បិត​, បិទ​, បញ្ជី​, បទដ្ឋាន​, កែខៃ​, កៀរគរ​, គហបតី​, គប្បី​, គ្រលរ​, មេដាយ​, ម្ល៉េះ​, មេថុន​, មាតិកា​

200
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

បិត ( កិ​. ) កាន់​ទប់​ដោយ​ដៃ​ទាំងពីរ កូត​, ប្រួម​,​សម្រួច​ដោយ​មុខកាំបិត​បន្ទោះ​ឬ​កាំបិត​ឯទៀត ក៏បាន : បិតបន្ទោះ​, បិតផ្ដៅ​, បិត​ឈើស្រួច​, បិតសម្រួច ។ ចំហុយ​យក​ញើស​ឲ្យ​ស្រក់​ចុះ​ក្នុង តម្រង​ឲ្យ​កើត​បានជា​សុរា : បិតស្រា ។

បិទ បិត ( កិ​. ) (​បិទ “​ខ្ទប់​, រាំង​, ភ្ជិត “​រួម​, រួម​ចូល​, រួបរួម​, បង្រួម​, ភ្ជុំ​”) ខ្ទប់​, រាំង​, ធ្វើ​ឲ្យ​ជិត : បិទទ្វារ​, បិទផ្លូវ ។ ដាក់​ផ្តិត​ភ្ជាប់​, ទឹប : បិទមាស ។

បញ្ជី ( ន​. ) (​ប​ញ្ជិ ឬ បញ្ជិកា​) កំណត់​ដែល​កត់​ឈ្មោះ​, ដែល​កត់​ទ្រព្យ​របស់​, ដែល​កត់​អ្វីៗ មាន​របៀប​មាន​ចំនួន : ធ្វើបញ្ជី​, ចុះបញ្ជី ។

បទដ្ឋាន ប៉ៈ​-​ទ័ត​-​ឋាន បា​. ( ន​. ) ទីតាំង​, ហេតុ​ជាទី​តម្កល់​, ជើងទ្រ​ផ្ទាល់​; អាសន្ន ហេតុ គឺ​ហេតុ​ជិត​កៀក​ផ្ទាល់ : សីល​មាន​ហិរិ​និង​ឱត្តប្បៈ​ជា​បទដ្ឋាន ឬថា ហិរិ និង ឱត្តប្បៈ​ជា​បទដ្ឋាន របស់​សីល ។

កែខៃ ( កិ​. ) លៃលក​, ដោះស្រាយ​ពាក្យសំដី : ចាំ​គិត​កែខៃ​មើល ក្រែងលោ​កើតការ​; ត្រូវ​និយាយ​កែខៃ​ឲ្យ​អស់អាថ៌​សេចក្ដី ។

កៀរគរ ( កិ​. ) កៀរ​ឲ្យ​បានជា​គំនរ​, ប្រមូល​ឲ្យ​បាន​ច្រើន : ខំ​ដើរ​កៀរគរ ។ និយាយ​បញ្ចុះ បញ្ចូល​ផ្សែផ្សំ​ពីនេះ​ខ្លះ ពី​នោះ​ខ្លះ ដើម្បី​ឲ្យ​គេ​ចុះ​ចូលមក​ខាង​ខ្លួន : និយាយ​កៀរគរ ។

គហបតី ( ន​. ) (​គ​ហ “​ផ្ទះ​” + ប​តិ “​ម្ចាស់​; មេ​; ចៅហ្វាយ​”; គ្ឫ​ហប​តិ​) បុរស​ជា​ម្ចាស់ផ្ទះ​; អ្នកមាន ធនធាន​ស្ដុកស្ដម្ភ​; ពាណិជ​ដែលមាន​ភោគ​សម្បត្តិ​ច្រើន​; សេដ្ឋី ។

គប្បី ( អា​. និ ) ត្រូវតែ : អ្នកបួស​គប្បី​ខំប្រឹង​សិក្សា​រៀនសូត្រ​, គប្បី​ប្រព្រឹត្ត​ឲ្យ​ត្រឹមត្រូវ​ទៀងទាត់ តាម​ធម៌​វិន័យ កុំបី​ឲ្យ​ឃ្លាត ។ ជួនកាល​ប្រើ​ជា កិ​. វិ​. ដូច​ពាក្យ​ថា ប្រព្រឹត្ត​មិន​គប្បី ជាដើម ។

គ្រលរ ( កិ​. វិ​. ) ពាក្យ​សម្រាប់​ច្រើន​ពាក្យ និយាយ​ឲ្យ​វិសេស​ឡើង : និយាយ​គ្រលរ​, ស្ដី​គ្រលរ គឺ​និយាយ​, ស្ដី​មិន​ច្បាស់​, វិលវល់​នៅ​ដើម​-​ក ដោយមាន​សភាព​យ៉ាងនោះ​ពី​កំណើត ឬ​ដោយ បៀម​អ្វី​ក្នុង​មាត់ ។ ប្រើ​ជា គុ​. ក៏មាន សំដី​គ្រលរ ។

មេដាយ បារ​. ( ន​. ) (Médaille) គ្រឿង​ឥស្សរិយាភរណៈ​មាន​រូបសណ្ឋាន​ផ្សេងៗ​ធ្វើ​ដោយ លោហជាតិ​ឬ​រតនវត្ថុ​សម្រាប់​រាជការ​អាណាចក្រ​គ្រប់​ប្រទេស ឲ្យ​ជា​កិត្តិយស​ដល់​ឥស្សរជន​, ដល់​អ្នក​ដែលមាន​គុណបំណាច់​ចំពោះ​ផែនដី​, ដល់​អ្នក​ដែលមាន​ចំណេះវិជ្ជា​, ដល់​អ្នក​ដែល មានកេរ្តិ៍ឈ្មោះ​ល្អ : មេដាយសំរិទ្ធិ​, មេដាយមាស … ។

ម្ល៉េះ ( និ​. ) យ៉ាងនេះ​, ដូច្នេះ : ម្ល៉េះតើ​; ម្ល៉េះ​ម៉ឹង​ឬ ?; ម្ល៉េះ​សម​លំបាក​ណាស់​ដឹង ?; លំបាក​អ្វី​ម្ល៉េះ !; យូរ​ម្ល៉េះ ?; ឱ​ម្ល៉េះៗ​អ៊ីថា : ! ។​ល​។

មេថុន បា​.; សំ​. ( ន​. ) (​មៃ​ថុ​ន​) គូ​, គូ​នៃ​បុរស​និង​ស្ត្រី​; ការរួម​សំវាស ។ មេថុនកម្ម​, មេថុនធម្ម​, មេថុនសេវនៈ​; មេថុនសេវនៈកិច្ច​, មេថុនសំវាស (​មេ​ថុ​ន៉ៈ​–) ការរួម​សំវាស​, ការរួម​បវេណី​, រួមដំណេក​បង្គុយ ។ មេថុនវិរតិ (​មេថុន​ន៉ៈ​វិរៈតិ​) ការ​វៀរចាក​មេថុន ។​ល​។

មាតិកា ( ន​. ) (​មា​ត្ឫ​កា​) ប្រឡាយ​, ផ្លូវទឹក ។ ឧទ្ទេស​, មេបទ គឺ​មេ​សេចក្ដី​ដែល​ឱបក្រសោប ចំនួន​និទ្ទេសបទ​ឲ្យ​ឋិត​នៅក្នុង​អំណាច​ខ្លួន (​ទុកដូចជា​មាតា​ដែលជា​មេបន្ទុក​របស់​កូន​) ខ​សំខាន់​, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេសបទ ៤, ទី ២ មាន ៥…; មាតិការឿង​, មា​តិ​តា​ធម៌​; ចូរ​លើកយក​មាតិកា​ធម៌​មួយៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​