រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់​

229
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ត្រូវបាន​រថយន្តបុក​ពេញទំហឹង​ខ្ទាត​ប្រហែល​ជាង​១០​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​ស្តុ​ប​ផ្លូវ​ព្រះនរោត្តម កែង​នឹង​ផ្លូវ​២៤០ ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ស្លៀក​ពាក់អាវ​យឺ​ត ពណ៌​ខ្មៅ​ដៃខ្លី​ ស្លៀកខោពណ៌​ខ្មៅ រាង​ស្គម សក់​ក្រហម ​ក​ម្ពស់ ប្រហាក់ប្រហែល ១.៦០​ម៉ែត្រ សម្បុ​រ​ខ្មៅ​ស្រអែម​។​

​តាម​សម្ដី​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គាត់​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពង់ចាម​1X.8816​ជិះ​តែម្នាក់ឯង​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​មក​ត្បូង​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត ហាំ​មើ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2L.8839​ដែល​ជិះ​តាម​បណ្ដោយ​ផ្លូវ​២៤០​ទិសដៅ​ពី​កើតមក​លិច​យ៉ាង​លឿន​ដូចគ្នា​បើក​បុកពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ប្រហែល​ជាង​១០​ម៉ែត្រ​ជិត​របង​ផ្ទះ​ប្រជាពលរដ្ឋ​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ភ្លាមៗ​គេ​ឃើញរថយន្ត​បង្ក​បាន​បើក​រត់​បាត់​ តែ​ជ្រុះ​កាង​និង​ផ្លាក​លេខ​នៅ​នឹង​កន្លែងកើតហេតុ​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ក៏​មកដល់​កន្លែងកើតហេតុ ហើយ​ក៏បាន​វាស់វែង​យក​ម៉ូតូ​និង​ផ្លាក​លេខ​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ការស្រាវជ្រាវ​តាម​ចាប់​រថយន្ត​បង្ក​យកមក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ចំណែក​សាកសព សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម