ចិន​ប្រាប់​កាណាដា​ឱ្យ​បញ្ឈប់​ការធ្វើ​អត្ថាធិប្បាយ​ដែល​មិន​ទទួលខុសត្រូវ​លើ​ករណី​ចារកម្ម​

262
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មិថុនា​បាន​ប្រាប់ នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទីន ទ្រុយ​ដូ​( Justin Trudeau) ឱ្យ​បញ្ឈប់​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​មិន​ទទួលខុសត្រូវ “​បន្ទាប់ពី​លោក​បាន​និយាយថា ការ​​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការចោទ ប្រកាន់ជន​ជាតិ​កាណាដា​២​នាក់​ពី​បទ​ធ្វើ​ចារកម្ម​នោះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការចាប់ខ្លួន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​ចិន​។​

​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​បាន​និយាយ​ថា​ ការចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​គឺ​ខុស​គ្នា​ទាំងស្រុង​ពី​ករណី​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei គឺ លោកស្រី​ម៉េង វ៉ាន់ចូ​វ​(Meng Wanzhou)​។​

​លោកស្រី​Meng Wanzhou ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​របស់​សហរដ្ឋ​អាម៉េរិក​ទាក់ទង​នឹង​ការរំលោភបំពាន​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​ដាក់​លើ​អ៊ីរ៉ង់​។​

​ជនជាតិ​កា​ណា​ទាំង​២​នាក់​នេះ លោក​ម៉ៃ​ឃើ​ល កូ​វរិក និង លោក​ម៉ៃ​ឃើ​ល ស្ព៉ា​វ័រ ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​អ្វីដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ការប៉ុនប៉ង​មួយ​សំដៅលើ​កាណាដា​បន្ទាប់​ពី​ការចាប់ខ្លួន​​របស់​លោកស្រី​Meng Wanzhou កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ នៅ​ទី​ក្រុងវែន​ខូវើ ប្រទេស​កាណាដា​។

​ការចោទប្រកាន់​ប្រឆាំង​នឹង​ពួកគេ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ចៅក្រម​កាណាដា​បាន​សម្រេច​ថា​ករណី​បត្យាប័ន​របស់លោកស្រី Meng Wanzhou អាច​បន្ត​ទៅ​ដំណាក់កាល​បន្ទាប់ ​ដោយ​ជំរុញ​ឱ្យ​លោកស្រី​ខិត​កាន់តែ​ជិត​ទៅ​នឹង​ការប្រគល់​ទៅឱ្យ​ក្រុម​អាជ្ញាធរ​អាម៉េរិក​។​

​ដោយ​បាន​និយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កាណាដា​លោក​ចា​ស្ទីន ទ្រុយ​ដូ បាន​និយាយថា ក្រុម​អាជ្ញាធរ​ចិន​បាន​ភ្ជាប់​គ្នា​ដោយផ្ទាល់​ករណី​របស់​លោក ម៉ៃ​ឃើ​ល កូ​វរិក ​និង លោក​ម៉ៃ​ឃើ​ល ស្ព៉ា​វ័រ ជាមួយ​ករណី​របស់ លោកស្រី​ម៉េង វ៉ាន់ចូ​វ​។​លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលក្រុង​ប៉េកាំង​បញ្ឈប់​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។​

​ប៉ុន្តែ លោក​ចាវ លី​ជៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា​” មិន​មាន​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​នោះ​ទេ​”​។​លោក​បាន​និយាយថា ចិន​ទទូច​ដល់​ក្រុម​មេដឹកនាំ​កាណាដា គោរព​ស្មារតី​​នៃ​នីតិរដ្ឋ​ដោយ​ការគោរព​អធិបតេយ្យភាព​តុលាការ​របស់​ប្រទេស​ចិន​និង​បញ្ឈប់​ការនិយាយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​” ៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ជនជាតិ​កា​ណា​ទាំង​២​នាក់​នេះ លោក​ម៉ៃ​ឃើ​ល កូ​វរិក និង លោក​ម៉ៃ​ឃើ​ល ស្ព៉ា​វ័រ​

ទីតាំងផ្សាយពាណិជ្ជកម្ម