កម្ពុជា​-​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

209
ចែករម្លែក
កម្ពុជា​-​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា អញ្ជើញ ចុះ ហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ។​
​ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​ពិសេស​នៃ កិច្ច​សហ​ប្រតិ ប​ត្តិ ការ មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០ នេះ គម្រោង​កម្ពុជា​ចំនួន​២០ ត្រូវបាន​គាំទ្រ និង​ផ្តល់​មូលនិធិ ដែលមាន ទឹក ប្រាក់ ចំនួន​ជាង ៧​លាន​ដុល្លារ (៧.២២៥.៤០០,០០) ភាគច្រើន​គ្របដណ្តប់ ទៅលើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​-​សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការពារ​សម្បត្តិ​វប្បធម៌ ជាដើម​។​

កម្ពុជា​-​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​


​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​រម្លឹកថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​បាន​ចុះហត្ថលេខា​ជាមួយ​លោក វ៉ាង​វិ​ន​ធាន​សម្រាប់​គម្រោង​ចំនួន​១៩​របស់​កម្ពុជា​ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០១៨​។ គម្រោង​ទាំងនេះ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ហើយ​បាន​បង្កើត​នូវ​សមិទ្ធផល​រូបី​ជាច្រើន​ក្នុងការ​លើកកម្ពស់​ជីវ​ភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​ចិន សម្រាប់​ការគាំទ្រ​ដែល​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​គម្រោង​ថ្មី​ចំនួន​២០​បន្ថែមទៀត គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០២០ ដែលមាន​ថវិកា​សរុប​ចំនួន​ប្រមាណ​ជាង ៧ លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំងនេះ​នឹង​បន្ត​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់​ផ្លូវអាកាស អប់រំ បេតិកភណ្ឌ​វប្បធម៌ ជាដើម​។​


​ប្រមុខ​ការទូត​កម្ពុជា មាន​សេចក្តី​រីករាយ​ក្នុង​ការនិយាយ​បើ ទោះបី​ជាមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្ដិ​កូ​វីដ​-១៩ ក៏ដោយ ក៏​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​ទាំង​កម្រិត​ទ្វេភាគី និង​ពហុភាគី គឺ​នៅតែ​រក្សាបាន​នូវ​ភាព​សំខាន់​។ ប្រទេស​ចិន បានចាត់ទុក​ប្រទេស​កម្ពុជា ជា​អាទិភាព​ចម្បង​ក្នុងការ​ចូលរួមចំណែក​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម​។ គ្រឿង​បរិក្ខារ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត និង​អ្នកជំនាញ​វេជ្ជសាស្ត្រ ត្រូវបាន​បញ្ជូន​យ៉ាង​ឆាប់រហ័ស​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ហើយ​នាវា​ដឹកជញ្ជូន​ត្រូវបាន​ចាត់ចែង​ជាពិសេស​ដើម្បី​ធានា​នូវ​លំហូរ​នៃ​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​របស់​យើង​។ កាលពី​ថ្ងៃទី​១៦ ខែមិថុនា កន្លងមក កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​កម្ពុជា​-​ចិន (IGCC) ត្រូវបាន​ប្រព្រឹត្ត​ធ្វើឡើង​ដោយ​ជោគជ័យ​តាមរយៈ Video Conference ដើម្បី​រៀបចំ​ជំហាន​បន្ទាប់​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​គោលបំណង​ដើម្បី​កសាង​សហគមន៍​នៃ​អនាគត​រួមគ្នា​សម្រាប់​ប្រជាជាតិ​យើង​ទាំងពីរ​។


​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា នៅក្នុង​ពេលវេលា​ដ៏​លំបាក​នៃ​ការ​រាតត្បាត​ជា​សកល​នេះ ពិធី​ចុះហត្ថលេខា​របស់​យើង​នា​ថ្ងៃនេះ គឺ​ទាន់ពេលវេលា និង​មាន​សារៈសំខាន់​បំផុត ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់​យើង ព្រមទាំង​អះអាង​ជាថ្មី​នូវ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ ចាប់តាំងពី​ការចាប់ផ្តើម​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​កាលពី​ឆ្នាំ​២០១៦ គម្រោង​ទាំងនេះ​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង តាមរយៈ​ការ​បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍ ការពង្រឹង​ទំនុកចិត្ត​និង​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ការពង្រឹង​សមត្ថភាពរ​បស់​យើង​ក្នុងការ​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរឡើង​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​យើង​។​
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​អះអាង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ពង្រឹង និង​រឹតចំណង​មិត្តភាពរ​វា​ង​បណ្តា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន​។​
ឆ្លៀត​ក្នុងឱកាស​នេះ លោក​សូម​ថ្លែងអំណរគុណ​ដល់​លោក វ៉ាង វិ​ន​ធាន និង​ក្រុមការងារ ព្រមទាំង​ស្ថាប័ន​/​ភា្ន​ក់​ងារ​អនុវត្ត​គម្រោង សម្រាប់​ការគាំទ្រ​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុងការ​អនុវត្ត​គម្រោង​ទាំងនេះ​៕ សរន