ទិវា​ឯករាជ្យ​ជាតិ ហុង​គ្រី​

385
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហុង​គ្រី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ ថ្ងៃទី​១៩ ខែមិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​កងទ័ព​សូ​វៀត ចុងក្រោយ​បំផុត ត្រូវបាន​ដក ចេញ ពី​ហុង​គ្រី កាលពី​ឆ្នាំ​១៩៩១ ដែល​ជាការ​បញ្ចប់ទៅ នៃ​ការត្រួតត្រា​របស់ សហភាពសូវៀត ទៅ លើ​ហុង​គ្រី និង​ដើម្បី​រំឭក​ដល់​រាល់​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ទៅនឹង​បដិវត្តន៍​ឆ្នាំ​១៩៥៦ ដែល​ត្រូវបាន បង្ក្រាប យ៉ាង​ហិង្សា ពី​សំណាក់​កងទ័ព​សូ​វៀត ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​ហុង​គ្រី មាន​ផ្ទៃដី ៩៣.០៣០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល មាន​ព្រំដែន​ជាប់ ប្រទេស​ស្លូ​វ៉ា​គី អ៊ុយ​ក្រែ​ន អូទ្រីស រ៉ូ​ម៉ា​នី ស៊ែ​ប ក្រួ​អាត និង ស្លូ​វេ​នី ។ ឆ្នាំ​២០២០ មាន​ប្រជា ពលរដ្ឋ ជិត ១០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​ហុង​គ្រី រដ្ឋធានី គឺ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ។​

ប្រវត្តិសាស្ត្រ
​បន្ទាប់ពី​សង្គ្រាម អូសបន្លាយ​អស់​រយៈពេល ១៥០ ឆ្នាំ រវាង​មហាអំណាច​អូ​តូ​ម៉​ង់ ( តួ​ក​គី ) ប្រឆាំង​បណ្តា​រដ្ឋ​នានា​នៅ​អឺរ៉ុប​មក អូ​តូ​ម៉​ង់ បានឈ្នះ​ហុង​គ្រី នៅ​ឆ្នាំ​១៥២៦ ។ ដោយសារតែ​ការ ឈ្លានពាន​របស់​តួ​ក​គី នៅ​ឆ្នាំ​១៥៤១ ហុង​គ្រី បែកបាក់​ទៅជា ៤ ផ្នែក រហូតដល់​ចុង​សតវត្សរ៍ ទី​១៧ ដែល​ក្នុងនោះ​មាន​ផ្នែក ១ គ្រប់គ្រង​ដោយ​អូ​តូ​ម៉​ង់​។ ឆ្នាំ​១៦៨៦ សម្ព័ន្ធ កងទ័ព​ពិសេស របស់​បណ្តា​ប្រជាជាតិ​ជាច្រើន (​ដែលជា​អ្នក​កាន់​គ្រិស្តសាសនា​) បាន​យកឈ្នះ អូ​តូ​ម៉​ង់ (​អ៊ីស្លាម​) ហើយ​ទឹកដី​ហុង​គ្រី ត្រូវបាន​ដណ្តើម​ពី អូ​តូ​ម៉​ង់ វិញ​ទាំងស្រុង នៅ​ឆ្នាំ​១៧១៨ ។​

​សង្គ្រាម ណាប៉ូឡេអុង ( ១៨០៣-១៨១៥ ) បង្ខំ​ឱ្យ ហុង​គ្រី ក្លាយជា​រដ្ឋ កំណែទម្រង់​នៅ​អំឡុង ទសវត្សរ៍ ១៨២០ ។ គណបកស្ស​សេរីភាព ក៏បាន​លេចឡើង នៅ​អំឡុង​នោះដែរ គឺ​ទាំង​លទ្ធិ រាជានិយម របប​នយោបាយ និង​សិទ្ធិ​ស៊ីវិល ក៏​ចាប់​ផ្តើមធ្វើ​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស ។​

​ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន តទល់​នឹង​សង្គ្រាម​នានា ហុង​គ្រី បាន​ចងសម្ព័ន្ធ​បង្កើតបានជា អូទ្រីស​-​ហុង​គ្រី នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៦៧ ។​

​បដិវត្តន៍ Aster នៅ​ឆ្នាំ​១៩១៨ បាន​នាំ​ពួក​អ្នក​សង្គម​ប្រជាធិបតេយ្យ ចូលកាន់​អំណាច​នៅ​ហុង​គ្រី ដោយមាន​លោក Mihály Károlyi ជា​នាយករដ្ឋមន្ត្រី​។ ខណៈ​ប្រទេស​កំពុង​ប្រឈម​នឹង​សង្គ្រាម លោក Károlyi បាន​រំលា​យស​សហ​ម្ព័​ន្ធ​ជាមួយ អូទ្រីស និង​ដកហូត​អាវុធ​ពី​កងទ័ព​ហុង​គ្រី ទាំងអស់ ធ្វើឱ្យ​ប្រទេស​នេះ គ្មាន​កងទ័ព​ការពារជាតិ ។

​ឃើញ​បែប​នោះ សម្ព័ន្ធ Little Entente (​ជា​សម្ព័ន្ធ​កងទ័ព នៃ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី , រ៉ូ​ម៉ា​នី និង​យូ​ហ្គោ​ស្លា​វី បង្កើតឡើង​សម្រាប់​ប្រឆាំងនឹង​ហុង​គ្រី ) បាន ចូលលុកលុយ ហុង​គ្រី ព្រមៗ​គ្នា​ពី​គ្រប់​ច្រក ដោយ​ងាយស្រួល​បំផុត​។ ពួក​កុ​ម្មុយ​និ​ស្ត ដឹកនាំ​ដោយ​លោក Béla Kun បាន​បណ្តេញ​រដ្ឋាភិបាល​លោក Károlyi ចេញ ហើយ​ប្រកាស​ប្រទេស​ថា​ជា សាធារណរដ្ឋ សូ​វៀត ហុង​គ្រី ។ កងទ័ព​កុ​ម្មុយ​និ​ស្ត​របស់លោក Kun​បាន​ជោគជ័យ​ច្រើន​នៅក្នុង​សមរភូមិ ប្រឆាំងនឹង​ឆេ​កូ​ស្លូ​វ៉ា​គី ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង សមរភូមិ​ប្រឆាំង រ៉ូ​ម៉ា​នី បានឡើយ ។ ខែ សីហា ឆ្នាំ ១៩១៩ កងទ័ព រ៉ូ​ម៉ា​នី បាន​ចូល​កាន់កាប់​ទីក្រុង ប៊ុ​យ​ដា​ប៉ែស ហើយ​បាន​បណ្តេញ​លោក Kun ចេញពី​អំណាច ។​

​ខែវិច្ឆិកា ឆ្នាំ​១៩១៩ កងទ័ព​ស្តាំនិយម ដឹកនាំ​ដោយ​វរសេនីយឯក Miklós Horthy ជា​អតីត​មនុស្ស របស់​សម្ព័ន្ធ អូទ្រីស​-​ហុង​គ្រី ហើយ​ដោយសារ​ខ្សោះ​ធនធាន​នឹង​សង្គ្រាម​ផង ប្រជាពលរដ្ឋ ក៏​ព្រម​ទទួលយក​លោក Horthy ធ្វើជា​រាជា​នុ​សិទ្ធិ​របស់​ពួកគេ ហើយក៏​ស្តារ​របបរាជានិយម ឡើងវិញ នៅ​ឆ្នាំ ១៩២០ ។

​នៅ​ឆ្នាំ ១៩៣៩ ហុង​គ្រី ធ្វើសង្គ្រាម​ប្រឆាំង ឆេ​កូ​ស្លូ​វ៉ា​គី ហើយ​ទទួលបាន​ទឹកដី​របស់ខ្លួន​មកវិញ​ខ្លះ ដែល​បាន​បាត់បង់​ទៅ ឆេ​កូ​ស្លូ​វ៉ា​គី កាលពី​ឆ្នាំ ១៨១៨ ។

សង្គ្រាមលោក​ទី ២ – ការត្រួតត្រា​របស់ សូ​វៀត
​នៅពេល​សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង នៅ​ខែមេសា ឆ្នាំ​១៩៤១ កងទ័ព​ហុង​គ្រី​រួមជាមួយ កងទ័ព​អាល្លឺម៉ង់ ចូល​លុយ​ប្រទេស​យូ​ហ្គោ​ស្លា​វី ហើយក៏​ដណ្តើមបាន​ទឹកដី​របស់ខ្លួន​មួយចំនួន មកវិញ ដែល​បាន​បាត់បង់​ទៅ នៅ​ឆ្នាំ ១៨១៨ ។ ហុង​គ្រី បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាមលោក លើក​ទី​២ ដោយ​ចេញមុខ ឈរ​នៅ​ខាង សម្ព័ន្ធ​អំណាច Axis នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៩៤១ ដោយ​ប្រកាសសង្គ្រាម​ប្រឆាំងនឹង សហភាពសូវៀត ។​

​កងទ័ព​ហុង​គ្រី បាន​ប្រយុទ្ធ​នៅ​សមរភូមិ ភាគ​ខាងកើត អស់​រយៈពេល ២ ឆ្នាំ ។ ពីដំបូង​កងទ័ព ហុង​គ្រី ទទួលបាន​ជោគជ័យ​ច្រើន​គួរសម ប៉ុន្តែ​ការប្រយុទ្ធ​នៅ​ទន្លេ Don នៅក្នុង​ខែ មករា ឆ្នាំ​១៩៤៣ កងទ័ព​ហុង​គ្រី បាន​ចាញ់ និង​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ ។ ដោយហេតុ​នោះ​រដ្ឋាភិបាល ហុង​គ្រី ក៏បាន​ចាប់ផ្តើម​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព ជាសម្ងាត់ ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត ។​

​បានដឹង​ពី​ឧបាយកល​នោះ អាល្លឺម៉ង់ ក៏​ដណ្តើម​ក្តោប​ក្តាប់​ហុង​គ្រី នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៤៤ ដើម្បី​បង្ខំ​ឱ្យ​រាជការ Horthy បន្ត​សម្ព័ន្ធភាព​ជាមួយ​អាល្លឺម៉ង់ តទៅទៀត​។ រហូតដល់​ខែតុលា ឆ្នាំ​នោះ នៅពេលដែល​កងទ័ព​សូ​វៀត ចូលមក​កាន់តែ​កៀក ហើយ​រដ្ឋាភិបាល ហុង​គ្រី នៅតែ​រឹងទទឹង​មិន​ព្រមធ្វើ​សង្គ្រាម​ប្រឆាំង​សូ​វៀត​ទៀត អាល្លឺម៉ង់ ក៏​បណ្តេញ​រាជការ Horthy ចេញ ហើយ​លើក​បន្តុប​រដ្ឋាភិបាល​អាយ៉ង ១ ដឹកនាំ​ដោយ​លោក Szálasi នៃ គណបក្ស Arrow Cross Party ដែលជា​គណបក្ស​ហ្វា​ស៊ិ​ស​និយម ។ អំឡុងពេល​ក្រោម​ការក្តោបក្តាប់​របស់ អាល្លឺម៉ង់ គឺ​ពី​ចន្លោះ​ខែឧសភា ដល់​ខែមិថុនា ឆ្នាំ​១៩៤៤ នោះ បាន​និរទេស​ជនជាតិ ជ្វី​ស ជិត ៤៤០.០០០ នាក់ ហើយ​អ្នក​ទាំងនោះ ត្រូវបាន​សម្លាប់ ជិត​ពាក់កណ្តាល ។​

​សង្គ្រាមលោកលើកទី​២ បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​អាយុជីវិត​មនុស្ស ហុង​គ្រី អស់ ប្រហែលជា ៦០ ភាគរយ ។ ជនជាតិ​ជ្វី​ស ហុង​គ្រី ជាង ៦០០.០០០ នាក់ ត្រូវបាន​សម្លាប់ ហើយ​ជនជាតិ​ហុង​គ្រី ប្រមាណ​ជា ២៨០.០០០ នាក់​ផ្សេងទៀត ត្រូវបាន​បោសសម្អាត កាប់សម្លាប់ និង​កាត់ទោស​ប្រហារជីវិត ឬ​និរទេស ឱ្យធ្វើជា​ទាសករ ដោយ​ឆេ​កូ​ស្លូ​វ៉ា​គី​, ទាហាន ក្រហម​សូ​វៀត និង យូ​ហ្គោ​ស្លា​វី ។​

​ទីបំផុត នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៤៥ ទីក្រុង​ប៊ុ​យ​ដា​ប៉ែស បាន​ចុះចាញ់​សូ​វៀត​ហើយ​កងទ័ព អាល្លឺម៉ង់ បាន​ចាក​ចេញពី​ហុង​គ្រី នៅ​ខែមេសា ទុកឱ្យ​ប្រទេស ស្ថិតក្រោម​ការក្តោបក្តាប់ របស់​សូ​វៀត ។ ជនជាតិ​ហុង​គ្រី ប្រមាណ​ជា ២០០.០០០ នាក់ ត្រូវបាន​ជម្លៀស​ចេញពី ឆេ​កូ​ស្លូ​វ៉ា​គី ជា​ថ្នូរ​ទៅនឹង​ជនជាតិ​ស្លូ​វ៉ា​គី ៧០.០០០ នាក់ ដែល​រស់​នៅលើ​ទឹកដី​ហុង​គ្រី ។ ជនជាតិ​ដែលមាន​អម្បូរ អាល្លឺម៉ង់ ២០២.០០០ នាក់ ត្រូវបាន​បណ្តេញ​ឱ្យទៅ អាល្លឺម៉ង់ ។

​នៅពេលដែល ណា​ស៊ី អាល្លឺម៉ង់ ចាញ់​សង្គ្រាម​ទៅ ហុង​គ្រី ត្រូវបាន​ដាក់​ជា​រដ្ឋ រណប របស់ សហភាពសូវៀត ក្រោម​ការដឹកនាំ​របស់​លោក Mátyás Rákosi ។ រដ្ឋាភិបាល​របស់លោក Mátyás Rákosi ផ្តោតលើ​ការធ្វើ​យោ​ធូប​និ​យក​ម្ម , ឧស្ស​ហូប​និ​យក​ម្ម និង​ការទូទាត់​សង​ថ្លៃ សង្គ្រាម នាំឱ្យ​ជីវភាព​រស់នៅ​របស់​ម​នុស្ស ក្នុងប្រទេស មាន​ភាព​តោកយ៉ាក ។​

​ដោយ​យកតម្រាប់​តាម KGB ( គណៈកម្មាធិការ ដើម្បី​សន្តិសុខ​ជាតិ ) របស់​ស្តា​លីន ដែលជា មេកោយ​របស់ខ្លួន រដ្ឋាភិបាល​របស់លោក Rákosi បាន​បង្កើត​នគរបាល នយោបាយ សម្ងាត់ ឈ្មោះថា ÁVH ដើម្បី​ពង្រឹង​របប​ថ្មី​នោះ ។ តាមរយៈ​នោះ មន្ត្រី និង​បញ្ញវ័ន្ត ប្រមាណ​ជា ៣៥០.០០០ នាក់ ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ឬក៏​កាត់ទោស​ប្រហារជីវិត ចាប់ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ​១៩៥៦ ។ ជន​ស៊ីវិល​ហុង​គ្រី ៦០០.០០០ នាក់ ត្រូវបាន​និរទេស ទៅធ្វើ​ពលកម្ម​នៅតាម ជំរុំ​របស់​សូ​វៀត ដែល​ក្នុងនោះ យ៉ាងហោចណាស់ ២០០.០០០ នាក់​បាន​ស្លាប់​យ៉ាង វេទនា និង​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។

​ចូ​សេ​ហ្វ ស្តា​លីន បាន​ស្លាប់​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៥៣ សូ​វៀត ក៏បាន​ធ្វើកំណែទម្រង់ ចេញពី​របៀប​របស់ ស្តា​លីន ក៏​ជះឥទ្ធិពល​ធ្វើឱ្យ​លោក Rákosi ធ្លាក់​ពី​តំណែង ។ លោក Imre Nagy បាន​ឡើងកាន់តំណែង​នៅ​ហុង​គ្រី ហើយ​គាត់​បាន​សន្យាថា នឹង​ផ្តល់​សិទ្ធិសេរីភាព និង បើកទូលាយ​ផ្នែក​នយោបាយ ក៏​ទទួលបាន​ការចាប់​ចិត្ត​ចាប់អារម្មណ៍​ពី​និស្សិត និង បញ្ញវន្ត ប៉ុន្តែ​ជា​អ្វី​ដែ​លោក Rákosi បាន​ជំទាស់​ដាច់ខាត ។ លោក Rákosi បាន​រៀប​ឧបាយកល​បង្ខូច ប្រជាប្រិយភាព លោក Nagy ធ្លាក់​ពី​តំណែង ជំនួស​ដោយ​លោក Ernő Gerő គឺជា​កំពូល មនុស្ស​ផ្តាច់ការ ។

​នៅពេលដែល​សង្គ្រាមលោក​លើក​ទី​២ បាន​រលត់​ទៅ នៅ​ឆ្នាំ​១៩៤៥ ក៏​ជា​ពេល​ចាប់កំណើត នៃ​សង្គ្រាមត្រជាក់ ( គឹជា​ការ​ប្រជែង​គ្នា រវាង​ប្លុក​លោក​សេរី ដឹកនាំ​ដោយ​អាមេរិក និង​ប្លុក កុ​ម្មុយ​និ​ស្ត ដឹកនាំ​ដោយ​សូ​វៀត ) ដែរ ។ នៅពេល​ចប់​សង្គ្រាម​ភ្លាម ប្រទេស​អាល្លឺម៉ង់ ដែលជា​អ្នកចាញ់​សង្គ្រាម ត្រូវបាន​បែងចែក​ជា ២ ផ្នែក គឺ​អាល្លឺម៉ង់​ខាងលិច​គ្រប់គ្រង​ដោយ សម្ព័ន្ធមិត្ត ចំណែក អាល្លឺម៉ង់​ខាងកើត គ្រប់គ្រង​ដោយ សហភាពសូវៀត ។​

​សូ​វៀត ចង់​ក្តោប​ក្តាប់​អំណាច​កងទ័ព នៅក្នុង​អឺរ៉ុប​កណ្តាល និង អឺរ៉ុប​ខាងកើត ពួក​សម្ព័ន្ធមិត្ត ដែល​មិន​ពេញ​ចិត្តនឹង​មហិច្ឆតា​នោះ ក៏​បង្កើត​សន្និសីទ​នៅ​ទីក្រុង​ឡុង​ដ៍ និង​ប៉ារីស ហើយ​បាន ដាក់​ប​ញ្ជូ​ល អា​ល្លី​ម៉​ង់​ខាងលិច ទៅជា​សមាជិក នៃ​អង្គការ NATO ដែល​ពួកគេ​ជា​អ្នកបញ្ជា​ផ្ទាល់ ។​

​ឃើញ​បែប​នោះ នៅ​ខែឧសភា ឆ្នាំ​១៩៥៥ សូ​វៀត ក៏​ប្រមែប្រមូល​បក្សពួក​របស់​ខ្លួន បង្កើត សន្ធិសញ្ញា សហប្រតិបត្តិការ មិត្តភាព​មួយ នៅ​ទីក្រុង​វ៉ា​សូវី នៃ​ប្រទេស​ប៉ូឡូញ ហៅថា សន្ធិសញ្ញា វ៉ា​សូវី មាន​រដ្ឋ​រណប​របស់​ខ្លួន ជា​សមាជិក ដែល​ក្នុងនោះ ក៏មាន​ហុង​គ្រី​ផងដែរ ។​

បដិវត្តន៍ ឆ្នាំ ១៩៥៦ និង ការបង្ក្រាប​យ៉ាង​ឃោរឃៅ​
​ខណៈដែល​ការមិន​ពេញចិត្ត​ផ្នែក​សង្គម​កាន់តែ​រីកធំឡើង ក៏មាន​បាតុកម្ម​តវ៉ា ចាប់ផ្តើម​នៅ​ថ្ងៃ ទី​២៣ ខែតុលា ឆ្នាំ​១៩៥៦ ។ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​នោះ កងទ័ព និង នគរបាល សម្ងាត់​របស់ សូ​វៀត បាន​បើក​ការបាញ់រះ ទៅលើ​ហ្វូង​បាតុករ​ទាំងនោះ ។ ប្រការនេះ​បណ្តាលឱ្យមាន អ្នក​តវ៉ា​ចេញមុខ​ប្រឆាំង នៅតាម​ផ្លូវ​នានា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ហើយ ព្រឹត្តិការណ៍​នោះ ត្រូវបាន​ប្រវត្តិសាស្ត្រ ហុង​គ្រី កត់ត្រា​ទុក​ថា ជា​បដិវត្តន៍ ឆ្នាំ​១៩៥៦ ។​

​ក្នុង​គោលបំណង​រម្ងាប់​ភាពចលាចល​ទាំងនោះ លោក Nagy ត្រូវបាន​នាំយកមក​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី​វិញ ហើយ​គាត់​បាន​សន្យាថា នឹង​ឱ្យមាន​ការបោះឆ្នោត​សេរី និង បាន​ដកខ្លួន ហុង​គ្រី ចេញពី​សន្ធិសញ្ញា វា​សូវី ដែលជា​សន្ធិសញ្ញា ជាមួយ​ប្លុក​កុ​ម្មុយ​និ​ស្ត ។​

​ទោះយ៉ាងណា អំពើហិង្សា នៅតែ​បន្ត​កើតឡើង ។ កងឈ្លប​បាន​ផ្ទុះឡើង​ប្រឆាំងនឹង​កងទ័ព សូ​វៀត និង​នគរបាល​នយោបាយ​សម្ងាត់ ÁVH ដោយ​កងកម្លាំង​អ្នកតស៊ូ​ដ៏​ខ្លាំងក្លា ៣.០០០ នាក់ វាយប្រហារ​ទៅលើ​រថក្រោះ​របស់​កងទ័ព​សូ​វៀត បណ្តាលឱ្យ​កងទ័ព​សូ​វៀ​តរង​ការខូចខាត យ៉ាងធ្ងន់ធ្ងរ ហើយ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៥៦ កងទ័ព​សូ​វៀត ភាគច្រើនបំផុត បាន​ដក​ចេញពី​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ទៅ​ឈរជើង​នៅ​ជនបទ​វិញ ។​

​មេដឹកនាំ​សូ​វៀត មិនដឹងថា ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៅ​ហុង​គ្រី ដោយ​របៀប​ណា​ឡើយ ក៏​សម្រេចចិត្ត​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​រាល់​ការ​ប៉ុន​ធ្វើឱ្យមាន​អស្ថិរភាព នៅក្នុង​ប្លុក សូ​វៀត តែប៉ុណ្ណោះ ។ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​១៩៥៨ ពួក​មេដឹកនាំ​បដិវត្តន៍​ត្រូវបាន​កាត់ទោស​ពីបទ ក្បត់ជាតិ ។​

​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៥៦ កងទ័ព​សូ​វៀត ១៥០.០០០ នាក់ និង​រថក្រោះ ២.៥០០ គ្រឿង បាន​ចេញពី សហភាពសូវៀត ចូល​ទៅដល់​ទឹកដី​ហុង​គ្រី ។ ក្នុង​យុទ្ធ​ន​ការបង្ក្រាប ដោយ ហិង្សា​នោះ ជនជាតិ​ហុង​គ្រី ជិត ២០.០០០ នាក់ ត្រូវបាន​សម្លាប់ ហើយ​បន្ទាប់ពី​នោះមក មនុស្ស ២១.៦០០ នាក់​ផ្សេងទៀត ត្រូវបាន​ដាក់ពន្ធនាគា​រ​ក្រោម​ហេតុផល​នយោបាយ ។ មនុស្ស ១៣.០០០ នាក់​ត្រូវបាន​និរទេស ហើយ​មនុស្ស ២៣០ ត្រូវបាន​យកទៅ​ជំរំ​លត់​ដំ ចំណែក លោក Nagy ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ស្ងាត់ៗ នៅ​ខែមិថុនា ឆ្នាំ​១៩៥៦ ។​

ការចាកចេញ នៃ​កងទ័ព​សូ​វៀត​
​លោក János Kádár ជា​អតីតរដ្ឋមន្ត្រី​របស់លោក Nagy ត្រូវបាន​សូ​វៀត ជ្រើសរើស ជា​អ្នក ដឹកនាំ​រដ្ឋាភិបាល​ថ្មី និង​ធ្វើជា​ប្រធាន​គណបក្ស​ពលករ សង្គមនិយម ( MSzMP ) ។ លោក Kádár បានធ្វើឱ្យ​ប្រទេស​វិល​ទៅរក​ភាព​ប្រក​តី​វិញ ។ នៅ​ឆ្នាំ​១៩៦៣ រដ្ឋាភិបាល​បានផ្តល់​ការ លើកលែងទោស​ជាទូទៅ ហើយ​បាន​ដោះលែង​អ្នកទោស​ភាគច្រើន​ដែល​ត្រូវបាន​ជាប់ ពន្ធនាគារ ពីបទ​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​បះបោរ កាលពី​ឆ្នាំ​១៩៥៦ ។ ចាប់ពី​ឆ្នាំ​១៩៦៨ យន្តការ​សេដ្ឋកិច្ច​ថ្មី ដែលជា​សេដ្ឋកិច្ច​ទីផ្សារសេរី ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ។​

​លោក Kádár បាន​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ជា​ពេលដែល​សហភាពសូវៀត បានចាប់ផ្តើម​បោះ ជំហាន​ចូល ក្នុង​ឱនភាព ហើយ​ពួក​អ្នក​កំណែទម្រង់​វ័យក្មេង ក៏បាន​ធ្វើ​សេរី​កម្ម​ជា​ដំណោះ ស្រាយ​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច និង សង្គម ។​

​គណបក្ស MSzMP បានចាប់ផ្តើម​ពិភាក្សា​តុមូល​ជាមួយ​ចលនា​ប្រឆាំង​នានា នៅ​ខែ មីនា ឆ្នាំ​១៩៨៩ ហើយ​ការលះបង់​របស់លោក Imre Nagy ត្រូវបាន​ចាត់ទុកថា ជា​និមិត្តរូប នៃ​ការ លះបង់ ដើម្បី​បញ្ចប់ទៅ នៃ​របប​កុ​ម្មុយ​និ​ស្ត នៅ​ហុង​គ្រី ។​

​មនុស្ស​ជាង ១០០.០០០ នាក់ បាន​ចូលរួម​នៅក្នុង​ពិធី​ជួបជុំគ្នា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ដោយ គ្មាន​កា​រំខាន​ធំដុំ​ពី​រដ្ឋាភិបាល ហើយ​មនុស្ស​ជាច្រើន បាន​ឡើង​និយាយ ដើម្បី​ទាមទារ​ឱ្យ​កង ទ័ព​សូ​វៀត ចាក​ចេញពី ហុង​គ្រី ។

​ខណៈ សហភាពសូវៀត ក៏បាន​ខ្សោះ​ខ្យល់​នឹង​ការរត់​ប្រណាំង អាមេរិក ក្នុង​សង្គ្រាមត្រជាក់​ផង និង​ដោយមាន​ចលនា​បដិវត្តន៍​តវ៉ា ជា​បន្តបន្ទាប់​ផង ចាប់ពី​ឆ្នាំ​១៩៨៩ កងទ័ព សូ​វៀត​ចាប់ផ្តើម ដកចេញ​ពី​ហុង​គ្រី ជា​បណ្តើរៗ ហើយ​កងទ័ព​សូ​វៀត ចុងក្រោយ​បំផុត ត្រូវបាន​ដកចេញ​ពី ហុង​គ្រី នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៩១ គឺជា​ពេលដែល សហភាពសូវៀត ជិត​ដល់ទី​អវសាន ( ខែធ្នូ ឆ្នាំ​១៩៩១ ) ។

​ឆ្នាំ​២០០១ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហុង​គ្រី បានជ្រើសរើស​យក​ថ្ងៃទី ១៩ ខែ មិថុនា ថា​ជា ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី​ជាការ​រំឭក​ដល់​ថ្ងៃ នៃ​ការ​បញ្ចប់ទៅ​នៃ​ការត្រួតត្រា​របស់ សហភាពសូវៀត ទៅលើ​ប្រទេស​ហុង​គ្រី និង​ដើម្បី​ជាការ​ចង់ចាំ​ដល់​ការលះបង់​ទាំងឡាយ របស់​ជនជាតិ​ហុង​គ្រី នៅក្នុង​ព្រឹត្តិការណ៍​នានា ពាក់ព័ន្ធ​នឹង​បដិវត្តន៍ ឆ្នាំ​១៩៥៦​ដែល​បាន​ចាប់ ផ្តើម កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​នោះ ៕ ស្រវា​ជ្រាវ​ប្រែ​សម្រួលៈ មេសា​

​បដិវត្តន៍​ឆ្នាំ ១៩៥៦
​បដិវត្តន៍​ឆ្នាំ ១៩៥៦
ប្រជាជន ហុង​គ្រី ជួបជុំគ្នា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ
ទីក្រុង ប៊​យ​ដា​ប៉ែស នៃ ប្រទេស ហុង​គ្រី

ទីតាំងផ្សាយពាណិជ្ជកម្ម