សិក្ខាសាលាតាមអនឡាញស្តីពីកម្មវិធីឌីជីថលនិងការបញ្ចូលនិងគ្រប់គ្រង ការបង្រៀនពីចម្ងាយ

474
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ សិក្ខាកាមជាង២៥០នាក់ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង ជាតំណាងក្រសួងការ បរទេសនិងក្រសួងអប់រំយុវជននិងកីឡា តំណាងគ្រឹះស្ថានរដ្ឋនិងឯកជននៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តមួយចំនួនបានចូលរួមក្នុងសិក្ខាសាលាតាមអនឡាញចំនួនពីរ​ដែលបានរៀប ចំឡើងជាបន្តបន្ទាប់នាថ្ងៃទី១០និងថ្ងៃទី១២ មិថុនា ឆ្នាំ២០២០។

សិក្ខាសាលានេះផ្តោតលើប្រធានបទចំនួនពីរ គឺ«វិធីសាស្ត្រដើម្បីទទួលបាន​ការផ្តល់ជូន​ពិសេស​សម្រាប់​ការអប់រំពី Google និងMicrosoft» និង«វិធីសាស្ត្របញ្ចូលការបង្រៀនជួបមុខផ្ទាល់​ក្នុង​កម្មវិធីបង្រៀនពីចម្ងាយជាបន្តបន្ទាប់»។

សិក្ខាសាលានេះរៀបចំឡើងតបតាមផែនការពិសេសរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ ភាសា​បារាំង(AUF)ប្រឆាំងការរាតត្បាតនៃមេរោគកូវីត១៩។ម្យ៉ាងទៀត គ្រឹះស្ថាន​ជាច្រើន​កំពុង​ស្វះស្វែងរកវិធីសាស្ត្របង្រៀនតាមអនឡាញនិងការគ្រប់គ្រងការបង្រៀននិងរៀនក៏ដូចជាការ​វាយ​តម្លៃគុណភាពអប់រំប្រកបដោយប្រសិទ្ធិភាព។​ស្ថិតក្នុងន័យនេះការិ​យា​ល័យAUFប្រចាំនៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកបានស្វែងរកអ្នកជំនាញ​សំខាន់ៗក្នុងតំបន់និងមកពីបណ្តា​ប្រទេសនានា​ដើម្បីជួយជ្រោមជ្រែងដល់គ្រឹះស្ថានជាសមាជិកក៏ដូចជាស្ថាប័នជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វាគ្មិនដឹកនាំសិក្ខាសាលាទាំងពីរនេះ លោក Vo Viet Minh Nhat និង Ngo Ba Hung ជា​សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវ៉េនិងសាកលវិទ្យាលកន្ថឺនៃប្រទេសវៀតណាម​ និងជាអ្នក​ជំនាញលើការបង្រៀនពីចម្ងាយ បានបង្ហាញនូវវិធីសាស្ត្រនិងបទពិសោធន៍​ដែលបានប្រើ​ប្រាស់​នៅក្នុងគ្រឹះស្ថានមួយចំនួននៅប្រទេសវៀតណាម ព្រមទាំងបានបង្ហាញនូវការចុះឈ្មោះ​ងាយៗ​ឱ្យបានច្រើនក្នុងទិន្នន័យដូចជានៅលើGoogle Suite ដោយតម្រូវឱ្យស្ថាប័នមានឯកសារ​បញ្ជាក់​​ថាជាគ្រឹះស្ថានមិនយកប្រាក់កម្រៃ ។

សិក្ខាសាលាស្តីអំពីវិធីសាស្ត្រទទួលបានការផ្តល់ជូនពិសេសសម្រាប់ការអប់រំរបស់Google និង​ Microsoftបានបង្ហាញនូវបង្ហាញអំពីបច្ចេកវិទ្យាឌីជីថល​ដល់គ្រឹះស្ថានឧត្តមសិក្សា​ក្នុងការរៀប​ចំ​កម្មវិធីបង្រៀននិងបង្រៀនពីចម្ងាយជាមួយនឹងជំរើសនៃបច្ចេកវិទ្យាដែលមានស្រាប់និង​ឥតគិតថ្លៃ​សម្រាប់គ្រឹះស្ថានរដ្ឋដែលមិនយកប្រាក់កម្រៃ។

ដោយឡែកវិធីសាស្ត្របញ្ចូលការបង្រៀនជួមមុខផ្ទាល់ក្នុងកម្មវិធីបង្រៀនពីចម្ងាយជា​បន្តបន្ទាប់ ​ក៏​បានបង្ហាញនូវកំរិតនិងលក្ខខណ្ឌតាមកំរិតខុសៗគ្នានិងដំណាក់កាលនីមួយៗដើម្បី​ផ្តល់ជំរើស​ដល់​គ្រឹះស្ថានឧត្តមសិក្សាធ្វើការជ្រើសរើសតាមធនធានមនុស្សនិងធន​ធា​ន​​ហិរញ្ញវត្ថុស្ថានភាព​ជាក់​​ស្តែងក្នុងការបញ្ចូលការបង្រៀនផ្ទាល់ក្នុងកម្មវិធីបង្រៀនពីចម្ងាយ​។

ក្រោយការធ្វើបទអន្តរាគមន៍របស់វាគ្មិន តំណាងគ្រឹះស្ថានបានចោទសំណួរជាច្រើន​លើបញ្ហា​គ្រប់​គ្រងការបង្រៀននិងការរៀន ជាពិសេសការគ្រប់គ្រងការប្រឡងពីចម្ងាយ​ប្រកបដោយ​គុណភាព។ អ្នកជំនាញបានពន្យល់យ៉ាងក្បោះក្បាយនិងបង្ហាញនូវវិធីសាស្ត្រគរុកោសល្យ និង​ប្រព័ន្ធឌីជីថលដែលគេប្រើជាទូទៅនិងឥតគិតថ្លៃ ដូចជាកម្មវិធី Moodle ជាដើម។ ដោយឡែក​ចំពោះ​ការប្រឡងបញ្ចប់ដែលមានប្រសិទ្ធិភាពសំរាប់ការសិក្សាពីចម្ងាយនៅតែត្រូវការប្រឡង​តាម​ប្រព័ន្ធឌីជីថលនៅក្នុងបន្ទប់និងទីកន្លែងដែលគ្រឹះ​ស្ថានជាដៃគូរបានរៀបចំទុកដោយ​មាន​សាស្ត្រាចារ្យនិងអ្នកត្រួតពិនិត្យនិងមិនអាចអោយសិស្ស-និស្សិតប្រឡង​នៅតាមគេហដ្ឋាន​បាន​ឡើយ ៕PH

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ