ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ ដាក់​ឲ្យ​ដំណើរ​ឡើងវិញ នៅ​ថ្ងៃទី​៤ ខែមេសា ដឹក​អ្នកដំណើរ ដោយ​ឥតគិតថ្លៃ​

2727
ចែករម្លែក

ដោយៈម៉េងឆៃ/​ភ្នំពេញៈពិធី​បើក​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​ផ្លូវ​រថភ្លើង ប៉ោយប៉ែត​-​សិរីសោភ័ណ ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ នឹងធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ​។ កំណាត់​ខ្សែ​រថភ្លើង​នេះ នឹង​ដឹក​អ្នកដំណើរ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០៤ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ពិធី​សម្ពោធ​បើក​នេះ នឹងធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក​ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​​ផ្លូវដែក​ពី​ប៉ោយប៉ែត​-​សិរីសោភ័ណ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល ៤៥ ឆ្នាំ មក​ហើយ​។ កំណាត់​ផ្លូវដែក​នេះ មាន​ប្រវែង​សរុប ៤៨ គីឡូម៉ែត្រ ត្រូវ​ឆ្លងកាត់ ៦ ស្ថានីយ៍ គឺ​ប៉ោយប៉ែត​- កូប​- សូ​ភី​- សាលា​សំរោង​- ទឹកថ្លា​- សិរីសោភ័ណ​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ផ្លូវដែក​ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរីសោភ័ណ នឹង​ចេញ​ដំណើរ​ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរីសោភ័ណ មាន​ម៉ោង ០៧​ព្រឹក​, ម៉ោង ១០ និង ៣០​នាទី​, ម៉ោង​២ និង ១៥ នាទី​រសៀល និង​ចេញពី​ក្រុង​សិរីសោភ័ណ មក​ក្រុង​ប៉ោយប៉ែត មាន​ម៉ោង ៨ និង ៤០ នាទី ព្រឹក ម៉ោង ១២ និង ៤៥ នាទី និង​ម៉ោង ០៤​ល្ងាច​។

​​ក្រសួង បាន​ឲ្យ​ដឹងថា ផ្លូវដែក​ពី​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់​ខេត្តបាត់ដំបង នឹង​បើក​ដំណើរ​ការ នៅ​អំឡុង​ខែមិថុនាខាងមុខ ហើយ​ក្រសួង នឹង​ចាប់ដំណើរការ​ផ្លូវដែក​កម្ពុជា​-​ថៃ ឲ្យបាន​ឆាប់​ផងដែរ​។

​​ដោយឡែក កំណាត់​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​-​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​នឹង​បើក​ឲ្យ​ដំណើរការ ដឹក​អ្នកដំណើរ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ អំឡុង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ខណៈដែល​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ ភ្នំពេញ​-​កំពត​-​ព្រះសីហនុ បាន​បើក​ឲ្យ​ដំណើរការ​យូរ​ឆ្នាំ​មកហើយ​៕ មន

ទីតាំងផ្សាយពាណិជ្ជកម្ម