​ពលរដ្ឋ​ប្រើប្រាស់​ភ្លើង​ត្អូញត្អែរ​ពី​ការចេញ​វិក័យប័ត្រ​ទូទាត់​លុយ​

118
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ពលរដ្ឋ​ប្រើប្រាស់​ភ្លើង​ពី​សេវាករ​អគ្គិសនី​តា​វង​ថា​ការបង់ថ្លៃ​ស្រេច​តែ​ក្រុមហ៊ុន​ថា​។​វិក័យប័ត្រ​ខ្លះ​បាន​យក​លេខ​លុយ​ខែ​ចាស់​មក​បូក​ខែ​ថ្មី​ឱ្យ​ទួ​ទាត់​បន្ថែម​ទៀតផង ។​
​ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ឈ្មោះ​លន់​វ៉ាន់​ថេត​នៅ​ភូមិ​/​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា ៖ ជា​ឧទាហរណ៍​ក្នុង​វិក័យប័ត្រ​អគ្គិសនី​តា​វង​-​ម៉ែន ចាន់​កុសល (​គិតពី​ថ្ងៃទី​24-03-2020 ដល់​ថ្ងៃទី​24-04-2020)​ត្រង់ចំណុច​ប្រាក់​ជំពាក់​ពេលមុន​តម្លៃ​សរុប​32.330​រៀល​។​ទឹកប្រាក់​បានទទួល​(​ខែ​ថ្មី​)32.300​រៀល​។​ដល់​ទឹកប្រាក់​សរុប​ចំនូ​ន​70.180​រៀល​។​គឺ​បាន​បូក​លុយ​ខែ​ចាស់​ដែល​បាន​ទូទាត់​រូ​ច​ហើយ មក​ថែម​ខែ​ថ្មី​ទៀត​ឬ​ត្រូ​ត ។​

​អ្នកប្រើប្រាស់​រូបនេះ​ថា គាត់​បាន​សួរ​ប៉ុន្តែ​នៅតែ​ទូទាត់​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ចេញ​វិក័យប័ត្រ ព្រោះ​មិន​យល់​របៀប​គិតលុយ ហើយ​តវ៉ា​ក៏​មិន​ឈ្នះ​ដែរ ។​អ្នកប្រើប្រាស់​ផ្សេងទៀត ក៏​ដូច​លោក​យ៉ិ​ន អាត់​មេភូមិ​ពន្លៃ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​៖​ករណីបែបនេះ​មាន​ជា​ហូរហែ​តែ​ពលរដ្ឋ​ល្ងិតល្ងង់​ក៏​នៅតែ​បង់លុយ​ថ្លែ​ភ្លើង​ជូន​ក្រុមហ៊ុន​(​សេវាករ​)​។​ម្យ៉ាងទៀត​ជា​ទម្លាប់​គឺ​ពលរដ្ឋ​ជា​អតិថិជន​ប្រើប្រាស់​ភ្លើង តែង​បង់លុយ​តាម​ស្រេច​តែ​ក្រុមហ៊ុន​ថា​និង​ចេញ​វិក័យប័ត្រ ទោះជា​ក្រុមហ៊ុន​ដើរ​ខ្សែលើ​ឬ​គៃបន្លំ​ក្តី ។​
​លោក​ឡាយ បាងកក​បុគ្គលិក​ទទួលខុសត្រូវ​អគ្គិសនី​តា​វង​ម៉ែន​កុសល​ធ្លាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ៖​ការចេញ​វិក័យប័ត្រ​និង​តម្រូវឱ្យ​អតិថិជន​ទូទាត់​នោះ​ជា​របស់​ថ្នាក់លើ​ហើយ​រឿង​នោះ​កើតឡើង​កាលពី​លោក​មិនទាន់​មក​បម្រើការ​។​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការចេញ​វិក័យប័ត្រ​ឱ្យ​អតិថិជន​ទូទាត់​លុយ​ថ្លៃ​ភ្លើង ទាំង​លេខ​ខែ​ចាស់​(​ដែល​បាន​បង់ហើយ​) បូក​នឹង​លេខ​ខែ​ថ្មី បែប​នោះ លោក​គ្រីប ឡាំ មេឃុំ​ពន្លៃ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៤​ខែមិថុនា ថា ៖ ថ្មីៗ​នេះ ម្ចាស់​សេវាករ​អគ្គិសនី​តា​វង បានទទួល​កំហុស​ហើយ​បានឱ្យ​បុគ្គលិក​លោក​កែតម្រូវ​រួច​ទូទាត់​សងលុយ​ទៅ​ពលរដ្ឋ​ជា​អតិថិជន​វិញ ។​

សូម​រំលឹកថា​អគ្គិសនី​តា​វង​-​ម៉ែន​ចាន់​កុសល​ត្រូវគេ​ស្គាល់​ថា​ជា​ផ្នែក​មួយ​នៃ​សេវាករ​អគ្គិសនី​របស់លោក​អេង​គ​ន្ធា​អគ្គនាយករង​នៃ​អគ្គិសនី​កម្ពុជា​(EDC)​និង​អ្នកស្រី​កែវ​បុប្ផា​រ័ត្ន​នៅ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​(​ដែល​គ្រប់​ដណ្តប់​លើ​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រុក​ថ្មពួក​ស្វាយចេក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ) ។​

កន្លងមកនេះ​អគ្គិសនី​នេះ​បាន​ផ្តាច់​ភ្លើង​និង​ដក​កុង​ទ័​ររ​(​គីឡូ​ភ្លើង​)​ពី​ពលរដ្ឋ​រងគ្រោះ​៣​គ្រួសារ​នៅ​ភូមិ​/​ឃុំ​ពន្លៃ​ដោយ​ចោទថា​៖​ពលរដ្ឋ​មិន​រាយការណ៍​ពី​គីឡូ​គាំង​មក​ក្រុមហ៊ុន​ហើយ​តម្រូវឱ្យ​ពលរដ្ឋ​៣​គ្រួសារ​បង់លុយ​រំលឹក​(​លុយ​សង​)​គឺ​ពី​ឆ្នាំ​២០១៨​និង​២០១៩​មក​។​ពលរដ្ឋ​មិន​សុខចិត្ត​ហើយ​បានធ្វើ​លិខិត​អន្តរាគមន៍​តាម​ភូមិ​ឃុំ​ទៅ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​,​ទៅ​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​មូលដ្ឋាន​ដើម្បី​រក​យុត្តិធម៌ ។​

ទីបំផុត រឿងនេះ​បាន​សម្របសម្រួល ដោះស្រាយ​គ្នា ដោយ​លោក​អេង​គ​ន្ធា​ម្ចាស់​ក្រុមហ៊ុន​នេះ ប្រាប់​ទៅ​ក្រុមមន្ត្រី​ដោះស្រាយ​ថា ក្រុមហ៊ុន​នឹង​ភ្ជាប់​បណ្តាញ​ភ្លើង​ឱ្យ​ពលរដ្ឋ​ប្រើប្រាស​ឡើងវិញ ។​ឯការ​បង់លុយ​រំលឹក​និង​លុយ​ភ្ជាប់​ភ្លើង​ឡើងវិញ ត្រូវ​លើកលែង ៕S/

​រូបថត ៖ ពលរដ្ឋ​ប្រើប្រាស​ភ្លើង​ពី​សេវាករ​អគ្គិសនី​តា​វង​ថា ការបង់ថ្លៃ​ស្រេច​តែ​ក្រុមហ៊ុន​ថា , ហើយ​វិក័យប័ត្រ​ខ្លះ​យក​លេខ​លុយ​ខែ​ចាស់ មក​បូក​ខែ​ថ្មី​អោយ​ទូទាត់​បន្ថែម (​រូប​៖ ប​.​ជ័យ​)​