មន្រ្តីក្រសួងបរិស្ថានរំលឹកពលរដ្ឋកុំចោលសំរាមផ្តេសផ្តាស់ដើម្បីប្រយោជន៍ទាំងសុខភាព,មុខរបរនិងទេសចរណ៍

128
ចែករម្លែក

ដោយ៖ដេប៉ូ/កោះកុង៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពិសេសរស់នៅតំបន់មាត់សមុទ្រត្រូវចូលរួមថែរក្សាអនាម័យនិងគ្រប់គ្រងសំរាមឱ្យបានល្អទាំងលើគោក និងក្នុងទឹកដើម្បីទាក់ទាញភ្ញៀវទេសចរនិង ពលរដ្ឋអាចពឹងប្រាស្រ័យលើរបរនេសាទប្រព្រឹត្តិទៅបានល្អទាំងនាពេលបច្ចុប្បន្ន និងអនាគត។

          ការមានប្រសាសន៍បែបនេះធ្វើឡើងដោយ លោក នេត្រ ភក្ត្រារដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងបរិស្ថាន នាក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០។       

គួរបញ្ជាក់ថាពិធីនេះប្រារព្វធ្វើឡើងដើម្បីអនុវត្តគម្រោងសាកល្បងការញែកសំរាមតាមបែបសហគមន៍។ចំណែកគោលបំណងសំខាន់នោះគឺដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគុណតម្លៃនៃការថែរក្សាបរិស្ថាន, បង្កើតជាគំរូនៃការអនុវត្តញែកសំរាមតាមបែបសហគមន៍,ការចូលរួមអនុវត្ត”គំនិតផ្តួចផ្តើមកាត់បន្ថយសំរាមនៅក្នុងសមុទ្រ។ក្នុងកម្មវិធីនេះដែរបានកិច្ចសហការ ឧបត្ថម្ភបច្ចេកទេសពីសំណាក់អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាន នៅសមុទ្រអាស៊ីបូព៌ា ហៅកាត់ថា PEMSEA។

         លើកឡើងក្នុងពិធីនេះលោកនេត្រភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងជំហានដំបូងដែលគេបានប្រគល់ធុងសំរាមនេះត្រូវបានគេអនុវត្តនូវការញែកសំរាមចំនួន២៥ទីតាំងក្នុងឃុំពាមក្រសោប ដោយក្នុងនោះធុងសំរាមមាន២ប្រភេទគឺ ធុងពណ៌បៃតងសម្រាប់ដាក់សំរាមដែលអាចប្រើប្រាស់ឬកែច្នៃឡើងវិញបាន ចំណែកឯ ធុងពណ៌ខ្មៅសម្រាប់ដាក់សំរាមដែលមិនអាចប្រើប្រាស់កែច្នៃឡើងវិញបានទេ។

          ទាក់ទិនក្នុងការចោលសំរាមនេះលោកនេត្រ ភក្រ្តា បានបញ្ជាក់ថាបញ្ហាសំរាមគឺជាក្តីបារម្ភរួមរបស់យើងទាំងអស់គ្នា។ដោយឡែកក្នុងការដែលយើងបានទុកដាក់ធុងសំរាមតាមទីសាធារណៈដើម្បីឱ្យភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋបានទុកដាក់សំរាមនេះដែរគឺជាវិធានការមួយដែលការពារបញ្ហាអនាម័យបរិស្ថាននិងតំបន់រម្មណីយដ្ឋានមួយចំនួនស្អាតល្អដែលជាទីទាក់ទាញឱ្យមនុស្សចូលមក កម្សាន្ត។

          ជុំវិញការចោលសំរាមនេះដែរ លោករដ្ឋលេខាធិការបានថ្លែងថា កន្លងមករម្មណីយដ្ឋានមួយចំនួនត្រូវបានអ្នកទេសចរខ្លះចោលសំរាមពាសវាលកាលដែលជាប្រការនាំឱ្យបាត់បង់នូវអនាម័យធ្វើឱ្យភ្ញៀវទេសចរលែងចង់ចូលមកកម្សាន្ត។ហេតុនេះការដែលបានដាក់ធុងសំរាមនៅតាមតំបន់ទាំងនេះក៏ជាការដាស់តឿននិងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ។

      ទាក់ទិនទៅនឹងការញែកសំរាមតាមធុងវិញត្រូវបានលោករដ្ឋលេខាធិការពន្យល់ថា ជាការមួយល្អដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងថា តើសំរាមណា ដែលមានប្រយោជន៍ សំរាមណាដែលយើងត្រូវទុកម្តុំ ពីព្រោះថាបើយើងនិយាយពីការញែកសំរាមយើងអាចញែកចេញជាបីប្រភេទគឺសំណល់សរីរាង្គ សំណល់អាចកែច្នៃបាន និង សំរាមប្រភេទគ្រោះថ្នាក់ “។

          ពាក់ព័ន្ធការទទួលធុងសំរាមក្នុងពេលនេះដែរត្រូវបានលោករដ្ឋលេខាធិការពន្យល់ថា បានបង្ហាញឱ្យឃើញថាទាំងអស់គ្នាបាន ការចូលរួមថែរក្សាអនាម័យបរិស្ថានល្អនៅក្នុងសហគមន៍ និងមូលដ្ឋានដែលបានរស់នៅ។ ចំពោះបរិស្ថានស្អាតវាជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ខ្លួនយើង សម្រាប់គ្រួសារយើង ពីព្រោះវាផ្តល់សុខភាពដល់មនុស្សនានា នៅជុំវិញខ្លួនយើង។ ប្រសិនបើមិនបានគ្រប់គ្រងសំរាមឱ្យបានល្អទេវានឹងបង្កឱ្យកើតជាមេរោគ ដល់ខ្លួនជាដើម។ម្ល៉ោះហើយ ជំងឺដែលមកពីសំរាមអាចបង្កាបានតាមរយៈការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ តាមធុងសំរាមដែលមាននៅក្នុងសហគមន៍។

លោក នេត្រភក្ត្រាបានឱ្យដឹងបន្ថែមថា”ចំពោះការដាក់ឱ្យប្រើប្រាស់ធុងសំរាម នៅក្នុងសហគមន៍ពាមក្រសោបនេះ ក៏ជាការចូលរួមដាស់រំឮកស្មារតីដល់បងប្អូនជាភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់នេះ ឱ្យយល់ដឹងពីការថែរក្សាអនាម័យ”។

លោកថាដោយមើលឃើញផលវិបាកកើតចេញពីសំរាមនេះដែរទើបក្រសួងបរិស្ថានបានសហការជាមួយភាគីនានាបានរៀបចំនូវគោលការគ្រប់គ្រងទៅលើសំណល់រឹង ទីប្រជុំជនដើម្បីធ្វើយ៉ាងណាញែកសំរាម គ្រប់គ្រងសំរាមឱ្យបាន និងពិសេសប្រភេទសំរាមដែលមិនមានប្រយោជន៍នោះឱ្យមានចំនួនតិចទៅតាមអាចធ្វើទៅបាន។

          គួរបញ្ជាក់ថាបើតាមលោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាសំរាមក្នុងមួយថ្ងៃបើគិតក្នុងរាជធានីភ្នំពេញមួយប៉ុណ្ណោះមានសំរាមប្រមាណ២៧០០-៣០០០តោន ហើយក្នុងចំណោមនេះសំរាមដែលមិនអាចប្រើការបានមានរហូតដល់៨០ភាគរយ ចំណែកសំរាមដែលគេអាចយកមកកែច្នៃបានមានប្រមាណ២០ភាគរយ ៕dp/សរន