នាយក​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ថ្មី​ប្រចាំ​កម្ពុជា សន្យា​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​អាល្លឺម៉ង់ ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត​

1090
ចែករម្លែក
សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក ដានីញ៉ែល ស្មូកឃីង នាយកមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរថ្មី​ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា(រូប៖សុផល)


ដោយ:​សុផល/ ​ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៨ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ដា​នី​ញ៉ែ​ល ស្មូក​ឃី​ង (Daniel Schmuecking)​នាយក​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​
​ ​
​ក្នុងជំនួប​នោះ​លោក Daniel Schmuecking បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​អំពី កិច្ចសហប្រតិបត្តិការ​រវាង​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៤ រហូតមកដល់​បច្ចុប្បន្ន​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​យ៉ាងច្រើន​។ មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​មាន​ដៃគូ​នៅ​បណ្តា​ប្រទេស​នានា​ចំនួន​១០០ ដែល​អាច​ពិភាក្សា វិភាគ​វែកញែក អំពី​បញ្ហា​លើ​សកលលោក ដែលមាន​ការប្រែប្រួល​នាពេល​អនាគត​។​

​លោកនាយក​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ បា​នស​ម្តែង​នូវ​សេចក្តី​រីករាយ ដែល​បានមក​បំពេញការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោកនាយក​បាន​សន្យាថា នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អាល្លឺម៉ង់​ឲ្យ​កាន់តែ​ជិតស្និទ​ថែមទៀត ។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគ​មន៍យ៉ាង​កក់ក្តៅ​ចំពោះ​លោក ដា​នី​ញ៉ែ​ល ស្មូក​ឃី​ង ដែល​ត្រូវបាន​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ប្រចាំ​ទីក្រុង​ប៊ែ​កឡាំង តែងតាំង​ជា​តំណាង​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ប្រចាំ​កម្ពុជា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅ អ៊ែរ​ប្រចាំ​កម្ពុជា ដែល​កាលពីពេល​កន្លងទៅ បាន​គាំទ្រ​ដល់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ការរៀបចំ​សិក្ខាសាលា​កំរិត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ សិក្ខាសាលា​ថ្នាក់​តំបន់ និង​ការរៀបចំ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​បរទេស ការផ្តល់​នូវ​ការពិគ្រោះ​យោបល់​លើ នីតិវិធី​ការងារ និង​នីតិវិធី​នីតិកម្ម​របស់​ព្រឹទ្ធសភា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សំណូមពរ​ដល់​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ប្រចាំ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ដើម្បី​ចាត់ចែង​នូវ​កម្មវិធី​បណ្តុះបណ្តាល​នានា ជា​គុណប្រយោជន៍​ដល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​ជាអាទិ៍ ​៖ ទី​១-​អភិវឌ្ឍ​សមត្ថភាព​អ្នកនាំពាក្យ​របស់​ព្រឹទ្ធសភា និង​ការងារ​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ​របស់​ព្រឹទ្ធសភា, ទី​២-​ជួយ​គាំទ្រ​ដល់​ការរៀបចំ​វេទិកាសាធារណៈ​ពាក់ព័ន្ធ​នឹង​វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​បណ្តា​ភូមិភាគ​ទាំង​៨ និង​ទី​៣-​បន្ត​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈកម្មការ​នានា​ព្រឹទ្ធសភា ដើម្បី​ស្វែងយល់​បទពិសោធន៍​លើ​ការងារ​សភា​នៅ​បរទេស​។​

​សម្តេច​ប្រធានព្រឹទ្ធសភា មាន​ជំនឿ​ជឿជាក់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ នឹង​រួមចំណែក​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជា​គុណប្រយោជន៍​រួម​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​សម្តេច​វិបុល សាយ ឈុំ បាន​ជូនពរ​លោកនាយក​មូល​និ​ធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ សូម​ឲ្យ​មាន​សុខ​ភាពល្អ និង​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម