នាងបេយ៉ុនសេចង់ឱ្យចោទប្រកាន់លើប៉ូលិសដែលសម្លាប់ស្ត្រីស្បែកខ្មៅ

192
ចែករម្លែក

នាងបេយ៉ុនបានចូលរួមក្នុងការអំពាវនាវឱ្យមានការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីពាក់ព័ន្ធនឹងការបាញ់សម្លាប់នាង ប្រេអូនណា ថៃល័រ ជាស្ត្រីស្បែកខ្មៅដែលត្រូវបាន បាញ់សម្លាប់ដោយមន្រ្តីប៉ូលិស ដែលឆ្មក់ចូលផ្ទះរបស់នាងនៅរដ្ឋកេនថាក់គី។

កំពូលតារាឆ្នើមរូបនេះបាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃអាទិត្យទី១៤មិថុនា ទៅកាន់អគ្គរដ្ឋអាជ្ញានៃរដ្ឋកេនថាក់គី លោក ដានីញែល ខេមរ៉ូន ថាមន្ត្រីប៉ូលិស ក្រុងល្វីសវីលទាំង ៣ នាក់ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។

មន្រ្តីប៉ូលិសឈ្មោះ ចូន ម៉ាតធីងលី, ប្រេត ហានគីសុន និង ម៉ាយលីស កូសក្រូ ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារមួយរយៈ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

លិខិតដែលចេញផ្សាយនៅលើវេបសាយរបស់តារាចម្រៀងរូបនេះ សរសេរថា “ការិយាល័យរបស់អ្នកមានទាំងអំណាចនិងការទទួលខុសត្រូវក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រេអូន ថៃល័រ ហើយបង្ហាញពីតម្លៃនៃជីវិតរបស់ស្ត្រីស្បែកខ្មៅ”។

ថៃល័រអាយុ ២៦ ឆ្នាំដែលកំពុងរៀនដើម្បីក្លាយជាគិលានុប្បដ្ឋាយិកា ត្រូវបានបាញ់សម្លាប់ ៨ គ្រាប់ដោយក្រុមមន្រ្តីធ្វើការស៊ើបអង្កេតគ្រឿងញៀន កាលពីថ្ងៃទី ១៣ ខែមីនា។ មិនមានថ្នាំញៀនណាមួយត្រូវបានរកឃើញនៅផ្ទះ របស់នាងឡើយ។ ទីក្រុងល្វីសវីលកាលពីសប្តាហ៍មុនបានហាមឃាត់ការប្រើដីកា “មិនចាំបាច់គោះទ្វារ” ដ៏ចម្រូងចម្រាស។

មីងរបស់ថៃល័រ ឈ្មោះប៊ីអានកា អូស្ទីន និយាយថា ក្រុមគ្រួសារចង់ឱ្យបណ្តេញ មន្រ្តីទាំងនោះ ហើយយកទៅកាត់ទោស៕ ដោយ៖ កញ្ញាដាលីស/Ha

នាងបេយ៉ុនសេអំពាវនាវឱ្យចោទប្រកាន់ប៉ូលិសដែលសម្លាប់ប្រេអូនណា ថៃល័រ

ទីតាំងផ្សាយពាណិជ្ជកម្ម