ត្រាលីផងដែរ”។

យោងតាមលោកបណ្ឌិតចាង ជម្លោះរបស់រដ្ឋាភិបាលអូស្រ្តាលីជាមួយចិន “គឺជាការពង្រីកបន្ថែមនៃភាពជាគូប្រជែងរវាងប៉េកាំងនិងវ៉ាស៊ីនតោនចូលមកដល់ទឹកដីអូស្ត្រាលី”។

លោក ជែម អូនៀល អ្នកច្បាប់នៅអូស្ត្រាលីនិងជាអ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយ យល់ស្របជាមួយបណ្ឌិតតៃវ៉ាន់ថា ការចោទប្រកាន់ដែលបានលើកឡើងដោយរដ្ឋាភិបាលចិនគឺជាការឆ្លុះបញ្ចាំងពីបញ្ហាកាន់តែរីកធំ ខណៈរដ្ឋាភិបាលចិនបញ្ចេញប្រតិកម្មទៅនឹងការគាំទ្ររបស់អូស្រ្តាលីចំពោះសហរដ្ឋអាម៉េរិកក្នុងយុទ្ធនាការប្រឆាំងចិនរបស់ពួកគេ”។

ទោះយ៉ាងណាលោកបានទទួលស្គាល់ថាអូស្ត្រាលីមានឧបទ្ទវហេតុនៃការរើសអើងជាយូរមកហើយ ដោយសង្កត់ធ្ងន់ថាការធ្វើបាបជនជនជាតិដើមភាគតិចនៅក្នុងប្រទេសនេះគឺអាក្រក់ជាងការរើសអើងប្រឆាំងនឹងនិស្សិតអាស៊ីទៅទៀត។

ដោយយោងទៅលើជំហរប្រឆាំងចិនដែលកំពុងកើនឡើងនៅសហរដ្ឋអាម៉េរិក លោកអូនៀលបានទទួលស្គាល់ថា រដ្ឋបាលត្រាំបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះឥរិយាបថរើសអើងបច្ចុប្បន្នចំពោះជនជាតិអាម៉េរិកដើមកំណើតចិននិងពលរដ្ឋរបស់ចិនដែលមកលេងនៅសហរដ្ឋអាម៉េរិក។

លោកបាននិយាយថា “តាមទស្សនៈរបស់ខ្ញុំ គេគួរយល់ថារឿងនេះគឺជាការឆ្លុះបញ្ចាំងពីការកើនឡើងនៃអំណាចសេដ្ឋកិច្ចនិងនយោបាយរបស់ចិនជាជាងតែការរើសអើងជាតិសាសន៍តែមួយមុខគត់ ទោះបីវីរុសកូរ៉ូណាជាកត្តាមួយក៏ដោយ”៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ Sputnik

ទីតាំងផ្សាយពាណិជ្ជកម្ម