ផ្សព្វផ្សាយ ស្តីពីបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍(ជំហ៊ានទី១)

124
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំស្តីពី បទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍(ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជម្ងឺកូវិដ១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និង លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួម ពីសំណាក់ជារដ្ឋលេខាធិការ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និង បងប្អូនជាប្រតិបត្តិករក្នុងវិស័យទេសចរណ៍ក្នុងខេត្តចូលរួមផងដែរ ។

លោកទៀ សីហា ក៏បានលើកឡើងថា ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សំខាន់ការចង្អុលបង្ហាញជាប្រចាំរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និង មានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ ពិសេសការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្ត មានការអភិវឌ្ឍន៍ និង បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទៀតផង ។
លោក ក៏បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលប៉ះពាល់នៃ វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋ សំខាន់បងប្អូនប្រតិបត្តិករ និង អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ហើយបានធ្វើឲ្យខេត្តសៀមរាប ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ធ្លាប់តែទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បែក្លាយជាភាពស្ងប់ស្ងាត់ទៅវិញ។

លោកបន្តទៀតថា អាជ្ញាធរខេត្តបានខិតខំកែលម្អសោភណ្ឌភាពក្រុង ដោយផ្តោតទៅលើយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការជម្រុញឲ្យមានផលិតផលទេសចរណ៍ថ្មី ប្រកបដោយការច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍន៍ ទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយកំណត់នូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់ជម្រុញ និង ពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ គោលដៅទេសចរណ៍សៀមរាបអង្គរ និង ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើឲ្យផលិតផលទេសចរ និង សេវាកម្មទេសចរមានគុណភាព បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ ខេត្តសៀមរាបប្រែក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ប្រកបដោយគុណភាព ។

លោក ថោង ខុន ក៏បានលើកឡើងថា ទោះបីវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន ពិសេសសម្រាប់ដើមខែឧសភានេះ នៅក្នុងសប្តាហ៍ទី១ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅគោលដៅទេសចរណ៍នានានៅក្នុងប្រទេស ហើយក្រសួងទេសចរណ៍បានរៀបចំ និងដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ចំនួន ០៦សេវាកម្ម ដែលកំពុងដំណើរការអាជីវកម្មរួមមាន ៖ ទី១.)សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២.) សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទី៣.)សម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក,ទី៤.) សម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក,ទី៥.)សម្រាប់រមណីយដ្ឋានទេសចរណ៍ និង ,ទី៦.) សម្រាប់សហគមន៍ទេសចរណ៍ ៕/B