ស្រុកមណ្ឌលសីមា នឹងកាន់តែមានសុវត្ថិភាពរាល់ធ្វើដំណើរតាមរយៈការតម្លើងភ្លើងអគ្គិសនីជិត៣០០

450
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ រដ្ឋបាលស្រុកមណ្ឌលសីមា នឹងកាន់តែរីកចម្រើន និងមានសុវត្ថិភាពចំពោះការធ្វើដំណើរទៅមកតាមដងផ្លូវសាធារណៈមួយចំនួន ដោយរដ្ឋបាលខេត្តកោះកុង កំពុងតម្លើងបង្គោលភ្លើងអគ្គិសនីជិត៣០០ដើមបម្រើជាប្រយោជន៍ជូនពលរដ្ឋ និងអ្នកទេសចរ។

ស្រុកមណ្ឌលសីមា ជាស្រុកមួយជាប់ក្បែរទីក្រុងខេមរភូមិន្ទ ដោយគ្រាន់តែធ្វើដំណើរឆ្លងស្ពានកោះកុងប្រមាណជាង៤គីឡូម៉ែត្រនឹងទៅដល់អគាររដ្ឋបាលស្រុកហើយ។ ស្រុកមណ្ឌលសីមា មានភាពរីកចម្រើនបន្តបន្ទាប់មិនចាញ់នឹងទីក្រុង ឬបណ្តាស្រុកដ៏ទៃទៀតទេខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោក ដោក ងី ប្រធានអង្គភាពលទ្ធកម្មនៃរដ្ឋបាលខេត្តកោះកុង បានលើកឡើងថា តាមការយកចិត្តទុកដាក់របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រដ្ឋបាលខេត្តផ្តោតសំខាន់លើគម្រោងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៩ គឺនឹងត្រូវបញ្ចប់ការសកម្មភាពតម្លើងបង្គោលភ្លើងអគ្គិសនីជិត៣០០ដើមនេះនៅខែមេសាកន្លងទៅ។ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដរីករាលត្បាតខ្លាំង ទើបនាំបង្កឱ្យអាក់ខានអនុវត្តមួយរយៈ ហើយទើបតែដើមខែមិថុនា នេះ រដ្ឋបាលខេត្តបន្តផ្តើមដំណើរតម្លើងឡើងវិញតាមដំណាក់កាលនីមួយៗ។

លោក ដោក ងី ពុំទាន់បញ្ជាក់បានភ្លាមៗទេពីពេលវេលាជាក់លាក់ ថានឹងតម្លើងបង្គោលភ្លើងអគ្គិសនីជាថ្មីនេះឱ្យបញ្ចប់ជាស្ថាពរនៅថ្ងៃខែណាទេ ស្របពេលនីតិវីធីបច្ចេកទេសកកស្ទះ និងរដូវវស្សាឈានចូលមកដល់ផង។

អង្គភាពលទ្ធកម្មខេត្ត ធ្លាប់សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ចូន ជួសជុលផ្លូវជាតិលេខ៤៨ ចាប់ពីគល់ស្ពានកោះកុងប្រវែង៨គីឡូម៉ែត្ររហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គ្រាកាលនោះផ្លូវមានសភាពចាស់ទ្រុឌទ្រោមខ្លាំងលំបាកធ្វើដំណើរ តែឥឡូវបានស្ទើរតែ១០០ភាគរយហើយ ពលរដ្ឋ និងអ្នកទេសចរអាចធ្វើដំណើរទៅមកបានយ៉ាងសុវត្ថិភាពល្អ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បាច់ទុកនូវហេដ្ឋានរចនាសម្ព័ន្ធបង្គោលភ្លើងអគ្គិសនី ថាជាកត្តាដែលមិនអាចខ្វះបានអំពីការរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមតាមដងផ្លូវសាធារណ និងទាក់ទាញកំណើនអ្នកវិនិយោគទុនផ្នែកសេវាទេសចរណ៍មកធ្វើអាជីវកម្មកាន់តែច្រើនឡើងថែមទៀតក្នុងមូលដ្ឋានស្រុក។ ខណៈមូលដ្ឋានស្រុករបស់លោក មានរមណីយដ្ឋានទេសចរធម្មជាតិ និងប្រវត្ថិសាស្រ្តគួរទាក់ទាញភ្ញៀវទេសចរ រួមមាន៖ ចេតិយឃុនឆាង ឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង ឆ្នេរសមុទ្រកាស៊ីណូ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ព្រមទាំងសេវាកម្សាន្តជាច្រើនទៀតផងដែរ។

អ្វីដែលលោកអភិបាលស្រុកមណ្ឌលសីមា បារម្ភបញ្ហាកាកសំណល់សំរាមរឹងរាវនៅតាមខ្នងផ្ទះពលរដ្ឋ និងរមណីយដ្ឋានសេវាកម្មកម្សាន្ត ដោយបច្ចុប្បន្នរដ្ឋបាលស្រុកបានជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មីហើយ ដើម្បីពន្លឿនការចុះប្រមូលសំរាមបានទៀងទាត់ពេលវេលាមិនបន្សល់សំរាមឱ្យស្អុយឡើយ។

គម្រោងតម្លើងភ្លើងបំភ្លឺនេះ គឺផ្តើមចេញពីចំណុចគល់ស្ពានកោះកុងមកកាន់ស្តូបព្រះបាទជ័យរវន្មទី៧ ពីស្តូបព្រះបាទជ័យរវន្មទី៧ទៅឃុំប៉ាក់ខ្លង និងទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម សរុបប្រវែងជិត២០គីឡូម៉ែត្រ។

យុវជន កែវ ពន្លឺ និងអ្នកស្រី ម៉ៅ តុន ប្រជាពលរដ្ឋរស់នៅក្នុងឃុំប៉ាក់ខ្លង ក៏ពេញចិត្តពីយន្តការតម្លើងបង្គោលភ្លើងបំភ្លឺតាមផ្លូវនានាមូលដ្ឋានស្រុក ព្រោះថាបច្ចុប្បន្នពួកគាត់ព្រួយបារម្ភសុវត្ថិភាពការធ្វើដំណើរទៅមកពេលយប់ជ្រៅងងឹតស្ងាត់ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ចោរកម្មផ្សេងៗ។

ពលរដ្ឋរំពឹងថា នៅពេលអាជ្ញាធរតម្លើងបង្គោលភ្លើងនេះរួចរាល់ហើយ តាមដងផ្លូវនឹងមានសភាពអ៊ូរអរមានសុវត្ថិភាពងាយស្រួលបើកបរល្អជាងពេលនេះ រីឯកំណើនទេសចរក៏កើនឡើងច្រើនស្របតាមផែនការអភិវឌ្ឍន៍រដ្ឋាភិបាលកម្ពុជា។ ក្រៅពីការអភិវឌ្ឍន៍ភ្លើងអគ្គិសនីបំភ្លឺផ្លូវ ប្រជាពលរដ្ឋស្នើសុំអោយអាជ្ញាធរពិនិត្យដោះស្រាយជីកដាក់ងប្រព័ន្ធប្រឡាយបង្ហូរទឹកអំឡូងរដូវវស្សា ស្របពេលផ្ទះមួយចំនួនរងការជន់លិច៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម