សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ ប្រចាំ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨

1284
ចែករម្លែក

ដោយៈវិបុល/ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាតិសំខាន់ៗដែលកើតឡើងនៅថ្ងៃទី២ខែមេសា ឆ្នាំ២០១៨ នេះមានដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន : សន្តិភាព​គឺមាន​អន្តរ​កម្ម​ធំធេង​ណាស់​ជាមួយ​ការអភិវឌ្ឍ​

នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុប​ប្រមាណ ២.៨៦០ នាក់ នៅ​សាល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​នា ព្រឹក​ថ្ងៃ ទី ៣ ខែ មេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា សមិទ្ធផល​នៃ​សន្តិភាព គឺជា​សមិទ្ធិផល​ដែលមាន​អន្តរ​កម្ម​ធំធេង​ណាស់ ជាមួយ​ការ​ការអភិវឌ្ឍ​គ្មាន​សន្តិភាព​គឺ​គ្មាន​ការ​ភិ​វ​ឌ្ឍ​បានទេ​។​សម្តេច​បាន​បន្តថា​យើង​បាន​រកឃើញ​នូវ​ឧបាយកល​ចង់​បំផ្លាញ​សន្តិភាព​នេះ​។​ដូច្នេះ​គ្មាន​ការស្ទាក់ស្ទើរ​ណាមួយ​ដើម្បី​នឹង​ចាត់វិធានការ​ទោះបី​តម្លៃ​ណាក៏ដោយ​ដើម្បី​ធានាថា​សន្តិភាព​នៅក្នុង​ប្រទេស​យើង​នៅតែ​ជា​សន្តិភាព​សម្រាប់​បម្រើឱ្យ​មនុស្ស​ជាង​១៥​លាន​នាក់​៕

 

*​សម្ដេច​តេ​ជោ ប្រកាស​បន្ថែម​ខ្សែ​រថយន្ដក្រុង​គ្រប់​ច្រក​ចេញពី​ភ្នំពេញ​ជូន​ពលរដ្ឋ​ជិះ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នៅ​ព្រឹក​ថ្ងៃទី​៣ មេសា នេះ សម្ដេច​តេ​ជោ បាន​លើកឡើងថា “​កាល​ខ្ញុំ​ប្រកាស​ពីថ្ងៃ​អាទិត្យ កន្លងទៅនេះ គឺ​គម្រោង​ដាក់​តែ ២ ទិស​ទេ ។ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាសថា យើង​បាន​ត្រៀម​ឡានក្រុង ដឹកជញ្ជូន​បងប្អូន អ្នកធ្វើដំណើរ ដោយ​មិន​បង់ថ្លៃ នៅតាម​ផ្លូវជាតិ​មួយចំនួន ដូចជា​៖ ផ្លូវជាតិ​លេខ ១ (​ពី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយរៀង​), ផ្លូវជាតិ​លេខ ៣ (​ពី​ចោមចៅ ទៅ កំពត​), ផ្លូវជាតិ​លេខ ៤ (​ពី​ចោមចៅ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​), ផ្លូវជាតិ​លេខ​៥ (​ពី​ភ្នំពេញ​ទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​), ផ្លូវជាតិ​លេខ ៦ (​គឺ​ពី​ភ្នំពេញ កំពង់ធំ និង​សៀមរាប​)”៕

*​សម្ដេច​ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ នាយក​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ថ្មី​ប្រចាំ កម្ពុជា​ចូលជួប​សម្តែង​ការគួរសម

​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៨ បានអនុញ្ញាត​ឲ្យ​លោក ដា​នី​ញ៉ែ​ល ស្មូក​ឃី​ង (Daniel Schmuecking)​នាយក​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​។ ក្នុងជំនួប​នេះ ក្រៅពី​សម្ដែង​ការគួរសម សាកសួរ​សុខទុក្ខ​រវាង​គ្នា​នឹង​គ្នា សម្តេច​ប្រធានព្រឹទ្ធសភា បាន​សំណូមពរ​ដល់​មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ​ប្រចាំ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ដើម្បី​ចាត់ចែង​នូវ​កម្មវិធី​បណ្តុះបណ្តាល​នានា ជា​គុណប្រយោជន៍​ដល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​ជាអាទិ៍ ៖ ទី​១-​អភិវឌ្ឍ​សមត្ថភាព​អ្នកនាំពាក្យ​របស់​ព្រឹទ្ធសភា និង​ការងារ​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ​របស់​ព្រឹទ្ធសភា​, ទី​២-​ជួយ​គាំទ្រ​ដល់​ការរៀបចំ​វេទិកាសាធារណៈ​ពាក់ព័ន្ធ​នឹង​វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​បណ្តា​ភូមិភាគ​ទាំង​៨ និង​ទី​៣-​បន្ត​គាំទ្រ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈកម្មការ​នានា​ព្រឹទ្ធសភា ដើម្បី​ស្វែងយល់​បទពិសោធន៍​លើ​ការងារ​សភា​នៅ​បរទេស​៕

 

*​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អំពាវនាវ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងឡាយ ចូលរួម​ទប់ស្កាត់​-​បង្ក្រាប​ផលិត​ក្លែងក្លាយ

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងឡាយ ពិសេស​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងឧបភោគ បរិភោគ គ្រឿងសំអាង សូមមេត្តា​ចូលរួម​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​នៅ​ផលិត​ក្លែងក្លាយ​។ ការអំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ នា​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ​៕

*​គ្លីនិក​ទាំងអស់​បើ​រកឃើញថា​មិនមាន​លិខិត​អនុញ្ញាតឱ្យ​បើក​អាជីវកម្ម​ត្រឹមត្រូវ​ទេ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​

លោក ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា មន្ទីរ​រួមជាមួយ និង​គណៈកម្មាធិការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​ចាត់វិធានការ​ផ្លូវច្បាប់​មិន​យោគយល់ ឡើយ​ចំពោះ គ្លី​និ​ច ណា​ដែល​ធ្វើ​អាជីវកម្ម​អត់​ច្បាប់​ពោលគឺ​បិទ​អាជីវកម្ម​តែម្តង​រួម​និង​ការផាក់ពិន័យ​ជា ប្រាក់​៥​លាន​រៀល ។ ដោយឡែក​ចំពោះ​គ្លី​និ​ច​ណា​ដែល មានច្បាប់ អនុញ្ញាត​ហើយ តែ​មិន​គោរ​ព្ធ​អនុវត្ដ​បាន​ត្រឹមត្រូវ​តាម​គោល​ការណែនាំ ច្បាប់​អនុញ្ញាត ត្រូវ​ដក​អា​ញ្ញា​ប័ណ នោះមក​វិញ ហើយ​ធ្វើ​ការអប់រំ លើក​ទី​១,២ ក្រោយមក​បើ​នៅតែ​មិន អនុវត្ត​ទើប ត្រូវ​ផាក់ ពិន័យ​ជា​ប្រាក់​៥​លាន​រៀល ហើយ​បើ​នូវ តែ​មិន​គោរព ទៀត​ត្រូវ តែ​បិទ​ទាំងស្រុង​តែម្តង ។​
​ការព្រមាន​របស់លោក​វិ​ជ្ជ​បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បែបនេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​លោក និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ កោះប្រជុំ​ជា​លើក​ទី​២ ជាមួយ​គណៈកម្មាធិការ​ល​លុបបំបាត់​ឱ​ស​ក្លែងក្លាយ​។​

*​លោក ហ៊ុន ម៉ា​នី ទទួល​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានទទួល​គ្រឿង​ឥស្សរិយយស​ប៉ាត់​ម៉ា​ស្រ៊ី​( Padma Shri )​ពី​ប្រធាន​ធិបតី​ឥណ្ឌា​កាលពី​ថ្ងៃទី​២ ខែ មេសា ឆ្នាំ​២០១៨ នៅ​ទីក្រុង ញូ​វ​ដេល្លី ប្រទេស​ឥណ្ឌា​។ ពានរង្វាន់​ប៉ាត់​ម៉ា​ស្រ៊ី គឺជា​គ្រឿង​ឥស្សរិយយស ដែល​ផ្តល់ជូន​ឥស្សរជន​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ​។ លោក ហ៊ុន ម៉ា​នី នឹង​អញ្ជើញ​វិល​ត្រឡប់មក​មាតុភូមិ​វិញ​ជាមួយ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព នា​យប់​ថ្ងៃទី​៣ ខែ មេសា ឆ្នាំ​២០១៨​នេះ ហើយ​លោក​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

*​រថភ្លើង ប៉ោយប៉ែត​-​សិរីសោភ័ណ​គ្រោង​ដាក់​ដំណើរការ​នៅ​ថ្ងៃស្អែក​

​ខ្សែ​រថភ្លើង ប៉ោយប៉ែត​-​សិរីសោភ័ណ បាន​សាកល្បង​ជោគជ័យ​ហើយ នា​ថ្ងៃនេះ ហើយ គ្រោង​នឹងដាក់​ដំណើរការ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​០៤ ខែមេសា ស្អែក​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​
​ជាមួយគ្នានេះ ក្រសួង​ក៏បាន​បញ្ជាក់ដែរថា បន្ទាប់ពី​ដាក់​ដំណើរការ​ជា​បណ្ដុះ​អាសន្ន​នៅ​ថ្ងៃ ០៤ មេសា ២០១៨ ខាងមុខនេះ ជាមួយនឹង​កាដូ​ពិសេស ជិះ​ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​៣១ កក្កដា ២០១៨​។​
​ការធ្វើដំណើរ​តាមផ្លូវ​ដែក​នេះ នឹង​អនុញ្ញាត​ឲ្យ​ផ្ទុក​មនុស្ស​១០០​នាក់ ទាំង​ឈរ​និង​អង្គុយ​ផ្តល់​សេវា មួយថ្ងៃ​០៣​ជុំ ស្មើនឹង​០៦ ជើង​ទៅមក ។​

*​សាធារណរដ្ឋ​កូរ៉េ​ផ្តល់ជំនួយ​ឥណទាន​ជាង​៦០​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាខ្មៅ​

​ភ្នំពេញ ​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​កូរ៉េ​បាន​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​ចំនួន​៦៣,៨​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង ក្រុង​តាខ្មៅ​។​
​មន្ត្រី​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ មាន​ទឹកប្រាក់​ចំនួន​៦៣,៨៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​តាខ្មៅ គឺជា​កិច្ចព្រមព្រៀង​ឥណទាន​លើក​ទី​២១ ពី​រដ្ឋាភិបាល​កូរ៉េ តាមរយៈ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​កូរ៉េ​ដល់​ប្រទេស​កម្ពុជា​ហើយ ដែល​គិត​មកដល់ ២០១៨ មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង​៧៦៣​លាន​ដុល្លារ​អាមេរិក​៕

*​ប្ដី​និង​កូន​រវល់​ទៅ​សែន​ឆេង​ម៉េង អគ្គិភ័យ​ឆេះ​ផ្ទះល្វែង ស្លាប់​ប្រពន្ធ​ទាំង​ព្រឹក​

​ព្រៃវែង : ស្ដ្រី​ម្នាក់​ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្លាប់​ក្នុង​ផ្ទះល្វែង​របស់ខ្លួន ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ នៅ​ចំណុច​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែមេសា​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ មាន​ទំហំ ទទឹង​៥ ,២​ម៉ែត្រ​បណ្ដោយ ១៥​ម៉ែត្រ ។​ម្ចាស់​ឈ្មោះ អន គ្រី​ម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត​។ ករណីនេះ បណ្ដាល​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ ឈ្មោះ ញឹម ទៀង អាយុ​៤៧​ឆ្នាំ ស្លាប់​ពេល​ភ្លើង​ឆាបឆេះ ក្នុង​បន្ទប់​ផ្ទះកើតហេតុ និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ស្ទើ​ទាំងស្រុង​។ នៅ​មុនពេល​កើតហេតុ ប្ដី​និង​កូនប្រុស​២​នាក់​របស់​ស្ដ្រី​រងគ្រោះ បាននាំគ្នា​ទៅ​សែន​ឆេង​ម៉េង​ផ្នូរ​រ​ដូនតា​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម