ដើរ​ជាង​១.០០០​គីឡូម៉ែត្រ​ដោយ​សារគ្មាន​ទូរស័ព្ទ​បង្ហាញថា​គ្មាន​កូវី​ដ​១៩

320
ចែករម្លែក

​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ប្រទេស​ចិន​ភាគ​ខាងកើត​បាន​បង្ខំចិត្ត​ឱ្យ​ដើរ​ចម្ងាយ​ផ្លូវ​ជាង​១.០០០​គីឡូម៉ែត្រ​បន្ទាប់ពី​គាត់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​​ដោយសារតែ​គាត់​មិន​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ដែល​អាច​បង្ហាញ​ថា​គាត់​គ្មាន​ជំងឺ​កូវី​ដ​១៩​។​

​តាម​របាយការណ៍​បាន​និយាយថា បុរស​វ័យ​ចំណាស់ ឈ្មោះ​ហ្គី នេះ​បាន​ចំណាយ​ពេល​ដើរ​អស់​ពេល​កន្លះ​ខែ​បន្ទាប់​ពី​គាត់​មិនមាន​ទូរស័ន្ទ​វៃឆ្លាត​សំ​រាប់ដាក់​ប្រើប្រាស់​កម្មវិធី​app​តាម​ទូរស័ព្ទ ដើម្បី​បញ្ជាក់​​ថា​គាត់​មិនមាន​ជំងឺ​កូវី​ដ​១៩​។​

​ប៉ុន្តែ​នៅ​ទីបំផុត​បុរស​នេះ​ត្រូវបាន​ក្រុមគ្រួសារ​របស់​គាត់​នាំ​រថយន្ត​មក​ដឹក​គាត់ បន្ទាប់​ពី​រឿងរ៉ាវ​របស់​គាត់​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​អ្នកបើករថយន្ត​ដឹក​ទំនិញ​ម្នាក់​ដែល​បាន​​ប្រទះ​ឃើញ​អ្នកដំណើ​រវ័យ​ចំណាស់​នេះ​ដើរ​តាម​ចិញ្ចើម​ផ្លូវ​មួយ​។​

​បុរស​វ័យ​ចំណាស់​ដែល​មកពី​ខេត្ត​អាន​ហ៊ូ​យ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បាន​ធ្វើដំណើរ​ទៅ​ខេត្ត​ហ្សេ​ជាំង ។​បុរស​នេះ​ត្រូវបាន​គេ​និយាយថា​មិន​មាន​កូន​ទេ​ហើយ​សង្ឃឹមថា​នឹង​ស្នាក់នៅ​ជាមួយ​សាច់ញាតិ​​របស់គាត់ ហើយ​រក​ការងារ​ធ្វើ​នៅ​ទីនោះ​។​

​សូម​បញ្ចាក់​ថា ចាប់តាំងពី​មាន​ការផ្ទុះ​វីរុស​នេះ​កាលពី​ចុងឆ្នាំ​មុន​មក ពលរដ្ឋ​ចិន​ត្រូវបាន​តម្រូវ​ឱ្យមាន​លេខ​កូដ​សម្គាល់​សុខភាព​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់​ពួកគេ មុនពេល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​​កន្លែង​សាធារណៈ​ឬ​ប្រើប្រាស់​មធ្យោបាយ​ការដឹកជញ្ជូន​សាធារណៈ​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុរស​វ័យ​ចំណាស់​នេះ ត្រូវ​បង្ខំចិត្ត​ដើរ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ដោយសារតែ​អត់​ទូរស័ព្ទ​បង្ហាញ​ថា​គាត់​គ្មាន​កូវី​ដ​១៩ តែនៅទីបំផុតត្រូវបងប្អូនយកឡានមកទទួល