ប្រទះឃើញ​ស្ត្រី​ម្នាក់​ស្លាប់​នៅក្បែរ​ពំនូក​ភ្លើង​ដែល​ឆេះ​ខ្ទម​ចាំចម្ការ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

194
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ដោយមាន​ស្នាម​ភ្លើង​ឆេះ​រោល​ខ្លោច​មួយ​កំណាត់​ខ្លួន ក្នុង​ខ្ទម​ចាំចម្ការ​មួយ​ស្ថិតនៅ ក្នុងភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០២០ ។​

លោក​ប៉ុល​វុទ្ធី​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បាន​ប្រាប់​ឱ្យដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ជា​ថន​អាយុ​៥៦​ឆ្នាំ​មុខរ​បរជាកសិករ​រស់​នៅក្នុង​ភូមិ​កើតហេតុ​។​ស្ត្រី​រងគ្រោះ​បានមក​ដេកចាំ​ចម្ការ​នៅ​ចំណុចកើតហេតុ​។​ចំណែក​ប្តី​របស់គាត់​ជា​ជនពិការភ្នែក​ទាំង​២​នៅចាំ​ផ្ទះ​ឯ​ភូមិ​ឃុំ​ខាងលើ ។


​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​នៅក្បែរ​ម៉ូតូ​១​គ្រឿង​ដែលជា​របស់​ស្ត្រី​រងគ្រោះ​។​ដោយឡែក​ខ្ទម​ចាំចម្ការ​ក៏ត្រូវ​ភ្លើង​ឆេះ​មួយចំនួន​។​លោក​ស្នងការរង​បានឱ្យដឹងថា​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​អំពី​ករណី​នៃ​ការស្លាប់​នេះ​អោយបាន​ច្បាស់លាស់ ។

​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ជនរងគ្រោះ​អាចមាន​អា​ការៈមិន​ស្រួលខ្លួន​ហើយ​អាច​ស្រ​វ៉ា​ប៉ះចំ​ច​ង្គៀ​ង​ហើយ​ដួល​បណ្តាលឱ្យ​ឆេះ​ស្លាប់​តែម្តង​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ករណីនេះ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​ពិតប្រាកដ​ជាក់លាក់​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ ៕S/​