ឥណ្ឌាកំពុងបាក់ស្បាតជាមួយនឹងជំងឺកូវីដ១៩ ឥឡូវត្រៀមខ្លួនទទួលរដូវមូសខ្លាមួយទៀត

196
ចែករម្លែក

ទន្ទឹមមន្ទីរពេទ្យជោរជន់យ៉ាងខ្លាំងដោយអ្នកជំងឺ ឥឡូវនេះឥណ្ឌាដែលរងគ្រោះដោយវីរុសកូរ៉ូណាកំពុងត្រៀមខ្លួនសម្រាប់រដូវភ្លៀងមូសុងនិងការរាតត្បាតប្រចាំឆ្នាំនៃជំងឺដែលបង្កឡើងដោយមូស ខណៈឥឡូវនៅសល់តែបុគ្គលិកសុខាភិបាលសាធារណៈរបស់កងទ័ពប៉ុណ្ណោះជាអ្នកការពារចុងក្រោយ។

ជំងឺប្រចាំឆ្នាំដូចជាគ្រុនឈាមនិងគ្រុនចាញ់បានឆ្លងដល់មនុស្សជាងកន្លះលាននាក់និងសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសឥណ្ឌាដោយសារខ្យល់មូសុងនាំមកនូវភ្លៀងចាំបាច់ជាច្រើន តែក៏បង្កការបំផ្លិចបំផ្លាញនិងជំងឺផងដែរ។

ជាមួយនឹងបទពិសោធន៍ជាង ៣ ទសវត្សរ៍ជាវេជ្ជបណ្ឌិតនៅក្នុងប្រព័ន្ធថែទាំសុខភាពសាធារណៈដែលមានប្រាក់កម្រៃទាប លោកស្រី វីដយ៉ា ថាគួ ជាអគ្គនាយកពេទ្យមន្ទីរពេទ្យ Rajawadi នៃទីក្រុងមុំបៃ មានភាពស៊ាំរួចទៅហើយក្នុងការគ្រប់គ្រងបន្ទុកលំបាកៗ។

ប៉ុន្តែឥឡូវនេះលោកស្រីនិយាយថា “កូវីដ១៩បានធ្វើឱ្យយើងអស់ដៃអស់ជើងទៅហើយ ហើយខ្យល់មូសុងនឹងធ្វើឱ្យអ្វីៗកាន់តែពិបាកថែមទៀត”។

កន្លែងទំនេរនៅមន្ទីរពេទ្យរដ្ឋដែលមានគ្រែ ៥៨០ ជាកន្លែងដែលលោកស្រីធ្វើការ ត្រូវបានទុកសម្រាប់ដោះស្រាយជាមួយនឹងជំងឺរាតត្បាត។ គ្រែអ្នកជំងឺបានដាក់ណែនតាមច្រករបៀង បន្ទប់ដាក់សម្ភារៈត្រូវបានប្រើសម្រាប់ធ្វើជាបន្ទប់អ្នកជំងឺ និង បុគ្គលិកពេទ្យធ្វើការច្រើនហួសកម្លាំង។

គ្រូពេទ្យឈ្មោះ សារីវ៉ា រ៉ាណាឌីវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថានៅឯមន្ទីរពេទ្យធំបំផុតរបស់ក្រុងមុំបៃ ឈ្មោះថាមន្ទីរពេទ្យទូទៅឡុកម៉ាន់យ៉ា និស្សិតពេទ្យមិនទាន់រៀនចប់ត្រូវបានហៅឱ្យមកជួយធ្វើការ។

វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលមានបទពិសោធន៍ជាច្រើនឆ្នាំកំពុងដាក់នៅក្រៅការងារ ព្រោះពួកគេងាយនឹងឆ្លងវីរុសកូរ៉ូណា ដោយសារអាយុឬស្ថានភាពជំងឺពីមុនរបស់ពួកគេដូចជាជំងឺទឹកនោមផ្អែមជាដើម។

លោកស្រីថាគួបានប្រាប់ AFP ថា “មនុស្សគ្រប់គ្នាកំពុងធ្វើការឥតឈប់ឈរ … យើងមានអារម្មណ៍បាក់ស្បាតអស់ហើយ”។

ហើយឥឡូវនេះជាមួយនឹងខ្យល់មូសុងបានមកដល់ទីក្រុងមុំបៃនៅលើដំណើរច្រើនខែរបស់វានៅភាគខាងជើង លោកស្រីបានត្រៀមខ្លួនជាស្រេចសម្រាប់ការផ្ទុះឡើងនូវជំងឺប្រចាំរដូវ។

បញ្ហាជាក់លាក់មួយគឺថាជំងឺតាមរដូវភាគច្រើនមានរោគសញ្ញាសឹងតែដូចនឹងជំងឺកូវីដ១៩ ដូចជា គ្រុនក្តៅ ពិបាកដកដង្ហើម និងបាត់ចំណង់អាហារ។

នេះមានន័យថា ការធ្វើតេស្តបន្ថែមទៀត គ្រែដាច់ដោយឡែកបន្ថែមទៀត និងឧបករណ៍ការពារបន្ថែមទៀតនឹងត្រូវការជាចាំបាច់ដើម្បីធានាថា អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងមិនត្រូវប្រឈមនឹងជំងឺកូវីដ១៩។

លោកស្រីថាគួ និយាយថា “យើងនឹងព្យាបាលមនុស្សគ្រប់គ្នាឱ្យដូចពួកគេជាអ្នកជំងឺកូវីដ១៩ដែរ។ រាល់ការប្រុងប្រយ័ត្នត្រូវតែធ្វើឡើង”៕ ដោយ៖ កញ្ញាដាលីស

រដូវភ្លៀងមូសុងសម្បូរមូសចូលមកដល់ទីក្រុងមុំបៃ

ទីតាំងផ្សាយពាណិជ្ជកម្ម