នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់​ខូចខាត​យ៉ាងដំណំ​

152
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​យ៉ាង​លឿន​ទៅបុករបាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខ្ទាត​ចេញពី​ជួរ​អស់​មួយ​កង់ និង​បាក់​ភ្លើង​បន្ទះ​សូ​ឡា ដែល​ដាក់​លើ​របាំង​ថ្ម​អស់​មួយទៀត ហើយរថយន្ត​ក្រឡាប់​ជាច្រើន​ជុំ​ខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុចមុខ​រដ្ឋបាល​ជលផល តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌបឹង​កេងកង​។​

​រថយន្ត​បង្ក​ម៉ាក​រ៉េ​ង​រ៉ូ​វើ​ (RANGE ROVER VELAR) ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2BJ 4545 បើកបរ​ដោយ​ស្ត្រី​ស្រស់ស្អាត​ម្នាក់​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញរថយន្ត​រ៉េ​ង​រ៉ូ​វើ​​ស៊េរី​ទំនើប​មួយគ្រឿង បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មិន​ប្រយ័ត្ន​ក៏​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខ្ទាត​ចេញពី​ជួរ​អស់​មួយ​កង់ និង​បាក់​ភ្លើង​បន្ទះ​សូ​ឡា ដែល​ដាក់​លើ​របាំង​ថ្ម​អស់​មួយទៀត រថយន្ត​ក្រឡាប់​ជាច្រើន​ជុំ​ប្រហែល​៥០​ម៉ែត្រ ទើប​ឈប់​ទៅមុខ​លែងរួច​ ដោយដាច់​កង់​ចំហៀង​ខាងឆ្វេង​ខាងមុខ​អស់​មួយ​ខ្ទាត​ចេញពី​កន្លែង​បុក ប្រមាណ​១០​ម៉ែត្រ រថយន្ត​ខ្ទេច​មើល​លែង​យល់​។ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។ ភ្លាមៗ​គេ​ឃើញ​ស្រី​ស្អាត​ម្នាក់​ចេញពី​រថយន្ត​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម