ចៅហ្វាយក្រុងប្រជុំ​ដាក់​វិធាន​មួយចំនួន​សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិចលង់​រាជធានី​ភ្នំពេញ​

1438
ចែករម្លែក

(​ភ្នំពេញ​)៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​ទឹក​លិចលង់ នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​រដូវវស្សា​នេះ​ក្រោយ​ពេលដែល​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន​៨​នៅ​ជាយក្រុង​រង​ការ​ជន់​លិច​ខ្លាំង​រយៈពេល​ខ្លី​ក្នុងអំឡុងពេល​មាន​ភ្លៀង​កន្លងមក​។​

​ចំណែក​ខណ្ឌ​៤​ទៀត​កណ្ដាល​ក្រុងមាន​ខណ្ឌទួលគោក ៧​មករា ចំការមន​និង​ខណ្ឌដូនពេញ​ដែល​ធ្លាប់​លិច​ខ្លាំង​និង​ជ្រៅ​នោះ​ត្រូវបាន​​ដោះស្រាយ​ស្ទើរ​ទាំងស្រុង​ហើយ​នៅសល់តែ​៤​ទៅ​៥​ទីតាំង​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​ដោះស្រាយ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ​ថា​៖​រដ្ឋបាល​រាជធានី​មើល​​ឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ដោយសារ​លិច​ទឹក​បើទោះបី​មន្ទីរជំនាញ​មួយចំនួន​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​សស្រោកសស្រាំ​យ៉ាងណាក៏ដោយ ក៏​យើង​ទទួលស្គាល់ថា នៅមាន​តំបន់​ខ្លះ​នៅមាន​លិច​ទឹក​នៅឡើយ​។

​លោកអ្នក​នាំពាក្យ​បានបញ្ជាក់​ទៀតថា​៖​នេះហើយ​ជា​មូលហេតុ ដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រួមជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​មន្ទីរ​ធនធានទឹក​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ បញ្ហា​លិច​ទឹក​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ៕
​ ​
​លោក​អភិបាល​រាជធានី​ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ការងារ​ជីក​ប្រឡាយ​ថ្មី​ការងារ​ស្តារ​ប្រឡាយ​ចាស់​និង​ការសាងសង់​ជញ្ជាំង​បេតុង​មួយ​​ចំនួន​ក៏ត្រូវ​បានរៀបចំ​និង​បានដាក់​ទិសដៅ​ដល់​មន្ទីរ​សាធារណការ​ពិនិត្យ​លទ្ធភាព​កិច្ចការ​នេះ​ក៏​ជា​ចំណែក​មួយ​ធំ​ក្នុងការ​រំដោះ​ទឹក​ភ្លៀង​ម្តងៗ បន្ទាប់ពី​មានការ​ជន់​លិច​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក ឃួ​ង ស្រេង បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការងារ​ស្ថានីយ៍​បូមទឹក​ដោយបាន​ណែនាំ​ដល់​មន្ទីរជំនាញ​ត្រូវតែ​បង្កើត​សមត្ថភាព​នៃ​ការបូមទឹក​របស់​ស្ថានីយ៍​ចាស់ ដោយ​ធ្វើ​ការត្រួត​ពិនិត្យមើល​ក្រែ​ម​មាន​ម៉ាស៊ីន​ខូច ឬក៏​បន្ថែម​ម៉ូ​ទ័​រ​ថ្មី​ទៀត​នៅតាម​ស្ថានីយ៍​ចាស់ ហើយ​ដោយឡែក​ចំពោះ​ស្ថានីយ៍​បូមទឹក​ថ្មី ដែល​កំពុង​សម្រុក​ស្ថាបនា​នេះ ក៏​ត្រូវតែ​បង្កើនល្បឿន​ឲ្យ​ទាន់​ផែនការ ធ្វើ​ម៉េច​ឲ្យ​ស្ថានីយ៍​ថ្មី​ដែល​គ្រោង​រៀបចំ​នោះ អាចដាក់​ដំណើរ​បាន ដើម្បី​ជា​ចំណែក​មួយ​ជួយ​រំដោះ​ទឹក ពីព្រោះ​ឥឡូវនេះ រដូវវស្សា​បាន​ចូលមក​ដល់​៕ ​ដោយ ៖រ៉ាម៉ន

ទីតាំងផ្សាយពាណិជ្ជកម្ម