កម្មករ​ផ្លូវដែក​បារាំង​ចាប់​ផ្តើមធ្វើ​កូដកម្ម​រាប់​ខែ ដើម្បី​ធ្វើតេស្ត​មើល​ការដោះស្រាយ​របស់លោក​ប្រធានាធិបតី ម៉ា​ក្រុង

1400
ចែករម្លែក

​ក្រុមកម្មករ​ផ្លូវដែក​បារាំង​បានចាប់ផ្តើម​ធ្វើ​កូដកម្ម​រយៈពេល ៣ ខែ ដែលជា​ផ្នែក​មួយ​នៃ​រលក​សកម្មភាព​ឧស្សាហកម្ម ដែល​នឹងធ្វើ​តេស្ត​មើល​ការដោះស្រាយ​របស់​ប្រធានាធិបតី អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ក្នុងការ​ផ្លាស់ប្តូរ​ប្រទេស​បារាំង​ជាមួយនឹង​កំណែទម្រង់​ទូលំទូលាយ​ជាច្រើន​នោះ​។​

​ការធ្វើ​កូដកម្ម​នេះ​នឹងធ្វើ​ឱ្យមាន​ភាពចលាចល​ដល់​អ្នកដំណើរ​រថភ្លើង ៤,៥ លាន​នាក់​របស់​បារាំង ជាមួយ​ការផ្អាក​សកម្មភាព​រថ​ភ្លើង​គ្រោង​ធ្វើឡើង ២ ថ្ងៃ​ក្នុងចំណោម​ថ្ងៃ​ធ្វើការ​ទាំង ៥ រហូតដល់​ថ្ងៃទី ២៨ ខែមិថុនា លុះត្រាតែ​លោក​ម៉ា​ក្រុង បង្ហាញ​ការប្រឹងប្រែង​របស់លោក ដើម្បី​បង្ខំ​ឱ្យមាន​ការរុះរើ​ដ៏​ធំ​ក្នុង​ក្រុមហ៊ុន​រថភ្លើង​រដ្ឋ SNCF​។​

​បុគ្គលិក​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង អ្នកប្រមូល​សំរាម និង​បុគ្គលិក​ថាមពល​មួយចំនួន ក៏​កំពុង​រៀបចំ​ការដើរ​ចេញ​ពី​ការងារ ក្នុងករណី​ដាច់ដោយឡែក​ពីគ្នា​ផងដែរ កាលពី​ថ្ងៃ​អង្គារ នៅក្រោម​បរិយាកាស​នៃ​ជម្លោះ​សង្គម​ដែល​កាន់តែ​រីកធំឡើង​នេះ ពោលគឺ​ទើបតែ ១១ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ម៉ា​ក្រុង​ឡើងកាន់​អំណាច​។​

​ជន​ចូលនិវត្តន៍ និស្សិត និង​បុគ្គលិក ក្នុង​វិស័យ​សាធារណៈ​បាន​ដើរ​តាម​ដងផ្លូវ​រួចហើយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ផែនការ​កែទម្រង់​របស់​មេដឹកនាំ​អាយុ ៤០ ឆ្នាំ​រូបនេះ​។​

​កាសែត​ប្រចាំ​តំបន់ Charente Libre បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​នៅក្នុង​បរិយាកាស​សង្គម​ដ៏​តានតឹង​បំផុត​ចាប់តាំងពី​ការចាប់ផ្តើម​ការ​កាន់តំណែង​របស់​ប្រធានាធិបតី​ម៉ា​ក្រុង គឺមាន​ហានិភ័យ​ពិតប្រាកដ​នៃ​ការមិន​ពេញចិត្ត​កាន់តែ​ច្រើនឡើង​”​។​

​ការធ្វើ​កូដកម្ម​ផ្លូវដែក​បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ប៉ុន្តែ​វា​ចាប់ផ្តើម​មែនទែន​នៅ​ថ្ងៃ​អង្គារ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានដាក់​ឈ្មោះថា “​ថ្ងៃ​អង្គារ​ខ្មៅ​”​។​

​មានតែ​រថភ្លើង​ល្បឿន​លឿន TGV មួយ​ខ្សែ​គត់​ក្នុងចំណោម​៨​ខ្សែ គឺ​គ្រោង​នឹង​ដំណើរ​ការធម្មតា និង​រថភ្លើង​ក្នុង​តំបន់​មួយ​ក្នុងចំណោម​៥​នឹង​ដំណើរការ ដែល​នេះ​ជា​បញ្ហា​មួយ​សម្រាប់​ក្រុមហ៊ុន​នានា​នៅ​ទូទាំងប្រទេស ខណៈ​បុគ្គលិក​ជួប​ការលំបាក​ក្នុងការ​ចេញទៅ​ធ្វើការ​៕ ដោយ៖ កញ្ញាដាលីស

កូដកម្ម​នេះ​នឹង​បង្កចលាចល​ដរាបណា​លោក​ម៉ា​ក្រុង​បញ្ចេញ​ផែនការ​កំណែទម្រង់

ទីតាំងផ្សាយពាណិជ្ជកម្ម